ឥណ្ឌូណេស៊ី​នឹង​មាន​រថភ្លើង​ក្រោម​ដី​ដំបូង​បំផុត​ក្នុង​ប្រទេស ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន

  • 2019-02-18 02:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​ធ្លាប់​ទៅ​ទីក្រុង​ហ្សាកាតា​នឹង​ដឹង​ថា​ការ​កកស្ទះ​ចរាចរណ៍​នៅ​ទីនោះ​មាន​ស្ថានភាព​រន្ធត់​យ៉ាងណា គ្រាន់​តែ​ធ្វើ​ដំណើរ​ពី​ប្រលានយន្តហោះ​ទៅ​កណ្តាល​ក្រុង​អាច​នឹង​ត្រូវ​ចំណាយ​ពេល​រាប់​ម៉ោង​បើ​ស្ទះ​ខ្លាំង។

ប៉ុន្តែ​ចាប់​ពី​ខែ​ក្រោយ​ទៅ​រថភ្លើង​ក្រោម​ដី (Mass Rapid Transit ឬ​ហៅ​កាត់ MRT) ចំនួន​១៤​នឹង​ដាក់​ដំណើរ​ការ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ បើក​ចាប់​ពី​ម៉ោង​៥​ព្រឹក​ដល់​កណ្តាល​អាធ្រាត្រ លាត​លើ​ផ្លូវ​ដែក​ប្រវែង ១៥,៧ គីឡូម៉ែត្រ ពី​​ Lebak Bulus នៅ​ជាយ​ក្រុង​ភាគ​ខាង​ត្បូង​ដល់​កណ្តាល​ក្រុង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Channel News Asia។

Lebak Bulus គឺ​ជា​សង្កាត់​ដែល​មាន​​មនុស្ស​រស់​នៅ​កុះករ។ គេ​ត្រូវ​ធ្វើ​ដំណើរ​ប្រហែល​៩០​នាទី​ដើម្បី​ចូល​ដល់​កណ្តាល​ក្រុង ប៉ុន្តែ​ជាមួយ​ MTR គេ​ការ​ធ្វើ​ដំណើរ​នឹង​ត្រូវ​ចំណាយ​ប្រមាណ​៣០​នាទី​ប៉ុណ្ណោះ។

​ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន Nippon Sharyo រថភ្លើង​នីមួយៗ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន ១ ៩៥០ នាក់។ ល្បឿន​ខុស​គ្នា ពោល​គឺ ពេល​រថភ្លើង​រត់​លើ​ដី ប្រើ​ល្បឿន ៨០​ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង និង ពេល​រត់​ក្រោម​ដី ប្រើ​ល្បឿន ១០០​ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។

រថភ្លើង​ក្រោម​ដី​នេះ​រំពឹង​ថា​នឹង​ដឹក​ជញ្ជូន​អ្នក​ដំណើរ ១៣០ ០០០ នាក់​ក្នុង​មួយ​ថ្ងៃ។ តម្លៃ​ជិះ​​គឺ ៨ ៥០០ រូពី (០,៦ ដុល្លារ) ក្នុង​រយៈ​ចម្ងាយ​១០​គីឡូម៉ែត្រ។ ដូច្នេះ​បើ​អ្នក​នៅ​ជាយ​ក្រុង អាច​ចំណាយ​ប្រមាណ​ជាង​១​ដុល្លារ​ក្នុង​១​ថ្ងៃ។

ជា​លំនៅឋាន​នៃ​ប្រជាជន​ជាង​៣០​លាន​នាក់ ទីក្រុង​ហ្សាកាតា​ជួប​បញ្ហា​កកស្ទះ​ដ៏​អាក្រក់​បំផុត។ ជា​រៀងរាល់​ថ្ងៃ​កំណត់ត្រា​ធ្វើ​ដំណើរ​របស់​ប្រជាជន​ជាង ៤៨ លាន​ដង ក្នុង​នោះ​ជាង ២២ លាន​ជើង​នៃ​ការ​ធ្វើ​ដំណើរ​ បាន​ប្រមូល​ផ្តុំ​នៅ​កណ្តាល​ក្រុង​ហ្សាកាតា។ ប្រភព​ខាង​លើ​បន្ត៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សុខ លាងហ៊ត