ជនជាតិ​បារាំង​ប្រគល់ភាជន៍​បុរាណពីរ​មក​ឲ្យ​អាជ្ញាធរ​ក្រោយ​រក្សាទុក​១៥​ឆ្នាំ​

  • 2019-02-22 03:49:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជន​ជាតិ​បារាំង​ម្នាក់​ដែលជា​ម្ចាស់​ភោជនីដ្ឋាន​មួយ​នៅ​សៀម​រាប បាន​ប្រគល់​ភាជន៍​បុរាណ​ចំនួន​ពីរ​ឲ្យ​អាជ្ញាធរជាតិ​អប្សរា ក្រោយ​ពី​បាន​រក្សា​ទុក​អស់​រយៈពេល​១៥​ឆ្នាំ។

(ជនជាតិបារាំង(កណ្ដាល)​ពេល​ប្រ​គល់​ភាជន៍ជូន​អាជ្ញាធរជាតិ​អប្សរា/រូបភាព៖អាជ្ញាធរជាតិ​អប្សរា)

នៅ​លើទំព័រហ្វេស​ប៊ុក​របស់​ខ្លួន អាជ្ញាធរជាតិអប្សរា​នៅ​ព្រឹក​នេះ​​សរសេរ​ថាជនជាតិ​បារាំង ដែលជា​ម្ចាស់​ភោជនី​ដ្ឋាន​ The Square 24 ​កាលពី​ម្សិល​មិញ​បាន​ប្រ​គល់​ភាជន៍​បុរាណចំនួន​ពីរ​មក​ឲ្យ​អាជ្ញាធរជាតិ​អប្សរា។

ប្រ​ភព​ខាង​លើ​សរសេរថា​ជនជាតិ​បានរាំង​រូបនេះ​បាន​រកឃើញ​ភាជន៍​បុរាណ​មួយ​គូ​នេះ​កាលពី​១៥​ឆ្នាំ មុន​នៅ​ពេល​លោក​ឲ្យ​កម្មករ​ជីក​ដី​ធ្វើ​បង្គន់​។ ប្រ​ភព​បន្តថា​ជនជាតិ​បារាំង​រូប​នោះ​ក៏បាន​រក្សា​​ភាជន៍​បុរាណ​ទាំង​នេះ​ទុក​អស់​រយៈពេល​១៥​ឆ្នាំ ដោយ​មិន​ច្បាស់​ថា​ត្រូវ​ប្រ​គល់​ទៅ​ខាង​ណា​នៅ​ពេល​រក​ឃើញ​ភ្លាមៗ និង​ក្រោយ​មក​សាលាបារាំង​ចុង​បូព៌ា​ក៏បាន​ណែនាំ​លោក​ឲ្យ​ប្រ​គល់​ភាជន៍​នេះ​មក​អាជ្ញាធរ​ជាតិ​អប្សរា​។

ទាក់ទង​នឹង​ប្រ​វត្តិភាជន៍​នេះ​មន្ត្រី​ជំនាញ​មិន​ទាន់​អាចអះអាង​បានទេ​ថា​មាន​ប្រ​ភព​មកពី​ខាង​ណា​ឲ្យ​ច្បាស់​លាស់ និង​ថា​មើល​ទៅមិន«​ដូច​ភាជន៍​ខ្មែរ»។ ទោះយ៉ាង​ណា​មន្ត្រី​ជំនាញ​ថាខ្លួន​នឹង​ពិនិត្យ​មើល​សាច់​ដី ដោយ​កែវ​ពង្រីក និង​សិក្សា​ជាមួយ​អ្នក​ស្រាវជ្រាវ​ផ្សេង​ទៀត​ដើម្បី​បញ្ជាក់ពីអាយុកាល និង​អត្តសញ្ញាណ​ភាជន៍​មួយ​គូនេះ។ នេះ​បើតាម​អាជ្ញាធរ​ជាតិអប្សរា​ដដែល៕

អត្ថបទ៖ ទូច សុខា