កម្ពុជា​សម្រេច​សាង​សង«ភូមិកីឡា»សម្រាប់ស៊ីហ្គេម២០២៣

  • 2019-02-22 04:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​បាន​សម្រេច​កសាង​​«ភូមិ​កីឡា​ ឬ Sports Village​»​សម្រាប់​រៀប​ចំ​​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​​អាស៊ី​អាគ្នេយ៍​ ឬ​ SEA Games ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង។

ក្លោងទ្វារ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

ក្នុង​សន្និបាត​​បូក​សរុប​ការងារ​ឆ្នាំ​២០១៨​ និង​ទិសដៅ​២០១៩​ របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ​ឯក​ឧត្តម​ ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​ NOCC បាន​ទម្លាយ​ឲ្យ​ដឹង​ថា ពេល​នេះ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​សាង​សង​ភូមិ​កីឡា​ហើយ​​សម្រាប់​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣។

ឯក​ឧត្តម​ វ៉ាត់ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់​ថា​ ការ​ធ្វើ​​​ភូមិ​កីឡា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ធំ​ ជា​ពិសេស​កីឡា​ស៊ីហ្គេម​តម្រូវ​ឲ្យ​ម្ចាស់​ផ្ទះ​ធ្វើ​ភូមិ​កីឡា។ ការ​ធ្វើ​ភូមិ​កីឡា​ពិត​ជា​​​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​​​ក្រុម​កីឡា​មក​ពី​ប្រទេស​នីមួយ​ ​កាត់​បន្ថយ​ការ​ចំណាយ​ ​មាន​សុវត្ថិភាព​ខ្ពស់​ និង​មិន​​ដឹក​ជញ្ជូន​ច្រើន។

អគារ​កីឡា​ក្នុង​សាល

ឯក​ឧត្តម​បន្ត​ថា​ និយាយ​ឲ្យ​ងាយ​ស្រួល​គឺ​គណៈ​ប្រតិភូ​នៃ​ប្រទេស​នីមួយ​ៗ​ចេញ​ពី​ព្រលាន​យន្តហោះ​ឆ្ពោះ​ទៅ​ភូមិ​កីឡា​​ដែល​ស្នាក់​នៅ​ អាហារ​​នៅ​កន្លែង​តែ​មួយ​ ហើយ​ចេញ​ពី​​កន្លែង​ស្នាក់​នៅ​​​ទៅ​ទី​លាន​ប្រកួត​ដែល​នៅ​កៀក​បង្កើត​តែ​ម្តង។ លើក​លែង​តែ​កីឡា​ខ្លះ​ដែល​ត្រូវ​ប្រកួត​នៅ​សមុទ្រ​ទើប​ស្នាក់​នៅ​សណ្ឋាគារ។

តាម​ការ​បញ្ជាក់​ពី​តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា អាច​ចំណាយ​ពេល​៣​ឆ្នាំ​ហើយ​ទើប​កសាង​រួច​រាល់​។ ការ​កសាង​ប្រហែល​ជា​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១៩​នេះ​ ប៉ុន្តែ​នៅ​មិន​ទាន់​ច្បាស់​អំពី​ការ​ចំណាយ​ និង​កម្ពស់​នៃ​អគារ​ភូមិ​កីឡា​ប៉ុន្មាន​ជាន់​នៅ​ឡើយ៕

ឯកឧត្តម វ៉ាត់ ចំរើន រៀបរាប់​ពី​«ភូមិ​កីឡា»

អគារ​អាង​ហែល​ទឹក
Main Stadium ដែល​កំពុង​កសាង

អត្ថបទ៖ ជាន ចាន់រ៉ា