ចាន់​ រតនា​ និយាយ​យ៉ាង​ណា​ចំពោះ​ នៅ​ ស្រី​ពៅ ក្នុង​អាជីព​ប្រដាល់​នៅ One ​?​

  • 2019-02-22 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ឆ្នើម​ទាំង​គុន​ខ្មែរ​ និង​គុន​ចម្រុះ​ ចាន់​ រតនា​ សរសើរ​មិន​ដាច់​ពី​មាត់​ពី​សមត្ថភាព​ដ៏​ល្អ​របស់​កីឡា​ការិនី​ នៅ​ ស្រីពៅ​ ហើយ​នឹង​មាន​រឹតតែ​មាន​ភាព​ល្បីល្បាញ​នៅ​ពៅ​ពេល​ខាង​មុខ​ត​ទៀត​ប្រសិន​បើ​ខំប្រឹង​បន្ថែម​ទៀត។​

ចាន់ រតនា​ ពេលឈ្នះនៅ One

រតនា​ បាន​ឲ្យ​ដឹង​ថា​ មែនទែន​ទៅ​មុន​ការ​ប៉ះ​គ្នា​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ Rika លោក​គិត​ថា​ប្រហែល​ជា​យ៉ាប់​បន្តិច​ហើយ​ ស្រីពៅ​ ព្រោះ​ដៃគូ​គេ​ល្អ​ ជា​ពិសេស​ក្បាច់​ចូល​ចាប់​ រួម​ទាំង​មាន​បទ​ពិសោធន៍​ច្រើន​ទៀត​ផង​ ប៉ុន្តែ​ដល់​ពេល​ប្រកួត​វា​មិន​ដូច​អ្វី​ដែល​បាន​គិត​ឡើយ។​ សម្រាប់​ការ​ប្រកួត​ដំបូង​របស់​ ស្រីពៅ​ គឺ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន​ វ៉ៃ​ចេញ​ច្បាស់​ៗ​ មាន​ទម្ងន់​ និង​រហ័ស​ទៀត​ មាន​ពេល​ខ្លះ​វ៉ៃ​រហូត​ដល់​ថ្នាក់​ដៃគូ​បាត់បង់​ម្ចាស់ការ​ មិន​ត្រឹមតែ​ប៉ុណ្ណេះ​ទេ​ ចេះ​ការពារ​ក្រោម​បាន​ល្អ​ថែម​ទៀត។​

កីឡា​ការិនី​ នៅ​ ស្រីពៅ

ជើង​ខ្លាំង​មាន​ភរិយា​ជា​ជនជាតិ​បារាំង​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ អនាគត​នៅ​ពេល​ខាង​មុខ​នឹង​ល្បីល្បាញ​ ឬ​អាច​ជា​ជើង​ខ្លាំង​ប្រចាំ​កម្ពុជា​បាន​ ប្រសិន​បើ​គេ​រឹតតែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ ជា​ពិសេស​បច្ចេកទេស​ក្នុង​ទ្រុង​តែ​ម្ដង។​ នេះ​ជា​ឱកាស​មួយ​សម្រាប់​កីឡា​ការិនី​កម្ពុជា​ដែល​ឆក់​យក​ឱកាស​ល្បី​ក្នុង​កម្មវិធី​ក៏​ធំ​របស់​អាស៊ី​មួយ​នេះ​ ព្រោះ​មិន​ងាយ​ឡើយ។​ ប្រសិន​បើ​អ្នក​ប្រដាល់​សកល​ជម្រើស​ជាតិ​រូប​នេះ​មាន​ឈ្មោះ​ល្បី​នៅ​កម្មវិធី​ប្រដាល់​នេះ​មែន​ អាច​មាន​នឹង​មាន​សង្ឃឹម​ឡើង​វិញ​ថា​ One Championship​ នឹង​មក​វ៉ៃ​រៀប​កម្មវិធី​ជា​ថ្មី​ទៀត​នៅ​ខ្មែរ។​

នៅ ស្រីពៅ​ ពេលឈ្នះអ្នក​ប្រដាល់​ថៃ​ Rika

កីឡាករ​ ចាន់​ រតនា​ ជា​ជើង​ខ្លាំង​គុន​ខ្មែរ​ និង​គុន​ចម្រុះ​(MMA)​ អ្នក​ប្រដាល់​រូប​នេះ​ក៏​ជា​ម្ចាស់​ក្លឹប​សិល្បៈ​ដែល​កំពុង​បង្វឹក​ភាគ​ច្រើន​បរទេស​ និង​មហាជន​មួយ​ចំនួន​ហាត់​ដើម្បី​សុខភាព​ផង​ដែរ។​ គេ​ក៏​ជា​កីឡាករ​ប្រចាំ​ស្ថាប័ន​ One Championship​ នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ។ចំណែក​កីឡា​ការិនី​ នៅ​ ស្រីពៅ​ របស់​កម្ពុជា​បាន​យក​ឈ្នះ​ពិន្ទុ​លើ​ស្រី​ស្អាត​របស់​ថៃ​ Rika​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៦​ កុម្ភៈ​ ផ្នែក​គុន​ចម្រុះ​(MMA)៕​

អត្ថបទ៖ នួន ស៊ីណា​