វ័យ​ក្មេង​ទេ តែ​អតីត​និស្សិត​​ធនាគារម្នាក់ កំពុង​ឡើង​កូដ ដោយ​សារ Cover បទ​អធិរាជ​សំឡេង​មាស

  • 2019-02-21 03:12:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​និស្សិត​ច្បាប់​ម្នាក់​គឺ លោក អៀង វុត្ថា បាន និង​កំពុង​ល្បី​ឈ្មោះ ពិសេស​ចាប់​ពី​ចុង​ឆ្នាំ ២០១៨ ឈាន​មក​ដល់ ដើម​ឆ្នាំ ២០១៩​នេះ ក្រោយ​ពី​លោក​បាន​ច្រៀង​ឡើង​វិញ (Cover) បទ​ចម្រៀង​របស់​អធិរាជ​សំឡេង​មាស​បន្ត​បន្ទាប់។

បទ​ចម្រៀង​ដែល​យុវជន​មក​ពី​ខេត្ត​កំពង់ចាម យក​មក​ច្រៀង​ឡើង​វិញ​មាន​ដូច​ជា​បទ “តូច​តន់​មាស​បង” ច្រៀង​ឆ្លង​ឆ្លើយ​ជាមួយ​កញ្ញា តន់ ច័ន្ទ​សីហា បទ"ក្លិន​ផ្កា​ម្លិះ" និង “ស្រអែម​ដង​ស្ទឹង​សង្កែ" ច្រៀង​ម្នាក់​ឯង។ "ពីរ​បទ​ហ្នឹង គឺ​បទ ក្លិន​ផ្កា​ម្លិះ និង​ស្រអែម​ដង​ស្ទឹង​សង្កែ គឺ​ទទួល​បាន​គាំទ្រ​ខ្លាំង​ជាង​គេ​បង ដោយ Channel ខ្លះ​មាន​អ្នក​មើល​ដល់​ទៅ​ជាង ១០លាន​ដង​ឯណោះ!”។ វុត្ថា ថ្លែង។

រំលឹក​ទៅ​កាន់​អតីតកាល វុត្ថា ប្រាប់​ថា រូប​គេ​មាន​ចិត្ត​ស្រឡាញ់​សិល្បៈ​តាំង​ពី​ដឹង​ក្ដី​មក។ រហូត​ដល់​ពេញ​រូប​ពេញ​រាង នៅ​តែ​ស្រឡាញ់ គួប​ផ្សំ​នឹង​ទឹក​សំឡេង​ល្អ ហើយ​មិត្ត​ភ័ក្ដិ បង​ប្អូន​ជំរុញ​ផង លោក​ក៏​សម្រេច​ចិត្ត​ហក់​ចូល​ប្រឡូក​សិល្បៈ​តែ​ម្ដង។ លោក​បាន​ព្យួរ​ការ​សិក្សា​នៅ​សាលា​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​នយោបាយ ដោយ​បាន​សិក្សា​បាន​ត្រឹម​ឆ្នាំ​ទី​២​ជំនាញ​ធនាគារ ហើយ​ប្រឡូក​សិល្បៈ​ពេញ​ទំហឹង​តែ​ម្ដង។

អៀង វុត្ថា ប្រាប់​ថា លោក​បាន​ចេញ​ច្រៀង​តាម​អកកេះ និង​បាន​ចូល​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​តូច​ធំ​ជា​ច្រើន​ដើម្បី​តាម​សម្រេច​មហិច្ឆតា​ក្លាយ​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់។ យ៉ាង​ណា លោក​ទទួល​បាន លទ្ធផល​ល្អ​ផង មិន​ល្អ​ផង​នា​ពេល​កន្លង​មក មុន​ពេល​មក​លេច​មុខ​ក្នុង​កម្មវិធី​លំដាប់​ពិភព​លោក។

“ចុង​ក្រោយ​គេ ខ្ញុំ​បាន​ដាក់​ពាក្យ​ចូល​ប្រឡង​កម្មវិធី Cambodian idol 3 តាំង​ពី​ហ្នុង​មក ក៏​ចាប់​ផ្ដើម​ក៏​មាន​គេ​ស្គាល់​កាន់​តែ​ច្រើន ហើយ​មាន​ផលិតកម្ម​មួយ​ចំនួន​បាន​ហៅ​ខ្ញុំ​ទៅ​ថត​តេស្ដ​សំឡេង​សាក ក៏​មាន​ការ​គាំទ្រ​ច្រើន​តែ​ម្ដង និយាយ​ទៅ ១​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​ហាក់​មាន​ទីផ្សារ​ខ្លាំង​តែ​ម្ដង​បង"។

មក​ដល់​បច្ចុប្បន្ន អៀង វុត្ថា បាន និង​កំពុង​ច្រៀង​នៅ​ភោជនីយដ្ឋាន "អស់​កង្វល់​៣" ដោយ​ទទួល​បាន​តម្លៃ​ពលកម្ម​សមរម្យ ខុស​ពី​ពេល​លោក​ចាប់​ផ្ដើម​ដំបូង​ៗ ទទួល​បាន​តម្លៃ​ពលកម្ម​១០​ដុល្លារ​សម្រាប់​ការ​ចេញ​ច្រៀង​តាម​អក​កេះ និង​ត្រឹម​៤ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​យប់ សម្រាប់​ការ​ច្រៀង​ប្រចាំ​នៅ​ភោជនីយដ្ឋាន​មួយ​កាល​ពី​អតីត។

យុវជន​វ័យ ២៥ឆ្នាំ បញ្ជាក់​ថា លោក​មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់ ចំពោះ​ផ្លែ​ផ្កា​សិល្បៈ​ដែល​លោក​សម្រេច​បាន។ លោក ថា នឹង​ព្យាយាម​ដុះ​ខាត់​សមត្ថភាព​ច្រៀង​របស់​លោក​ឲ្យ​កាន់​តែ​ល្អ​ថែម​ទៀត​នា​ពេល​ខាង​មុខ។ ក្រៅ​ពី​ច្រៀង​ប្រចាំ​នៅ​ភោជនីយដ្ឋាន​ខាង​លើ វុត្ថា ជា​រឿយៗ​ក៏​មាន​មុខ​ក្នុង​កម្មវិធី​តន្ត្រី​របស់​ស្ថានីយ​ទូរទស្សន៍​នានា​ដែរ ដោយ​ថ្មី​ៗ​នេះ លោក​ទើប​ឡើង​ឆាក​របស់​ទូរទស្សន៍​ហង្សមាស។

ក្រៅ​ពី​នេះ លោក​ក៏​បាន​ចូល​រួម​ក្នុង​ការ​ប្រគំ​តន្ត្រី​នៅ​ខាង​ក្រៅ​ជា​ច្រើន​ទៀត ក្នុង​មាន​ទាំង​កម្មវិធី​តន្ត្រី​សប្បុរសធម៌​ផង៕

បទ "តូច​តន់​មាស​បង" វុត្ថា ឆ្លង​ឆ្លើយ​ជាមួយ តន់ ច័ន្ទសីម៉ា

បទ "ក្លិន​ផ្កា​ម្លិះ"

អត្ថបទ៖ ទារិកា