យល់​ដឹង​បន្ត​ ពី​ផ្នែក​សំខាន់​ៗ​នៃ​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​របស់​រថយន្ត

  • 2019-02-18 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អត្ថបទ​មុន Sabay បាន​នាំ​យក​អត្ថបទ​ចំណេះ​ដឹង​ទាក់​ទង​ទៅ​នឹង ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​របស់​រថយន្ត​ម្ដង​ហើយ តែ​មិន​ទាន់​បាន​បញ្ចប់​ទាំង​ស្រុង។ ក្នុង​ថ្ងៃ​នេះ មិត្ត​អ្នក​អាន​អាច​តាម​ដាន ពី​ផ្នែក​ដែល​នៅ​សេសសល់​ក្នុង​ប្រព័ន្ធ​ដ៏​សំខាន់​ក្នុង​រថយន្ត​មួយ​នេះ ទាំង​មូល​បាន៖

- ធុង​ទឹក (Radiator)

ធុង​ទឹក​គឺ​ជា​ផ្នែក​មេ សំខាន់​បំផុត​ក្នុង​ការ​បញ្ចុះ​កម្ដៅ​ម៉ាស៊ីន​រថយន្ត ដែល​វា​ជា​កន្លែង​សម្រាប់​ឲ្យ​សារ​ធាតុ​បញ្ចុះ​កម្ដៅ​ហូរ​ឆ្លង​កាត់ និង​បឺត​យក​កម្ដៅ​ពី​ម៉ាស៊ីន​រថយន្ត ហើយ​វា​ក៏​ទទួល​ខ្យល់​ត្រជាក់​មក​ពី​ខាង​ក្រៅ ដើម្បី​ជួយ​រក្សា​សីតុណ្ហភាព​កុំ​ឲ្យ​ក្ដៅ​ខ្លាំង​លើស​កម្រិត​ផង​ដែរ។ បើ​សិន​ជា រថយន្ត​ប្រើប្រាស់​ក្នុង​អាកាសធាតុ​ត្រជាក់ ធុង​ទឹក​ក៏​អាច​បញ្ជូន​កម្ដៅ​ពី​ម៉ាស៊ីន​ចូល​មក​ផ្នែក​ខាង​ក្នុង​រថយន្ត​ដើម្បី​ឲ្យ​កម្ដៅ​ផ្នែក​ខាង​ក្នុង​បាន​អ៊ុន​ៗ​ល្អ។

ស្នប់​ទឹក ចាប់​ផ្ដើម​បូម​សារធាតុ​បញ្ចុះ​កម្ដៅ​ឲ្យ​ហូរ​ជុំវិញ​ធុងទឹក ហើយ​ទែម៉ូស្តារ​ និង​បញ្ជា​ឲ្យ​កង្ហារ​បឺត​ខ្យល់​ត្រជាក់​វិល នៅ​ពេល​ដែល​សីតុណ្ហភាព​ចាប់​ផ្ដើម​ឡើង​ក្ដៅ​ខ្លាំង។ ការ​ពិត​មួយ ទោះ​បី​ជា​ធុង​ទឹក​រថយន្ត​ភាគ​ច្រើន​ធ្វើ​ពី អាលុយមីញ៉ូម លាយ​ប្លាស្ទិក​ក៏​ដោយ​ចុះ វា​នៅ​តែ​អាច​ច្រែះ​ដដែល ដោយ​សារ​តែ​អាលុយមីញ៉ូម​ជា​លោហៈ ហើយ​សារ​ធាតុ​បង្ការ​កំណក (Antifreeze) ដែល​លាយ​ជាមួយ​ទឹក​បង្កើត​បាន​ជា​សារធាតុ​បញ្ចុះ​កម្ដៅ​នោះ អាច​បង្ក​ជា​ច្រែះ​នៅ​ផ្នែក​ខាង​ក្នុង​ធុង​ទឹក​បាន​យ៉ាង​ងាយ ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​លេច​ធ្លាយ​ចេញ​ពី​ធុង​ទឹក​បាន។ បើ​ផ្នែក​ដែល​ប្រើ​ប្លាស្ទិក​នោះ ទោះ​បី​វា​មិន​មាន​ច្រែះ​ចាប់​មែន ប៉ុន្តែ​វា​អាច​បែក ប្រេះ តាម​ស្ថានភាព​ជាក់​ស្ដែង។ ដូច​នេះ​ហើយ បាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ខ្លះ ណែ​នាំ​ឲ្យ​អ្នក​ប្រើប្រាស់​ប្ដូរ​លាង​ធុង​ទឹក​ចេញ និង​ប្ដូរ​សារធាតុ​បញ្ចុះ​កម្ដៅ​ចោល រៀង​រាល់ ១៦០ ០០០ គ.ម៉ ម្ដង ឬ​ក៏​លើស​ហ្នឹង។ ប៉ុន្តែ​ក៏​មាន​ក្រុមហ៊ុន​ខ្លះ​ទៀត បាន​ប្រាប់​ឲ្យ​ត្រឹម​តែ​មើល​កម្រិត​សារធាតុ​បញ្ចុះ​កម្ដៅ​កុំ​ឲ្យ​ចុះ​ទាប​ពេក ដោយ​មិន​ចាំ​បាច់​ប្ដូរ​សារ​ធាតុ​បញ្ចុះ​កម្ដៅ​តែ​ម្ដង​នោះ​ឡើយ។ បញ្ហា​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​ធុង​ទឹក​រីង​ទឹក​អស់ ក៏​អាច​ដោយ​សារ​តែ​ទុយោ​ភ្ជាប់​មក​កាន់​ធុង​ទឹក​មាន​ប្រហោង​លេច​ធ្លាយ ដែល​វា​ជា​បញ្ហា​ប្រឈម​ធំ​ផង​ដែរ​ក្នុង​ការ​រក្សា​កម្ដៅ​ម៉ាស៊ីន​កុំ​ឲ្យ​ក្ដៅ​ខ្លាំង​ហួស​កំណត់។

