ករណី​ឆ្កែ​ឆ្កួត​ខាំ តើ​លោក​អ្នក​អាច​ទៅ​ចាក់​ថ្នាំ ​នៅ​កន្លែង​ណាខ្លះ?

  • 2019-02-23 03:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មនុស្ស​ម្នា​​ជា​ច្រើន​កុះករ​បាន​បន្ត​ប្រជ្រៀត​គ្នា​ពី​គ្រប់​ទិសទី ​សម្រុក​មក​​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដើម្បី​ចាក់​វ៉ាក់សាំង​បង្ការ ការពារ​ជំងឺ​ឆ្កែ​ឆ្កួត​ខាំ​ ដោយ​ក្នុង​នោះ​មាន​ទាំង​អ្នក​ធ្លាប់​ត្រូវ​បាន​សត្វ​ឆ្កែ ​ឆ្មា​ខាំ ក្រញៅ​តាំងពី​ជាង​បី​បួន​ឆ្នាំ​មុន​មក​ម្ល៉េះ​ក៏​មាន។ ការ​ផ្អើល​សម្រុក​មក​ទទួល​វ៉ាក់​សាំង​ដ៏​ច្រើន​​នេះ​ គឺ​កើត​មាន​ឡើង​ បន្ទាប់​ពី​មាន​ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​នៅ​ខេត្ត​ស្វាយ​រៀង​​ និង​ម្នាក់​ទៀត​​នៅ​ខេត្ត​កំពង់​ចាម​ដោយ​សង្ស័យ​ថា ឆ្កែ និង​ឆ្មា​ខាំ។ ​និយាយ​ដាច់​ដោយ​ឡែក​តែ​ករណី​ឆ្កែ​ឆ្កួត​ខាំ​ តើ​អាច​ទៅ​ចាក់​ថ្នាំ​នៅ​កន្លែង​ណាខ្លះ?

ក្នុង​ករណី​ឆ្កែឆ្កួត​ខាំ​ បងប្អូន​អាច​មក​កាន់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ក្បែរ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​រាជធានី​ភ្នំពេញ​ និង​នៅ​ខេត្ត​បាត់​ដំបង គឺ​នៅ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​។ មជ្ឈមណ្ឌល​នេះ​ទើប​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៨ មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ក្នុង​ក្រុង​បាត់ដំបង ​ដោយមាន​ថ្នាំ​បង្ការ​មាន​លក្ខណៈ​ស្តង់ដារ​ដូច​នៅ​ភ្នំពេញ​ដែរ​។

លោក​ជំទាវ​វេជ្ជបណ្ឌិត​​ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​មានប្រសាសន៍​ថា ​ជំងឺ​ឆ្កែឆ្កួត​នេះ អាច​ឆ្លង​មក​មនុស្ស​បាន​តាម​រយៈ​សត្វឆ្កែ ឆ្មា ជ្រូក ស្វា និង​ប្រចៀវ ខាំ។ បើ​ក្នុង​ករណី មាន​សត្វ​ទាំង​អស់​ខាង​លើ​ខាំ​នោះ ត្រូវ​លាង​មុខ​របួស ជាមួយ​អាល់កុល ឬ​ថ្នាំ​បេតាឌិន(ថ្នាំក្រហម) ហើយ​ត្រូវ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ​ដើម្បី​ព្យាបាល។ ម្យ៉ាងទៀត ដំណាក់​កាល​ នៃ​សត្វ​ខាង​លើ​ខាំ​នេះ អ្នក​របួស មិន​ត្រូវ​យក​របស់​អ្វី ដូចជា បាយកក ​ឬ​ត្រាវ (តាម​ជំនឿ​បូរាណ) មក​បិត​មុខ​របួស​នោះ​ឡើយ ព្រោះ​អាច​នាំ​ឱ្យ​គ្រោះ​ថ្នាក់​បាន។

