គិត​ខុស​ខក​ចិត្ត ដាស់តឿន​ខ្លួន​ឯង ៧ចំណុច​នេះ​​ជួយ​អ្នក​ឲ្យ​រឹង​មាំ​វិញបាន

  • 2019-02-13 12:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​គិតខុស ខក​ចិត្ត​ក្នុង​ជីវិត​នេះ​អ្នក​ណា​ក៏​ធ្លាប់​ជួប​ដែរ គ្រាន់​តែ​មនុស្ស​ដែល​រក​ឃើញ​ជោគជ័យ គឺ​គេ​មិន​ចេះ​ចុះ​ញ៉ម​នឹង​បញ្ហា ហើយ​បាន​ប្រើប្រាស់​បទពិសោធន៍​បរាជ័យ​ទាំង​នោះដើម្បី​​ស្វែង​រក​ពន្លឺ​ជោគជ័យ​ពិត​ប្រាកដ​បាន។ ​​មួយ​ជីវិត​មាន ១០ឆ្នាំប៉ុន្មានដង គួរ​កុំ​បណ្តោយ​ឲ្យ​ពេល​វេលា​កន្លង​ទៅ​ដោយ​គ្មានន័យ។ តោះ! មក​មើល​គន្លឹះ​ខ្លះ​ៗ​ដើម្បី​ជួយ​ឲ្យ​អ្នក​រឹង​មាំ​ពេល​ជួយ​បញ្ហា ដូចជា ៖

១. ប្រាប់​ខ្លួន​ឯង​ថា​នេះ​គ្រាន់​តែ​ជា​មេរៀន​ជីវិត​ប៉ុណ្ណោះ៖ ពេល​ខ្លះ​គិត​ខុស​ចាញ់​បោក​គេ​ជ្រុល​ទៅ​ហើយ កុំ​នៅ​ទុក្ខ​សោក​ត្រាំ​ត្រែង​នឹង​រឿង​នឹង​ទៀត វាអត់ប្រយោជន៍ឡើយ។ គួរ​ប្រាប់​ខ្លួន​ឯង​ថា​បាន​បង់​ថ្លៃ​រៀន​មេរៀន​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​ប្រុង​ប្រយ័ត្ន។ ត្រូវ​ឲ្យ​ប្រាកដ​ថា​អ្នក​នឹង​មិន​បង្កើត​កំហុស​ឆ្គង​បែប​នេះ​ជា​លើក​ទី​២ឡើយ។

២. បើ​យើង​រត់ចោល​បញ្ហា មិន​យូរ​ទេ​វា​នឹង​មក​លង​យើង​រាល់​ថ្ងៃ៖ យើង​អាច​នៅ​ឆ្ងាយ​ពី​មនុស្ស​ដែល​បង្ក​បញ្ហា តែ​យើង​​មិន​អាច​ចេះ​តែ​រត់​គេច​​ពី​បញ្ហា​បានរហូតនោះទេ។ បញ្ហា​ខ្លះ​ប្រៀប​បាន​នឹង​បន្ទប់​ងងឹត​ដែល​មើល​ទៅ​គួរ​ឲ្យ​ខ្លាច តែ​តាម​ពិត​វា​គ្រាន់​តែ​មក​ពី​អ្នក​មិន​ទាន់​ចូល​ទៅ​ដល់​ខាង​ក្នុង​​ហើយ​បើក​ភ្លើង​មើល​វា​ឲ្យ​ច្បាស់នឹង​ភ្នែក​​ប៉ុណ្ណោះ។

៣. ត្រូវ​ចាំ​ថា​រឿង​អ្វី​ក៏​មាន​ដំណោះ​ស្រាយ​ដែរ៖ គេ​តែង​និយាយ​ថា «ទេវតា​មិន​បិទផ្លូវ​មនុស្សល្អ​​ទេ» វា​ជា​ការ​ពិត​ឲ្យ​តែ​អ្នក​ប្រឹង​ប្រែង​ដោះស្រាយ​ បញ្ហា​ទាំង​អស់​នោះ​នឹង​ល្អ​ប្រសើរ​ឡើង។ ទោះ​អ្នក​ជួប​ឧបសគ្គ​អ្វី​ក៏​ដោយ ត្រូវ​គិត​ថា​មិន​អស់​ផ្លូវ​ដើរ​នោះ​ទេ ឲ្យ​តែ​យើង​មិន​ចុះចាញ់ ហើយ​ព្យាយាម​ជម្នះ​វា។