បើ​តាម​មតិ​អ្នក​ជំនាញ យល់​ល្អ​អ្នក​ប្រើប្រាស់​រថយន្ត​គ្រប់​រូប គួរ​តេស្ត​មើល​ពី​សារធាតុ​បញ្ចុះ​កម្ដៅ​រថយន្ត​ថា​តើ​វា​អាច​ធ្វើ​ឲ្យ​ឡើង​ច្រែះ​លឿន​ប៉ុណ្ណា ហើយ​អ្នក​គួរ​ឲ្យ​អ្នក​ជំនាញ​ឆែក​មើល​ប្រព័ន្ធ​ធុង​ទឹក​នេះ រាល់ ៥ ឆ្នាំ​ម្ដង ឬ​ក៏​រាល់ ៨០ ០០០ គ.ម៉​ ម្ដង។

- ទុយយោ​ធុង​ទឹក (Radiator Hose)

ទុយយោ​ធុង​ទឹក ជា​ទុយយោ​កៅស៊ូ ដែល​មាន​មុខ​កាត់​ធំ មាន​មុខ​ងារ​សម្រាប់​បញ្ជូន​សារធាតុ​បញ្ចុះ​កម្ដៅ​ចេញ​ចូល​រវាង ម៉ាស៊ីន និង​ធុង​ទឹក ដោយ​ឆ្លង​កាត​ស្នប់​បូម​ទឹក។ ទុយយោ​ធុង​ទឹក គួរ​តែ​ឧស្សាហ៍​ត្រួត​ពិនិត្យ ជៀសវាង​ការ​លេច​ធ្លាយ​ជា​យថាហេតុ ដែល​វា​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់​ប្ដូរ មិន​ចំណាយ​ប្រាក់​ច្រើន។

- ស្នូល​កម្ដៅ (Heater Core)

ស្នូល​កម្ដៅ ជា​ធុង​ទឹក​តូច​មួយ មាន​មុខងារ​សម្រាប់​ផ្ដល់​កម្ដៅ​ដល់​ផ្នែក​ខាង​ក្នុង​រថយន្ត ដែល​វា​ទាញ​យក​កម្ដៅ​នោះ​ ពី​សារធាតុ​បញ្ចុះ​កម្ដៅ​ពេល​វា​ឆ្លង​កាត់​ម៉ាស៊ីន​រថយន្ត​ហើយ។ ទុយយោ​នៅ​ក្នុង​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​រថយន្ត នឹង​ហូរ​នាំ​សារធាតុ​បញ្ចុះ​កម្ដៅ​ម៉ាស៊ីន ឆ្លង​កាត់​ស្នូល​កម្ដៅ ដូច​ដែល​វា​ហូរ​ឆ្លង​កាត់​ម៉ាស៊ីន និង​ធុង​ទឹក​ធំ​អ៊ីចឹង​ដែរ។

បើ​សិន​ជា ស្នូល​កម្ដៅ​ខូច​អ្នក​អាច​សម្គាល់​បាន​តាម​រយៈ​ ការ​លេច​ធ្លាយ​សារធាតុរាវ​នៅ​កន្លែង​ដាក់​ជើង មាន​ចំហាយ​ទឹក​ចេញ​មក​តាម​ម៉ាស៊ីន​ត្រជាក់ និង​មាន​ធំ​ក្លិន​សារធាតុ​បញ្ចុះ​កម្ដៅ​នៅ​ក្នុង​រថយន្ត។ ការ​ជួស​ជុល​គឺ​អាស្រ័យ​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង ថា​តើ​ជាង​អាច​ដោះ ស្នូល​កម្ដៅ​តាម​កន្លែង​អង្គុយ​ខាង​ក្នុង​ ឬ​ក៏​រើ​ម៉ាស៊ីន​ខាង​មុខ​ ដើម្បី​យក​វា​ចេញ​មក​ក្រៅ។

- ទុយយោ​កម្ដៅ (Heater Hose)

ទុយយោ​កម្ដៅ​គឺ​ជា​ទុយយោ​កៅស៊ូ ដែល​បង្ហូរ​សារធាតុ​បញ្ចុះ​កម្ដៅ​ចេញ និង​ចូល​ពី​ស្នូល​កម្ដៅ ដែល​ជា​ធុង​ទឹក​តូច​មួយ មាន​មុខងារ​ផ្ដល់​កម្ដៅ​ដល់​ផ្នែក​ខាង​ក្នុង​រថយន្ត។ ទុយយោ​នេះ​ភាគ​ច្រើន​ត​ភ្ជាប់​ពី ម៉ាស៊ីន​រហូត​ដល់​ចុង​ជញ្ជាំង​ខណ្ឌ​ម៉ាស៊ីន ទល់ផ្នែក​ខាង​ក្នុង​រថយន្ត។ ទុយយោ​កម្ដៅ​នេះ មាន​តម្លៃ​មិន​សូវ​ជា​ថ្លៃ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​សិន​ជា​អ្នកទិញ​មក​ប្ដូរ​ ត្រូវ​រក្សា​ទុក​នៅ​កន្លែង​មាន​ស្ថានភាព​ល្អ មិន​សើម មិន​ក្ដៅ​ឬ​ត្រជាក់​ពេក មិន​ត្រូវ​ពន្លឺ​ថ្ងៃ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ប្រហោង​លេច​ធ្លាយ​ជា​យថាហេតុ។

ចុចអាន៖

ប្រភព៖ www.cars.com   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម