សុខសិលា សង្ឃឹម​បង្ហាញ​ខ្លួន​​ជម្រើស​ដំបូង​​នៅ​ U23 ក្រោយ​​បង្ហាញ​ខ្លួន​បាន​មួ​យ​ប្រកួត​នៅ​ U22

  • 2019-03-03 06:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា កែវ សុខសិលា បង្ហាញ​ក្ដី​សង្ឃឹម​​បាន​បង្ហាញ​ខ្លួន​​ ក្នុង​ជម្រើស​ដំបូង​​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ២៣ ឆ្នាំ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ AFC U23 Championship ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ចុង​ខែ​នេះ​។

កែវ សុខសិលា ឱប​ក្បាល​ ហ៊ុល គីមហ៊ុយ

​ការ​ប្រកួត​ជម្រុះ​នេះ ​នឹង​ចាប់​ផ្ដើម​ចន្លោះ​ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ ដែល​មាន​ប្រទេស​ខ្លាំងៗ​ដូច​ជា​កូរ៉េខាងត្បូង ​អូស្ត្រាលី និង​ឆាយនីស​តៃប៉ិ​​ ស្ថិត​នៅ​ពូល​ H ជា​មួយ​កម្ពុជា។

អ្នក​ចាំ​ទី​របស់​ក្លឹប​វិសាខា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ជំនឿ​ចិត្ត​អាច​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ដំបូង​ឡើង​​ក្នុង​ពាន​ U23 ​ខាង​លើ។ រូប​គេ​មើល​ឃើញ​ចន្លោះ​ខ្វះខាត​របស់​ខ្លួន​គឺ​​ចំណុច​ជើង​ ដែល​ទាមទារ​ឲ្យ​ពង្រឹង​បន្ថែម និង​ពិសេស​គឺ​បទ​ពិសោធ​លេង​ពាន​អន្តរជាតិ​​។

សិលា យល់​ថា ​សម្រាប់​ឱកាស​ជាប់ U23 គឺ​មាន​ខ្ពស់ ហើយ​ក៏​សង្ឃឹម​បាន​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ដំបូង​ដូច​គ្នា​។ ​​អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ភ្នំពេញ​ក្រោន​រូប​នេះ​ បាន​បង្ហាញ​ខ្លួន​តែ​មួយ​ប្រកួត​គត់​ក្នុង​ព្រឹត្តិការណ៍ AFF U22 Championship ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដោយ​កាល​នោះ​គឺ​ចាញ់ U22 ឥណ្ឌូណេស៊ី ២-០ ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​