ខ្លាចសិស្សបោះបង់ការសិក្សា ព្រោះគ្មានបង្គន់ ឥណ្ឌាជួយសង់មិនយកលុយ១កាក់ ១សេន

  • 2019-02-25 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កង្វះ​បង្គន់​អនាម័យ​ដែល​ជា​បញ្ហា​មួយ​ធ្វើ​ឲ្យ​សិស្ស​មិន​ចង់​ទៅ​រៀន​ ហើយ​បញ្ហា​នេះ​តែងតែ​កើត​មាន​ជា​រឿយៗ​នៅ​តាម​សាលា​រៀន​ក្នុង​តំបន់​​មួយ​ចំនួន​ នៅ​ប្រទេស​កម្ពុជា។

ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ សាធារណរដ្ឋ​ឥណ្ឌា បាន​ផ្ដល់​ជំនួយ​ឥត​សំណង ​ក្នុង​ការ​សាងសង់​បង្គន់​អនាម័យ​ដាក់​នៅ​តាម​សាលា​រៀន​ ក្នុង​តំបន់​ជាយ​ក្រុង​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល។

លោក​ជំទាវ មានីកា​ ជេន ឯក​អគ្គ​រដ្ឋ​ទូត​ឥណ្ឌា រួម​ជាមួយ​នឹង​លោក​ជំទាវ​វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី​ រដ្ឋ​មន្ត្រី​ នៃ​ក្រសួងកិច្ចការ​នារី​បាន​ចូលរួម​ពិធី​សម្ពោធ ​ដាក់​ឲ្យ​ប្រើប្រាស់​​បង្គន់​អនាម័យ​នៅ​សាលាបឋមសិក្សា​ធៀន​ ក្នុង​​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ នៅថ្ងៃទី២២ ខែ​កុម្ភៈ ឆ្នាំ២០១៩។

រូបតំណាង (ប្រភពរូប UNICEF)

លោក​ជំទាវ​បន្ត​ថា រដ្ឋាភិបាល​ឥណ្ឌា​បាន​ផ្ដល់​ហិរញ្ញប្បទាន​ចំនួន ៥០០០០ ដុល្លារ​អាមេរិក​ក្រោម​គម្រោង​ផល​ប៉ះពាល់​រហ័ស​របស់​រដ្ឋាភិបាល​ឥណ្ឌា​សម្រាប់​ការ​សាងសង់​បង្គន់​អនាម័យ​ទាំង​នេះ​នៅ​សាលាបឋមសិក្សា​ និង​អនុវិទ្យាល័យ​ចំនួន ៣ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ជាយ​ក្រុង​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល។

គម្រោង​នេះ​បាន​អនុវត្ត​ដោយ​ក្រសួង​កិច្ចការ​នារី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ការ​សាងសង់​បង្គន់​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ។

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​បង្គន់​អនាម័យ​ដែល​បាន​កសាង​ឡើង​ដោយ​ជំនួយ​ឥត​សំណង​របស់​ឥណ្ឌា​​សម្រាប់​កុមារ​នៅ​សាលា​បឋមសិក្សា​ និង​អនុ​វិទ្យាល័យ​នៅ​តំបន់​ជាយ​ក្រុង​រាជធានី​ភ្នំពេញ​ឥឡូវ​នេះ​ការ​សាងសង់​បង្គន់​ថ្មី​ទាំងនេះ​ដែល​មាន​លក្ខណៈ និង​អនាម័យ​កាន់​តែ​ល្អ​នឹង​ផ្ដល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​សិស្ស​​ប្រហែល ១៥០០ នាក់​ជា​ពិសេស​សិស្ស​ស្រី​នៅ​តាម​សាលា​ទាំង​នេះ។

សូម​ជម្រាប​ថា ក្រោម​គំនិត​ផ្ដួចផ្ដើម​នៃ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-គង្គា ដែល​បាន​ចាប់​ផ្ដើម​ពី​ឆ្នាំ ២០១៥ ដល់២០​១៦ ឥណ្ឌា​បាន​ជួយ​ប្រទេស​កម្ពុជា ជាមួយ​គម្រោង​សេដ្ឋកិច្ច​សង្គម​តូច​ៗ​ដែល​មាន​ឈ្មោះ​ថា​ គម្រោង​ផល​ប៉ះ​ពាល់​រហ័ស​ក្នុង​វិស័យ កសិកម្ម សុខាភិបាល ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី ការ​កសាង​សមត្ថភាព អនាម័យ បរិស្ថាន និង​បច្ចេកវិទ្យា​ព័ត៌មាន​ដើម ជា​រៀងរាល់​ឆ្នាំ។ បើ​គិត​ចាប់​ពី​ឆ្នាំ ២០១៧ ដល់២០១៨ ជំនួយ​ឥណ្ឌា​បាន​ផ្តល់ជូនសម្រាប់គម្រោងបែបនេះចំនួន១០ដប់រៀងរាល់ឆ្នាំ។

អត្ថបទ៖ ពៅ រក្សា