ស្បែក​ជើង​ឆ្លាត​វៃ Nike កំពុង​ជួប​បញ្ហា​ក្រោយ Update Software ហើយ​ថ្មីៗ (​វីដេអូ)

  • 2019-02-22 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែក​ជើង​ឆ្លាតវៃ Nike Adapt BB កំពុង​មាន​បញ្ហា​ក្នុង​ការ​ប្រើប្រាស់​ដោយ​ស្បែក​ជើង​នេះ មិន​អាច​បញ្ជា​តាម​ទូរសព្ទ​ឲ្យ​រឹត​បណ្ដឹង​ដោយ​ខ្លួន​ឯង​បាន​ត្រឹម​ត្រូវ​នោះ​ឡើយ ក្រោយ​ពេល​ដែល Nike បាន​បញ្ចេញ Updated Version របស់​កម្មវិធី Nike Adapt នៅ​លើ Play Store របស់ Android។

ស្បែក​ជើង Nike Adapt BB នេះ​ ជា​ស្បែក​ជើង​ឆ្លាត​វៃ​ជំនាន់​ទី ២ របស់ Nike ស្នង​ដំណែង Nike Air Mag មុន​ដែល​ជា​ប្រភេទ Limited Edition ហើយ​ក្នុង​ពេល​នេះ Nike Air Mag នោះ មាន​តម្លៃ​លក់​ដល់​ទៅ​រាប់​ម៉ឺន​ដុល្លារ​បាត់​ទៅ​ហើយ។ ខុស​ប្លែក​ពី​សិស្ស​ច្បង Nike Adapt BB មាន​តម្លៃ​លក់​រាយ​ត្រឹម​តែ ៣៥០ ដុល្លារ​ប៉ុណ្ណោះ ដែល​វា​ចេញ​លក់​ក្នុង Nike Store លើ​ពិភពលោក កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន។ Nike Adapt BB នេះ​ ជា​ស្បែក​ជើង​ឆ្លាត​វៃ ដោយ​អ្នក​ប្រើប្រាស់​អាច​ភ្ជាប់​វា​ទៅ​នឹង​កម្មវិធី Nike Adapt ដោយ​ប្រើ Bluetooth ហើយ​អាច​រឹត​ និង​បន្ធូរ​ស្បែក​ជើង​នេះ បាន​តាម​ចិត្ត​ចង់។​

​និយាយ​ពី​បញ្ហា​ក្រោយ Update កម្មវិធី​នេះ​លើ Android វិញ មាន​ដូច​ជា ស្បែក​ជើង​ម្ខាង (ឆ្វេង ឬ​ស្តាំ) អាច​នឹង​មិន​ភ្ជាប់​ជាមួយ​ទូរសព្ទ ធ្វើ​ឲ្យ​កម្មវិធី​នោះ អាច​បញ្ជា​ឲ្យ​រឹត​ស្បែក​ជើង បាន​តែ​ម្ខាង​តែ​ប៉ុណ្ណោះ។ ម៉្យាង​ទៀត មាន​អ្នក​ប្រើប្រាស់​ខ្លះ​បាន​រាយការណ៍​ថា សូម្បី​តែ​ប៊ូតុង​បញ្ជា​នៅ​លើ​ស្បែក​ជើង​នោះ ក៏​មិន​អាច​ប្រើបាន​ដែរ ពោល​គឺ​ម៉ូទ័រ​ក្នុង​ស្បែក​ជើង​នោះ​គាំង​តែ​ម្ដង បន្ទាប់​ពី Update កម្ម​វិធី​រួច​មក។

ទាក់​ទង​ទៅ​នឹង​បញ្ហា​ខាង​លើ Nike បាន​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ ហើយ​បាន​ប្រាប់​ទៅ​កាន់​អតិថិជន​ខ្លួន​ថា ខាង​ក្រុម​អ្នក​បច្ចេកទេស កំពុង​ធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើង​លើ​បញ្ហា​នេះ ហើយ​លើក​ទឹក​ចិត្ត​រាល់​អតិថិជន ដែល​ជួប​បញ្ហា​ឲ្យ​ទាក់​ទង​ទៅ​កាន់​សេវា​គាំ​ទ្រ និង​ចាំ​ជួយ​អតិថិជន​របស់ Nike ផ្ទាល់។

មក​ដល់​ត្រឹម​ពេល​នេះ ដំណោះ​ស្រាយ​សម្រាប់ ស្បែក​ជើង​ឆ្លាតវៃ Nike Adapt BB គឺ​មាន​តែ​ការ Reset ស្បែក​ជើង និង​កម្មវិធី​នេះ​ឡើង​វិញ​តែ​ប៉ុណ្ណោះ។ យ៉ាងណាមិញ ចំពោះ​អ្នក​ប្រើ iOS លើ iPhone មិន​មាន​របាយការណ៍​ណា​មួយ​បញ្ជាក់​ថា អតិថិជន​បាន​ជួប​បញ្ហា​ក្រោយ​ពី Update កម្មវិធី Nike Adapt នេះ​ឡើយ។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម