Apple ធ្លាក់​ពី​លេខ ១ ​នៅ​ត្រឹម​លេខ ១៧

  • 2019-02-22 07:50:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fast Company ដែល​ជា​ទស្សនាវដ្ដីវាយ​តម្លៃ​ឈាន​មុខ​មួយ បាន​​ចេញ​ផ្សាយ​បញ្ជី​ថ្មី​ប្រចាំ​ឆ្នាំ ២០១៩ ដែល​ស្ដី​អំពី​ក្រុមហ៊ុន​ច្នៃប្រឌិត​ជាង​គេ​ទាំង ៥០ នៅ​លើ​ពិភពលោក​ ដោយ​ជា​លទ្ធផល​ Apple បាន​ធ្លាក់​ពី​តំណែង​កំពូល​លេខ​ ១ មក​នៅ​ត្រឹម​លេខ​ ១៧ វិញ។

តាម​ការ​ចេញ​ផ្សាយ​ខាង​លើ ក្រុមហ៊ុន​ដែល​ច្នៃ​​ប្រឌិត​ជាង​គេ​សម្រាប់​ឆ្នាំ ២០១៩ នេះ​គឺ​​ក្រុមហ៊ុន​​ចិន​ Meituan Dianping ដែល​​បាន​ធ្វើ​ឲ្យ​រីកចម្រើន​​លើ​​សេវា​​កក់ និង​ដឹក​ជញ្ជូន​​​ដូច​ជា​ចំណី​អាហារ សណ្ឋាគារ និង​សំបុត្រ​កុន​ជា​ដើម។ ក្នុង​ឆ្នាំ ២០១៨ ​ក្រុមហ៊ុន​នេះ​មាន​ការ​ទូទាត់​​​សាច់​ប្រាក់​ចំនួន ៣៣,៨ ពាន់​លាន​ដុល្លារ​ សម្រាប់​មនុស្ស​ជាង ៣៥០ លាន​នាក់​ ក្នុង​​ទីក្រុង​ចំនួន ២ ៨០០។

ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​តំណែង​កំពូល​មាន​ដូច​ជា​ Grab, NBA, The Walt Disney Company និង​ Stitch Fix ជា​ដើម។ Square, Oatly, Twitch, Shopify និង​ Alibaba Group របស់​លោក Jack Ma ក៏​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ខ្ពស់​ជាង Apple ផង​ដែរ។

Fast Company បាន​លើក​ឡើង​ថា សម្រាប់​ឆ្នាំ ២០១៨ ​ផលិតផល​អស្ចារ្យ​ថ្មី​របស់​ Apple មិន​មែន​ជា iPhone ឬ Tablet នោះ​ទេ ប៉ុន្តែ​ជា​បន្ទះ​ឈីប។ បន្ទះ​ឈីប A12 Bionic ដែល​ចេញ​កាល​ពី​ចុង​ឆ្នាំ​មុន គឺ​ជា​បន្ទះ​ឈីប​ដំបូង​គេ​ដែល​​មាន​ទំហំ​ត្រឹម​ ៧ ណាណូម៉ែត្រ ដែល​ផ្ដល់​ដំណើរ​ការ​ប្រសើរ​ជាង​មុន និង​សន្សំសំចៃ​ថាមពល។

គួរ​ដឹង​ថា​តំណែង​លេខ​ ១ ដែល​ Apple អាច​ទទួល​បាន​កាល​ពី​ឆ្នាំ​ទៅ គឺ​ដោយ​សារ​ផលិតផល​ដូច​ជា iPhone X, Apple Watch Series 3, ARKit និង CareKit រួម​ទាំង​ ResearchKit។

ការ​ចាត់​ថ្នាក់​នេះ​ដែរ​ Fast Company បាន​ឲ្យ​ដឹង​ថា​ ធ្វើ​ឡើង​ដោយ​មាន​ការ​ស្ទង់មតិ​​លើ​ក្រុមហ៊ុន​រាប់ពាន់​ ដើម្បី​លើ​វិភាគ​ផលិតផល​ដែល​ច្នៃ​ប្រឌិត​បំផុត​របស់​ពួក​គេ​ប្រចាំ​ឆ្នាំ និង​តាម​ដាន​​ការ​ជះ​ឥទ្ធិពល​នៃ​​ផលិតផល​ទាំង​​នោះ​លើ​មុខ​ជំនួញ​ និង​ក្នុង​សហគ្រាស​ជា​ដើម៕​​​​​​​​

ចុចអាន៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង