គម្រោង CEP-D បើក​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​ខ្ពស់​ក្រោយ​ភាព​ជោគជ័យ​ឆ្នាំ​ទី​១

  • 2019-02-18 08:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ឱសថ​សាណូហ្វី​កម្ពុជា​រៀបចំ​វគ្គ​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​ដល់​អ្នក​ផ្ដល់​សេវា​ថែ​ទាំ​សុខភាព ស្ដីពី​ការ​គ្រប់​គ្រង​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ខ្ពស់ ឬ​កម្រិត​ស៊ី​ជម្រៅ ផ្នែកទី១ (Advance PartI) ក្រោម​កម្មវិធី​អប់រំ​ជំងឺ​ទឹកនោម​ផ្អែម​កម្ពុជា ហៅ​កាត់​ថា CEP-D ទៅកាន់​អ្នក​ជំនាញ​ថែទាំ​សុខភាព​ប្រមាណ​២០០នាក់ នៅ​សណ្ឋាគារ​ភ្នំពេញ កាល​ពី​ថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៩​ កន្លង​ទៅ។ នេះ​គឺជា​ដំណើរ​ការ​ឆ្ពោះ​ទៅ​មុខ​គួរ​ឲ្យ​កត់​សម្គាល់ បន្ទាប់ពី​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​របស់​ខ្លួន​ក្នុង​ឆ្នាំ​ទី១​ ទៅលើ​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​មូលដ្ឋាន​។

លោក​វេជ្ជបណ្ឌិត លឹម ហ៊ុយ ប្រធាន​ផ្នែក​កិច្ចការ​វេជ្ជសាស្ត្រ និង​ជា​តំណាង​ក្រុមហ៊ុន​សាណូហ្វី​​កម្ពុជា​បាន​មានប្រសាសន៍​ថា “យើង​ពិត​ជា​រីករាយ​យ៉ាង​ក្រៃ​លែង ដែល​កម្មវិធី​របស់​យើង​បាន​ដំណើរ​ការ​ទៅ​យ៉ាង​រលូន និង​បាន​ទាញ​ចំណាប់​អារម្មណ៍ ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​សហគមន៍​វេជ្ជសាស្ត្រ និង​និស្សិត​ផងដែរ។ ជាមួយ​គ្នា​នេះ យើង​ក៏​បាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​​​​ចំណេះ​ដឹង​ ព្រម​ទាំង​ព័ត៌មាន​វិទ្យាសាស្ត្រ ​វេជ្ជសាស្ត្រ ​ចុង​ក្រោយ​បំផុត​ទៅ​កាន់​ពួកគាត់​ថែម​ទៀត​ផង។”

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ក្នុង​ឆ្នាំ​ទី​១ កម្មវិធី​អប់រំ​ដែល​ធ្វើ​នៅ​ទូទាំង​ប្រទេស​នេះ បាន​រៀប​ចំ​​បណ្ដុះបណ្ដាល​ការ​គ្រប់គ្រង​ព្យាបាល​ជំងឺ​ទឹកនោមផ្អែមកម្រិតមូលដ្ឋានចំនួន៨ ប្រធាន​បទ​សំខាន់ៗ ដោយ​ក្នុង​នោះ​ដែរ​ផ្ដោត​សំខាន់​លើ​ផល​ប៉ះពាល់ ​នៃ​ជំងឺ​នេះ ទៅ​កាន់​អ្នក​ផ្ដល់​សេវា​ថែ​ទាំ​សុខភាព​ចំនួន​ប្រហែល ៥០០​នាក់ ដែល​មក​ពី​មន្ទីរ​ពេទ្យ និង​គ្លីនិក​រដ្ឋ និង​ឯកជន តាម​បណ្ដា​ខេត្ត​ក្រុង​នានា ដោយ​រួមមាន​និស្សិត​ជាង​១៨០​នាក់​ផងដែរ មកពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។

កម្មវិធី​នេះ​ក៏​រួម​បញ្ចូល​ទាំង​យុទ្ធនាការ​ស្ដីពី ទិវា​ជំងឺ​ទឹក​នោម​ផ្អែម​ពិភពលោក ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​ ជាមួយ​ដៃគូ​សហការ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ការ​គ្រប់គ្រង​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម និង​ផល​ប៉ះពាល់​​សុខភាព​សាធារណៈ​យ៉ាង​ធ្ងន់ធ្ងរ ​ដែល​បណ្ដាល​មក​ពី​ជំងឺ​នេះ។ លោក​​ក៏​បាន​សង្កត់​ធ្ងន់​ផងដែរ​ថា ភាព​ជោគជ័យ​នេះ​ពិត​ជា​មិន​អាច​កើត​ឡើង​បាន​ឡើយ ប្រសិន​បើ​មិន​មាន​ការ​ចូលរួម​ចំណែក និង​គាំទ្រ​យ៉ាង​ពេញ​លេញ​ពី​ដៃគូ​ពាក់ព័ន្ធ​នានា។

