J-Hope បរិច្ចាគទឹកប្រាក់ច្រើន​សន្ធឹកសន្ធាប់ដល់​មូលនិធិកុមារ​ ចំថ្ងៃខួបកំណើត​របស់​ខ្លួន

  • 2019-02-20 02:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរ​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន​ J-Hope ចង់​ធ្វើ​អ្វី​ដែល​មាន​ន័យ​បំផុត​ ដោយ​ក្នុង​នោះ​ លោក​បាន​បរិច្ចាគ​ទឹក​ប្រាក់​ផ្ទាល់​មួយ​ចំនួន​ទៅ​កាន់​អង្គការ​សប្បុរសធម៌​នៅ​ក្នុង​ប្រទេស​កូរ៉េ។

តាម​សេចក្ដី​រាយការណ៍​បាន​បញ្ជាក់​ថា​ ក្នុង​ថ្ងៃ​ខួប​កំណើត​ថ្ងៃទី ១៨ ខែកុម្ភៈ​ គម្រប់​ ២៥ឆ្នាំ​ J-Hope តារា​ប្រុស​ជំនាញ​រ៉េប​ និង​រាំ​ប្រចាំ​ក្រុម​ BTS បាន​ចំណាយ​ប្រាក់ ១០០លានវ៉ុន (ប្រហែល​ ៨៨ ៦១៥ដុល្លារ) ដើម្បី​បរិច្ចាគ​ជូន​ដល់​មូលនិធិ​កុមារ​ "Green Umbrella” ស្ថិត​ក្នុង​ក្រុង​ Gwangju ក្នុង​បំណង​ជួយ​កុមារ​ដែល​​គ្រួសារ​មាន​ជីវភាព​ក្រី​ក្រ។

ទោះ​បី​សព្វថ្ងៃ​ តារា​ប្រុស​រូបនេះ​មមាញឹក​ពេញ​ទំហឹង​ក្នុង​ពិភព​សិល្បៈ​ ប៉ុន្តែ​តាម​ចរិត​ពី​កំណើត​ លោក​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មនុស្ស​ម្នាក់​ដែល​មាន​ទឹក​ចិត្ត​ល្អ​ និង​តែង​បរិច្ចាគ​ទឹក​ប្រាក់​ជាហូរហែ ជួយ​ដល់​អ្នក​ដែល​កំពុង​ជួបទុក្ខ។

តួ​យ៉ាង​រម្លឹក​ទៅ​កាល​ពី​ថ្ងៃ​ទី​ ៣០ ខែធ្នូ​ ឆ្នាំ ២០១៨ J-Hope ក៏​បាន​បរិច្ចាគ​ប្រាក់​ ១៥០លានវ៉ុន (ប្រហែល ១៣២ ៩០០ដុល្លារ) ទៅ​កាន់​មូលនិធិ​កុមារ​ខាង​លើ​ដូចគ្នា។ អ្នក​តំណាង​មក​ពី​ខាង​មូលនិធិ​ដដែល លួច​បង្ហើប​ថា៖ "កាល​នោះ​ J-Hope ប្រាប់​យើង​ថា​មិន​ឲ្យ​បង្ហាញ​ទៅ​កាន់​បណ្ដាញ​ផ្សព្វផ្សាយ​ទេ ថា​លោក​ឧបត្ថម្ភ​ប្រាក់​ជួយ​មូលនិធិ។ យ៉ាង​ណា​មិញ​យើង​នឹងប្រើ​ទឹកប្រាក់​ ដែល​ជា​ជំនួយ​នេះ​ដើម្បី​បំពេញ​ក្ដី​ស្រមៃ​របស់​កុមារៗ​មកពី​គ្រួសារ​ក្រី​ក្រ​ដែល​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ”៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី