ពិព័រណ៍​ត្បូង​ពេជ្រ​នៅ​បាងកក​ទាក់ទាញ​អតិថិជន​មក​ពី​១៣០​ប្រទេស​ជុំវិញ​ពិភពលោក​​

  • 2019-02-25 09:50:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន្តរជាតិ​ នៃ​ក្រសួង​ធុរកិច្ច​ នៃ​ព្រះរាជាណាចក្រ​ថៃ​បាន​រៀបចំ​ពិព័រណ៍​ត្បូងពេជ្រ​លើក​ទី​៦៣ ក្រោម​ពាក្យ​ស្លោក​ "ដៃ​វេទមន្ត​នៃ​ប្រទេស​ថៃ" កាល​ពី​ថ្ងៃ​ទី​២០ ដល់​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​សាល​ពិព័រណ៍​ Impact Muang Thong Thani ស្ថិត​នៅ​ទីក្រុង​បាងកក​។​

ពិព័រណ៍​នេះ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ជំនួញ​ជាង​២​ម៉ឺន​នាក់​ និង​អាច​ទាក់ទាញ​អតិថិជន​ អ្នក​និយម​គ្រឿង​អលង្ការ​​ និង​ត្បូង​ពេជ្រ​ មក​ពី​១៣០​ប្រទេស​ផ្សេង​គ្នា​នៅ​ជុំវិញ​ពិភពលោក ក្នុង​នោះ​ក៏​មាន​ស្តង់​ដែល​ជា​អ្នក​ជំនួញ​មក​ពី ប្រទេស​កម្ពុជា​ផង​ដែរ។

ខុស​ពី​ឆ្នាំ​មុន​ៗ​ សម្រាប់​ឆ្នាំ​២០១៩​នេះ ពិព័រណ៍​ត្បូង​ពេជ្រ​របស់​ថៃ​បាន​ទទួល​កិត្តិយស​ចូលរួម​សម្ពោធ​ពី​សំណាក់​ម្ចាស់ក្សត្រី​​ Sirivannavari Nariratana។ ពិព័រណ៍​ត្បូង​ពេជ្រ​​ដែល​ទើប​បញ្ចប់​កាល​ពី​ថ្ងៃ​ម្សិលមិញ​​បាន​​បើកទ្វារ​​២​ថ្ងៃ​ដំបូង​សម្រាប់​អ្នក​ជំនួញ​មក​ពី​បណ្ដា​ប្រទេស​នានា​មក​សាកសួរ​ព័ត៌មាន​ និង​ទំនាក់ទំនង​ការងារ​​រកស៊ី​ផ្សេង​ៗ​ជា​មួយ​គ្នា​ ហើយ​៣​ថ្ងៃ​ទៀត​គឺ​សម្រាប់​​ឲ្យ​សាធារណជន​ទូទៅ​ចូល​ទិញ​​គ្រឿង​អលង្ការ​ និង​ត្បូងពេជ្រ​ដែល​ពួកគេ​ពេញ​ចិត្ត។​

​ពាណិជ្ជកម្ម​លើ​ត្បូង​ពេជ្រ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ​រីក​លូតលាស់​ ដោយ​ក្នុង​ឆ្នាំ​២០១៨​ ការ​នាំ​ចេញ​លើ​វិស័យ​នេះ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ១១,៩៧៧​លាន​ដុល្លារ​អាមេរិក​ ឬ​ប្រមាណ​ ៤​,៧៤​ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​របស់​ថៃ។​ ក្រៅ​ពី​នោះ​វា​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​ថៃ​ប្រមាណ​ ១,២​លាន​នាក់​។ ​

នៅ​ក្នុង​ឆ្នាំ​២០១៨​ ថៃ​ត្រូវ​បាន​ចាត់​ថ្នាក់​លេខ​១៤​ជា​ប្រទេស​ដែល​មាន​សកម្មភាព​នាំ​ចេញ​ត្បូង​ពេជ្រ​ច្រើន​បំផុត​ក្នុង​ពិភពលោក​។ ទីផ្សារ​សំខាន់​ៗ​របស់​ថៃ​មាន​ដូចជា៖ កម្ពុជា​, សិង្ហបុរី, អាល្លឺម៉ង់​, ចិន, សហរដ្ឋអាមេរិក​, ប៊ែលហ្សិក​ និង​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត៕

អត្ថបទ៖ វីរ័ត្ន