ទាក់ទង​នឹង​មនុស្ស​ម្នា​ជា​ច្រើន​ផ្អើល​ទៅ​ទទួល​វ៉ាក់សាំង​ច្រើន​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា លោក​ជំទាវ​វេជ្ជ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​មានប្រសាសន៍​ទៀត​​ថា ការ​ទៅ​ទទួល​វ៉ាក់សាំ​ង​ការពារ​ជំងឺ​ឆ្កែ​ឆ្កួត​ជា​រឿង​ល្អ និង​ជា​កិច្ច​ការពារ​មួយ តែ​​​ក្នុង​កាលៈទេសៈ​នេះ​គួរ​កុំ​បារម្ភ​ពេក ពិសេស​​ប្រជាពលរដ្ឋ ដែល​មិនទាន់​​ឆ្កែ​ខាំ​​ ឬ​ឆ្មា​ក្រញៅ​ ​​​អាច​រង់​ចាំ​ពេលវេលា​សម​ស្រប​ណាមួយ​​ ដើម្បី​ផ្ដល់​ឱកាស​​ដល់ ​កុមារ​ ស្រ្តី​មាន​ផ្ទៃ​ពោះ និង​អ្នក​​ត្រូវ​មក​ទទួល​ចាក់​វ៉ាក់សាំង​ឱ្យ​គ្រប់​ដូស​។ ចំពោះ​អ្នក​ដែល​ធ្លាប់​បាន​ឆ្កែ ឬឆ្មា ខាំ ក្នុង​រយៈពេល​ពី ១ខែ ឡើង​ទៅ គឺ​មិន​មាន​បញ្ហា​អ្វី​នោះ។

ចំណែក​លោក​វេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ​និង​ជា​អ្នក​ទទួលបន្ទុក​ការងារ​គ្រប់ គ្រង​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត ​ឱ្យ​ដឹង​ថា​ ដោយសារ​មជ្ឈមណ្ឌល​នេះ​ ទើបនឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មិន​ដល់​មួយ​ឆ្នាំ​ផង​នោះ ​ទើប​ធ្វើ​ឲ្យ​ប្រជា ពលរដ្ឋ​មួយ​ចំនួន​មិន​ដឹង​ និង​បាន​សុំ​អធ្យាស្រ័យ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​​បាន​នាំ​កូនចៅ​មក​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត ក្នុង​មជ្ឈមណ្ឌល​មាន​ចំនួន​ច្រើន ហើយ​ការ​ផ្តល់​សេវា​អាច​មាន​ភាព​យឺតយ៉ាវ ព្រោះថា​ ការ​ចាក់​មាន​កំណត់ ក្នុង​១​ថ្ងៃ​ត្រឹមតែ​ ១០០​នាក់ ​ប៉ុណ្ណោះ។ ​គ្រូពេទ្យ​នឹង​ផ្ដល់​​អាទិភាព​សម្រាប់​មនុស្ស ​ដែល​ត្រូវ​បាន​ឆ្កែ ​ឬ​ឆ្មា​ខាំ ​ត្រឹម​រយៈពេល​៧​ថ្ងៃ​ តែ​បើ​លើស​ពី​នោះ ​ត្រូវ​ពិនិត្យ​ជំងឺ​បន្ថែម​សិន។

ឆ្កែ ដែល​មក​​ខាំ​មនុស្ស​ មិន​ប្រាកដ​ថា​ឆ្កែ​នោះ​ឆ្កួត ហើយ​ក៏​មិន​ប្រាកដ​ថា​វា​អាច​ចម្លង​ជំងឺ​ឆ្កែ​ឆ្កួត​មក​មនុស្ស​ដែរ។ ប៉ុន្តែ​ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់ បង្ក​ឡើង​ដោយ​ការ​ខាំ​​ត្រូវ​​រួស​រាន់​លាង​របួស និង​ទៅ​រក​ថ្នាំ​បង្ការ​។ ជំងឺ​ឆ្កែឆ្កួត ជា​ជំងឺ​កាច​សាហាវ​បំផុត​ក្នុង​ចំណោម​ជំងឺ​ដែល​គេ​ស្គាល់ និង​គ្មាន​ថ្នាំ​ព្យាបាល​ទេ។ បើ​គ្មាន​ការ​សង្គ្រោះ​ទាន់​ពេល​វេលា​ទេ ជំងឺ​នេះ​នឹង​នាំ​ទៅ​រក​សេចក្ដី​ស្លាប់ ១០០%។ ប៉ុន្តែ​គេ​អាច​បង្ការ​វាយ​បាន​ ១០០%​ មិន​ឱ្យ​មេរោគ​ឆ្លង​មក​មនុស្ស​បាន​ដោយ​ការ​ចាក់​ថ្នាំ​បង្ការ​ បន្ទាប់​ពី​មាន​របួស​បង្ក​ឡើង​ដោយ​សត្វ​ខាំ។ វីរុស​ជំងឺ​ឆ្កែឆ្កួត​ អាច​មាន​បង្ក​រោគ​លើ​សត្វ​ស្រុក និង​សត្វ​ព្រៃ​​ ចម្លង​មក​មនុស្ស​តាមរយៈ​ទឹក​មាត់ និង​ បណ្ដាល​ឱ្យ​​មាន​រោគ​សញ្ញា​ប្រព័ន្ធ​ប្រសាទ​៕

   

អត្ថបទ៖ សុផល

អត្ថបទពេញនិយម
អត្ថបទថ្មី