លោក​សាស្ត្រាចារ្យ​មហា​បរិញ្ញា​វេជ្ជបណ្ឌិត កុយ វ៉ាន់​នី ប្រធាន​សមាគម​​គ្រូពេទ្យ​ទឹកនោម​ផ្អែម និង​ក្រពេញ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ក្រុម​គ្រូពេទ្យ​ដែល​ពិនិត្យ​ព្យាបាល​ច្រើន​ទៅ​លើ​ជំងឺ​ទឹកនោម​ផ្អែម​ចំនួន​២០០​នាក់​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​ខ្ពស់ ឬ​ហៅថា​កម្រិត​ស៊ី​ជម្រៅ (Advance Level) នេះ​ ដោយ​វគ្គ​នេះ​នឹង​សង្កត់​ធ្ងន់​ទៅ​លើ​ការ​គ្រប់គ្រង​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​សុទ្ធសាធ ​ផ្ដោត​លើ​វិធី​សាស្ត្រ​ផ្សេងៗ​នៃ​ការ​ព្យាបាល​រាប់​ចាប់​តាំង​ពី​អ្នក​ជំងឺ​កម្រិត​មធ្យម​ទៅ​ដល់​អ្នក​ជំងឺ​កម្រិត​ធ្ងន់ធ្ងរ។ ឧទាហរណ៍​ ថា​តើ​នៅ​ពេល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​លាង​ឈាម ខូច​បេះដូង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច ​តើ​ថ្នាំ​ប្រភេទ​ណា​ល្អ​ជាង​គេ​សម្រាប់​ស្ថានភាព​ជំងឺ​ណាមួយ​នោះ។

លោក​សាស្ត្រាចារ្យ​រំពឹង​ថា ក្រុម​គ្រូពេទ្យ​ដែល​ចូលរួម​នឹង​យល់​ដឹង​កាន់តែ​ច្បាស់​ថា​តើ​វិទ្យាសាស្រ្ត​ទំនើប​បច្ចុប្បន្ន​នេះ​ឈាន​ដល់​កម្រិត​ណា​ហើយ​ ហើយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​អាច​រស់​នៅ​បាន​ដូច​ធម្មតា​។

​គួរ​រំលឹក​ផង​ដែរ​ថា អត្រា​នៃ​ជំងឺ​ទឹកនោមផ្អែម​នៅ​ប្រទេស​កម្ពុជា ជាទូទៅ​នៅ​ទាប​ជាង​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​នៅឡើយ​។ ប៉ុន្តែ​កម្ពុជា មាន​ប្រេ​វ៉ាឡង់​នៃ​អ្នកជំងឺ​ទឹកនោមផ្អែម ស្ថិត​ក្នុង​វ័យ​ចន្លោះ​ពី ២០ ទៅ ៣០​ឆ្នាំ ខ្ពស់​ជាង​បណ្ដា​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច និង​ខ្ពស់​ជាង​បណ្ដា​ប្រទេស​ផ្សេងៗ ទៀត​នៅ​លើ​ពិភពលោក​។ នេះ​បើ​តាម​របាយការណ៍ សហព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ​ប៉ាស៊ីហ្វិក​ខាងលិច​។​ សហព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ​បាន​បង្ហាញ​ថា ២សែន ៣ម៉ឺន ៨០០ ករណី នៃ​ជំងឺ​ទឹកនោមផ្អែម ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០១៥​។ តួ​លេខ​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ប្រហែល ៤០% ត្រឹម​ឆ្នាំ ​២០៤០។

គម្រោង CEP-D រយៈពេល​បី​ឆ្នាំ ដែល​បាន​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ឆ្នាំ​មុន​នេះ បាន​ទទួល​ថវិកា​ជិត កន្លះ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​សហ​ហិរញ្ញប្បទាន​រវាង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា និង KFW DEG ដោយមាន​ការ​សហការ​ប្រតិបត្តិ​ជាមួយ សមាគម​គ្រូពេទ្យ​ទឹកនោមផ្អែម និង​ក្រពេញ​​កម្ពុជា​។ ថវិកា​ទាំងនោះ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល សម្រាប់​ក្រុម​វេជ្ជបណ្ឌិត ប្រមាណ​១១៨០​នាក់ ក៏ដូចជា​និស្សិត​ចំនួន​៥០០​នាក់ មកពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​សុខាភិបាល​។ គម្រោង​នេះ​ក៏​នឹង​លើកកម្ពស់​ការ​យល់​ដឹង​ឲ្យ​កាន់​ច្រើន​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម និង​ក្នុង​ចំណោម​​ប្រជាជន​កម្ពុជា​ទូទៅ​ផងដែរ៕  

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម