គួរឲ្យខ្លាច! ជំងឺសាហាវៗ ៦ ប្រភេទនឹងកើតឡើង បើអ្នកស្រ្តេសរ៉ាំរ៉ៃ
- 2019-03-03 03:13:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យខ្លាច! ជំងឺសាហាវៗ ៦ ប្រភេទនឹងកើតឡើង បើអ្នកស្រ្តេសរ៉ាំរ៉ៃ
ចន្លោះមិនឃើញ
កើតមករស់នៅលើផែនដីរាប់ឆ្នាំហើយ ជឿថានរណាក៏មានបទពិសោធន៍កើតមានបញ្ហាថប់អារម្មណ៍ ឬស្រ្តេសដែរនៅក្នុងជីវិត។ ពេលខ្លះស្រ្តេសអាចជាកម្លាំងជំរុញវិជ្ជមាន ដែលជួយឲ្យអ្នករឹតតែខំ និងអាចសាងលទ្ធផលបានល្អ តែវាពិតជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្លូវចិត្ត និងសុខភាពរបស់អ្នក។ ទាំងនេះគឺជាជំងឺ ៦ ប្រភេទដ៏គួរឲ្យបារម្ភ ដែលអ្នកអាចនឹងកើតឡើង បើអ្នកមានបញ្ហាស្ត្រេសរ៉ាំរ៉ៃ។
១. ជំងឺគេងមិនលក់
ថប់អារម្មណ៍ ឬស្រ្តេសច្រើនជាមូលហេតុធ្វើឲ្យអ្នកមានបញ្ហាគេងមិនលក់។ ពេលខ្លះវាអាចរំខានដល់ដំណេករបស់អ្នក ដែលធ្វើឲ្យភ្ញាក់កណ្ដាលយប់ជាញឹកញាប់។ បើអ្នកបណ្ដោយឲ្យវាកើតឡើងយូរៗទៅ វានឹងបង្កទៅជាទម្លាប់ ឬជំងឺដែលពិបាកនឹងស្រោចស្រង់។ ត្រឡប់មកវិញ បញ្ហាគេងមិនលក់ ឬមិនគ្រប់គ្រាន់នេះ ក៏អាចកើនឡើងទៅជាស្រ្តេសដែរ។ ដូច្នេះអ្នកត្រូវប្រាកដថា មិនត្រូវធ្វើសកម្មភាពណាមួយដែលបណ្ដាលឲ្យខ្លួនគេងមិនលក់ដូចជា ផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងមិនត្រូវហាត់ហាត់ប្រាណរយៈ ៤ ម៉ោងមុនពេលចូលគេង។ ផ្ទុយទៅវិញ អ្នកគួរញ៉ាំទឹកដោះគោមួយកែវ និង រៀបចំកន្លែងគ្រែឲ្យមានផាសុកភាព ទើបគេងឆាប់លក់ ហើយមិនត្រូវគិតពីរឿងស្មុគស្មាញនានាឡើយ។
**២. ជំងឺបាក់ទឹកចិត្ត ឬ Depression**
បញ្ហាស្រ្តេស ឬភាពអស់សង្ឃឹមដែលកើតឡើងរយៈពេលយូរ នឹងនាំឲ្យអ្នកមានបញ្ហាជំងឺបាក់ទឹកចិត្ត។ នេះគឺជាបញ្ហាធ្ងន់ធ្ងរមួយដែលអ្នកមិនគួរមើលរំលង។ ដូច្នេះអ្នកគួរពិភាក្សាជាមួយអ្នកប្រឹក្សាផ្លូវចិត្ត ឬពេទ្យជំនាញ ដើម្បីដោះស្រាយ។
៣. បញ្ហាឈាមរត់
ភាពតានតឹងអារម្មណ៍ អាចធ្វើឲ្យសរសៃឈាមអាកទែ និងសរសៃឈាមក្នុងខ្លួនមានភាពប្រទាញ និងរឹតបន្តឹង ដែលធ្វើឲ្យឈាមមិនអាចដំណើរការបានល្អ និងអាចកកឈាម ឬដាច់សរសៃឈាមក្នុងខួរក្បាលទៀតផង។ បើអ្នកយល់ឃើញថាខ្លួនដល់ដំណាក់កាលនេះ ត្រូវទៅពិគ្រោះជាមួយអ្នកជំនាញជាបន្ទាន់ ឬអាចប្រើវិធីទប់ស្កាត់បណ្ដោះអាសន្ននានា ដូចជា ត្រាំទឹកក្ដៅ ញ៉ាំទឹកក្ដៅ ព្យាយាមសម្រាកឲ្យបានច្រើន និងគិតរឿងល្អៗ។
៤. ជំងឺទឹកនោមផ្អែម
ជំងឺមួយដែលនិយមកើតដោយសារបញ្ហាស្រ្តេស គឺជាតិស្ករឡើងខ្ពស់សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។ អ្នកជំងឺទឹកនោមផ្អែមខ្លះបានកំណត់ការទទួលយកជាតិស្ករក្នុងកម្រិតត្រឹមត្រូវ តែនៅតែមានបញ្ហាគ្រោះថ្នាក់ធំកើតឡើង ដោយសារតែពួកគេរងនូវសម្ពាធផ្លូចចិត្តនេះឯង។
៥. ជំងឺបេះដូង
ភាពតានតឹងនឹងធ្វើឲ្យបេះដូងញាប់ញ័រ ឬលាត់ញាប់ ដែលជាហេតុនាំឲ្យមានបញ្ហាសម្ពាធឈាម។ យូរៗទៅបញ្ហានេះ នឹងបង្កឲ្យបេះដូងខូច។ ម្យ៉ាងកម្រិតនៃការស្រ្តេស ក៏នឹងបណ្ដាលឲ្យកូឡេស្តូរ៉ូលមានការកើនឡើង។ ដូច្នេះទើបមានការណែនាំថា ត្រូវពិនិត្យសម្ពាធឈាមឲ្យបានទៀតទាត់ ដើម្បីដឹងពីស្ថានភាពសុខភាពឆាប់រហ័ស និងទទួលបានការប្រឹក្សាពីគ្រូពេទ្យទាន់ពេល។
៦. ជំងឺមហារីក
ការសិក្សាជាច្រើន បានបង្ហាញពីទំនាក់ទំនងរវាងស្រ្តេស ដែលអាចបង្កទៅជំងឺមហារីកផ្សេងៗ ដោយសារភាពតានតឹងនេះ បានធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ នេះជាហេតុនាំឲ្យរាងកាយមនុស្សបាត់បង់អ្នកចម្បាំងដែលទៅប្រយុទ្ធជាមួយជំងឺធំៗទាំងនោះ។ ដូច្នេះ អ្នកត្រូវថែទាំសុខភាពទាំងផ្លូវកាយ និងចិត្ត ឲ្យបានល្អតាមក្បួនវេជ្ជសាស្រ្ត ធ្វើលំហាត់ប្រាណ សម្រាក ស្ដាប់តន្រ្តី ដើម្បីកាត់បន្ថយស្រ្តេស និងផ្ដល់ឱកាសឲ្យខួរក្បាលមានសេរីភាព៕