៤. កែ​លម្អ និង​ពង្រឹង​អ្វី​ដែល​យើង​នៅ​ខ្វះ​ខាត៖ បើ​ការងារ​នោះ​មិន​ទាន់​ជោគជ័យ ត្រូវ​យក​វា​មក​គិត​ឡើង​វិញ​ថា​ហេតុ​អី​យើង​មិន​ជោគជ័យ? ត្រូវ​រក​ចំណុច​ដែល​អ្នក​នៅ​ខ្វះ​ខាត​ឲ្យ​ឃើញ រួច​ចាប់​ផ្ដើម​ពង្រឹង​ចំណុច​នោះ​ឲ្យ​បាន​ល្អ​សិន ។

៥. ត្រូវ​មាន​ភាព​អំណត់​ចំពោះ​ខ្លួន​ឯង​ ទោះ​មានរឿង​អ្វី​កើត​ឡើង​ក៏​ដោយ កុំ​ចេះ​តែ​បន្ទោស​ខ្លួន​ឯង និង​ដាក់​សម្ពាធ​ខ្លួន​ឯង​ជ្រុល​ដែល​នាំ​ឲ្យ​ស្រ្តេស​រហូត​ដល់​គិត​អ្វី​លែង​ចេញ ឈឺ​ក្បាល​បាក់​ទឹក​ចិត្ត​ជាដើម។ ត្រូវ​ចេះ​ផ្តល់​ពេល​វេលា​ឲ្យ​ខ្លួន​ឯង​បាន​បន្ធូរ​សម្ពាធ និង​សាក​ថ្ម​ផង មុន​ត្រលប់​មក​គិត​រឿង​ឈឺក្បាល​នោះ​ម្តង​ទៀត។

៦. ការលំបាកនឹង​ធ្វើ​ឲ្យអ្នករឹង​ប៉ឹង៖ ត្រូវ​រំលឹកខ្លួនឯង​ថា​រាល់បញ្ហា​ដែលកើតឡើងក្នុង​ជីវិតអ្នក នឹង​ជួយ​ឲ្យអ្នកកាន់តែរឹងមាំប្រសិនបើអ្នកជម្នះវាបាន។ រៀន​ដឹក​នាំ​ជីវិត​ដោយ​ភាព​វិជ្ជមាន​ជានិច្ច​ ត្រូវ​ចាំ​ថា​មនុស្ស​ល្អ ​គង់​ជួប​ល្អ​មិនខាន​។​

៧. ត្រូវ​ចាំ​ថា​មិន​មែន​មាន​តែ​យើង​នោះ​ទេ​ដែល​ឈឺចាប់៖ មាន​មនុស្ស​ច្រើន​ណាស់​ដែល​ជួប​រឿង​ខក​ចិត្ត មិន​មែន​មាន​តែ​អ្នក​ទេ។ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា​ពេល​យើង​ឈឺ អ្នក​មាន​គុណ​ទាំង​ពីរ​របស់​អ្នក​ ឈឺ​ជាង​អ្នក​ទ្វេរ​ដង ដូច្នេះ​បើ​ស្រលាញ់​ពួក​គាត់ ត្រូវ​តែ​ប្រឹង​ក្រោក​ឈរ​ឡើង។

អ្នក​ណា​ក៏​មាន​រឿង​បែប​នេះ​ដែរ តែ​អ្វី​ដែល​សំខាន់​គេ​រឹងមាំ​ក្នុង​ការ​ទទួល​យក​វា​មក​ដោះស្រាយ ហើយ​បន្ត​ក្ដី​សង្ឃឹម​គេ​ទៅ​មុខ​ទៀត៕

អត្ថបទ៖ លីដា