លេង​សើច​ម៉េច​បាន! យឹង យន ឡើង​ចុះ​អាមេរិក​ញឹក​ស្អេក ព្រោះ​មាន​ហេតុផល

  • 2019-02-23 02:30:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​និយម​បទ​មរតក​ដើម យឹង យន ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា ឡើង​ចុះ​អាមេរិក​ញឹកញាប់ ធៀប​នឹង​ប្រទេស​ផ្សេង​ៗ​ទៀត ដោយ​ក្នុង​នោះ​លោក​ថា មាន​ហេតុផល​សំខាន់​ៗ​មួយ​ចំនួន។   លោក យឹង យន ជយលាភី​លេខ​២​កម្មវិធី "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" រដូវ​កាល​ទី​២ ត្រៀម​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ជា​ថ្មី​ទៀត​ហើយ នៅ​ថ្ងៃ​ទី ២៤ កុម្ភៈ​នេះ។ លោក​ទៅ​ជាមួយ​កញ្ញា ស៊ូ ស៊ីរីកា តារា​ចម្រៀង​ផលិតកម្ម​​ថោន ដែល​ជា​ការ​ចាប់​ដៃ​គ្នា​លើក​ដំបូង​របស់​អ្នក​ទាំង​ពីរ។ ដំណើរ​នេះ គឺ​ជា​លើក​ទី​៥​ហើយ​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ធំ​ទៅ​កាន់​ទឹកដី​លោក​ដូណាល់ ត្រាំ ពោល​គឺ​ញឹក​ជាង​ប្រទេស​ណា​ៗ​ទាំង​អស់។

បញ្ហា​នេះ លោក យឹង យន បាន​ទទួល​ស្គាល់ និង​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា មូលហេតុ​សំខាន់ គឺ​ដោយ​សារ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មាន​នៅ​អាមេរិក​ច្រើន​ជាង​ប្រទេស​ផ្សេង។ "បាទ រាង​ញឹក​មែន ទាំង​លើក​នេះ គឺ​ជា​លើក​ទី​៥​ហើយ អឺរ៉ុប​ម្ដង អូស្ត្រាលី​ម្ដង ប៉ុន្តែ​នៅ​តិច​ជាង​ដំណើរ​ទៅ​កំពង់ធំ​ទេ(សើច)”។   បន្ថែម​ពី​លើ​នេះ លោក​ថា ការ​ដែល​លោក​គឺ​ជា​តារា​ចម្រៀង​និយម​បទ មរតក​ដើម ក៏​ជា​ហេតុផល​មួយ​ទៀត ដែល​ទាញ​ឲ្យ​លោក​ទទួល​បាន​ការ​អញ្ជើញ​ទៅ​អាមេរិក​ញឹកញាប់ ដោយ​សារ​បង​ប្អូន​នៅ​ទី​នោះ និយម​ចូល​ចិត្ត​បទ​ចម្រៀង​ប្រភេទ​នេះ ដោយ​សារ​ពួក​គាត់ ម្នាក់​ៗ​បែក​ចេញ​ពី​ឆ្ងាយ​ប្រទេស​កំណើត​២០-៣០​ឆ្នាំ​ហើយ ទើប​ធ្វើ​ឲ្យ​មាន​អារម្មណ៍​នឹក​រលឹក​ទី​កំណើត។

លោក យឹង យន និង​កញ្ញា ស៊ូ ស៊ីរីកា នឹង​ត្រូវ​ចាក​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​ទី ២៤ កុម្ភៈ​ស្អែក​នេះ ក្រោម​ការ​រៀប​​ចំ និង​ឧបត្ថម្ភ​ដោយ​អង្គការ IKARE។ តារា​ចម្រៀង​ទាំង​ពីរ​មាន​បេសកកម្ម​សិល្បៈ​រយៈ​ពេល ២​ខែ នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក តាម​បណ្ដា​រដ្ឋ​មួយ​ចំនួន។   តាម​ការ​ឲ្យ​ដឹង​ថា លោក យន ប្រាប់​ថា ក្រៅ​ពី​ធានា​លោក​ទៅ​ច្រៀង​នៅ​អាមេរិក​ហើយ IKARE នៅ​ជួយ Promote អាល់ប៊ុម​ចម្រៀង "ជាប់​ស្នេហ៍​អាមេរិក" និង​ផ្សព្វផ្សាយ​ពី​សារមន្ទីរ​មរតក​ជាតិ​ខ្មែរ​នៅ​ទី​នោះ​ទៀត​ផង។ ក្រៅ​ពី​នេះ IKARE ក៏​នៅ​មាន​បេកកម្ម​ក្នុង​ការងារ​សប្បុរសធម៌​មួយ​ចំនួន​ទៀត​ដែរ ដែល​ជា​រឿយ​ៗ ធ្វើ​ការ​ផ្សព្វផ្សាយ​ការងារ​ទាំង​នោះ តាម​រយៈ​សិល្បករ​ខ្មែរ។

រូបភាព៖ ហ្វេសប៊ុក យឹង យន

ក្រៅ​ពី​នេះ យឹង យន និង ស៊ីរីកា ដែល​ទៅ​លើក​នេះ អង្គការ​ខាង​លើ​បាន​ធានា​តារា​ចម្រៀង​ខ្មែរ​ល្បី​ៗ ទៅ​ច្រៀង​នៅ​អាមេរិក​ជា​ច្រើន​រូប​រួច​មក​ហើយ មាន​ដូច​ជា រ៉ាប៊ី និង​ខេម អៀម វន្នី ជា​ដើម៕  

អត្ថបទ៖ ស៊ុន ហួត

អត្ថបទពេញនិយម
អត្ថបទថ្មី