មុនក្លាយជាកំពូលអ្នកប្រដាល់ថៃ Superlek វ៉ៃដំបូងបានលុយតែ៥ដុល្លារ
- 2019-02-14 07:20:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនក្លាយជាកំពូលអ្នកប្រដាល់ថៃ Superlek វ៉ៃដំបូងបានលុយតែ៥ដុល្លារ
ចន្លោះមិនឃើញ
ឈ្មោះ Superlek Kiatmoo9 ក្លឹប៖ Kiatmoo9 Gym, Yokkao Fight Team ថ្ងៃខែឆ្នាំកំណើត៖ ទី៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ កន្លែងកំណើត៖ ខេត្ត Buriram ប្រទេសថៃ កម្ពស់ ១,៧២ម៉ែត្រ និងទម្ងន់៦០គីឡូក្រាម ប្រកួត៖ ៣២៧ដង ឈ្នះ២៣២ដង ស្មើ៣ដង និងចាញ់៩៣ដង
Superlek Kiatmoo9 បានធំពេញវ័យជាមួយយាយតារបស់ខ្លួនដោយសារឪពុកម្តាយបានចាកចេញពីស្រុកកំណើតទៅធ្វើការនៅទីក្រុងបាងកក។ ឪពុករបស់គេធ្វើការជាកម្មករ ខណៈម្តាយជាអ្នកធ្វើការតាមផ្ទះ។
អាយុ៨ឆ្នាំនេះ ជីតារបស់គេបានយកទៅហាត់ប្រដាល់នៅក្លឹប Kiatmoo9 ចម្ងាយប្រមាណ៣០០ម៉ែត្រពីផ្ទះ។ ពេលនោះរូបគេចាប់ចិត្តស្រលាញ់ប្រដាល់ និងទទួលឥទ្ធិពលពីឪពុកមាដែលជាកីឡាករប្រដាល់ជើងខ្លាំងសម័យនោះ។
ហ្វឹកហាត់បានមួយរយៈពេលក៏បានវ៉ៃក្នុងពិធីតាមវត្ត។ Superlek ប្រាប់ ONE ថា ៖«ខ្ញុំពិតជាសប្បាយណាស់ពេលបានវ៉ៃលើកដំបូង។ ពេលនោះមនុស្សច្រើនឈរមើល។ ខ្ញុំចាំបានថា ខ្ញុំបានលុយ១៥០បាត (ប្រហែល៥ដុល្លារ)ពីការប្រកួតដំបូង។ ខ្ញុំទិញអីញុំាខ្លះ ហើយឲ្យតាខ្ញុំខ្លះ»។
ឆ្នាំ២០១១ រូបគេបានឈ្នះខ្សែក្រវាត់លើកដំបូងក្នុងប្រភេទទម្ងន់៤៨គីឡូក្រាមនៅពេលអាយុ១៥ឆ្នាំប៉ុណ្ណោះ។ បន្ទាប់មករូបគេឈ្នះខ្សែក្រវាត់មួយទៀតទម្ងន់៥០គីឡូក្រាម។
ឆ្នាំ២០១២ Superlek បានចាប់ផ្តើមធ្វើឲ្យកក្រើកក្នុងពិភពប្រដាល់ថៃនៅពេលរូបគេឡើងសង្វៀន Lumpinee Stadium ហើយឈ្នះខ្សែក្រវាត់ទម្ងន់៥២គីឡូក្រាមតាមរយៈការផ្តួលជើងខ្លាំង Sor Bounliyam។ ក្រោយមករូបគេបានប្រកួតការពារខ្សែក្រវាត់ជោគជ័យជាមួយនឹងជើងខ្លាំងSangmanee Sor Tienpo។ ពេលនោះហើយជាឆ្នាំជោគជ័យបំផុតរបស់ខ្លួនដែលត្រូវបានអាជ្ញាធរកីឡាគុនថៃផ្តល់ពានរង្វាន់ជាកីឡាករឆ្នើមប្រចាំឆ្នាំ២០១២។
ឆ្នាំ២០១៣ Superlek បន្តអាជីពដោយបង្កើនទម្ងន់មួយកម្រិតទៀត ហើយក៏ឈ្នះខ្សែក្រវាត់ទម្ងន់៥៤គីឡូក្រាមនៅ Lumpinee Stadiumជាលើកទី២។ ដាច់ឆ្នាំនោះ រូបគេបានបន្ថែមខ្សែក្រវាត់ជាតិថៃមួយទៀតក្នុងទម្ងន់៥៧គីឡូក្រាមតាមរយៈជ័យជម្នះលើមិត្តរួមជាតិ Thanonchai Tor Sangtiennoi ដែលធ្វើឲ្យរូបគេឈរលំដាប់លេខ១នៅប្រទេសថៃ។
ចន្លោះឆ្នាំ២០១៤ និង២០១៥ ជើងខ្លាំងវ័យក្មេងមាឌល្អិតរូបនេះមិនទទួលបានខ្សែក្រវាត់ណាមួយឡើយ។ យ៉ាងណា រូបគេនៅតែរក្សាតំណែងលេខ១នៅស្រុកថៃដដែលដោយសារប្រកួតជាមួយជើងខ្លាំងរហូត។ ឆ្នាំ២០១៦ទើបរូបគេបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយទៀតដោយឈ្នះខ្សែក្រវាត់ពិភពលោក WBC World Champion ទម្ងន់៦០គីឡូក្រាម។
ក្បាច់ពិសេសរបស់ Superlek ដែលដៃគូពិបាកទប់បំផុតគឺជើងស្តាទាត់ពោរពេញដោយទម្ងន់ និងចេញច្រើនបំផុត។ ក្រៅពីការទាត់ដែលជាអាវុធដ៏គ្រោះថ្នាក់ រូបគេក៏អាចចេញកែងបុកបានលឿនផងដែរ ហើយនឹងស្នៀតកាចផ្តួល។ ចំណែកកណ្ដាប់ដៃ និងបង្គងកម្រចេញណាស់៕