លោក​ឧកញ៉ា ពុង ឃាវសែ ទម្លាយ​រយៈពេល​សាងសង់​ព្រលាន​យន្តហោះ​​​ថ្មី

  • 2019-03-05 07:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រយៈពេល​សាងសង់​ព្រលាន​យន្តហោះ​​ថ្មី ដែល​មាន​ទីតាំង​ស្ថិត​នៅ​​ក្នុង​ស្រុក​កណ្ដាល​ ស្ទឹង និង​ខេត្ត​តាកែវ​ត្រូវ​បាន​​ លោក​ឧកញ៉ា ពុង ឃាវសែ​ អគ្គនាយក​​ក្រុមហ៊ុន OCIC បាន​ទម្លាយ​ឱ្យ​ដឹង​​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃទី ២៨ ខែ​មីនា កន្លងមក​នៅ​ក្រសួង​ដែន​​ដី។

  ការសាងសង់​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​​​ភ្នំពេញ​ថ្មី​ គឺ​ត្រូវ​ចំណាយ​ពេល​សាង​សង់​ចន្លោះ​ពី​ ៥ ឆ្នាំ​ទៅ​ ១០​ ឆ្នាំ ទើប​សាងសង់​រួច​ជាស្ថាពរ។ នេះ​បើ​តាម​លោក លោក​ឧកញ៉ា ពុង ឃាវសែ​។ លោក​បាន​ថ្លែង​អំណរ​គុណ​​ដល់​រាជរដ្ឋាភិបាល​ដែល​ផ្ដល់​ទំនុកទុកចិត្ត​ឱ្យ​ទទួល​កិច្ច​ការ​ដ៏​ធំ​សម្បើម និង​ជា​ប្រវត្តិ​សាស្ត្រ​​នេះ បើ​ទៅ​ជា​លោក​មាន​វ័យ​កាន់តែ​ច្រើន​យ៉ាង​ណា​ក្ដី។

ពេល​ចុះ​ Mou ខ្ញុំ​អាយុ ៧០ ឆ្នាំ ឥឡូវ ៧១ឆ្នាំ ហើយ​ការ​សាងសង់​ព្រលាន​យន្ត​ចំណាយ​ពេល​ពី ៥ ឆ្នាំទៅ​១០ ឆ្នាំ។ អញ្ចឹង​ពេល​ធ្វើ​រួច​ខ្ញុំ​អាយុ ៨០ឆ្នាំ ។ ​ការងារ​នេះ​ជា​កិត្តិយស​ខ្ញុំ​ខ្លាំង​ណាស់​ សម្រាប់​ជីវិត​ចុង​ក្រោយ​របស់​ខ្ញុំ”។ លោក ឧកញ៉ា បន្ថែម​ដូច្នេះ។

  ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ខ្នាត​ ៤F នឹង​ត្រូវ​​សាងសង់​លើ​ផ្ទៃ​ដី ២ ៦០០ ហិកតា ចន្លោះ​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ។ ការ​សម្រេច​នេះ ​ធ្វើ​ឡើង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អន្ដរ​ក្រសួង​ នៅ​ទីស្ដីការ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរ​រូប​នីយកម្ម​និង​សំណង់ ដែល​មាន​ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈកម្មការ​បាន​ដឹក​នាំ​កិច្ចប្រជុំ​លើកទី១ ដោយ​មាន​ការ​ចូលរួម​ពី ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​ជា​អនុប្រធាន​គណៈកម្មការ , ឯកឧត្តម ម៉ៅ ភិរុណ អភិបាល​ខេត្ត​កណ្តាល និង​ជា​សមាជិក​អចិន្ត្រៃយ៍ នៃ​គណៈកម្មការ  រួមទាំង សមាជិក​គណៈកម្មការ​ទាំងអស់ និង​តំណាង​ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ឯ.ក។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ដោយ​អនុវត្ត​តាម​សេចក្ដី​សម្រេច របស់​រាជរដ្ឋាភិបាល ស្ដីពី​ការ​បង្កើត​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​ថ្មី​កាលពី​ថ្ងៃទី ១៨ ខែ​កុម្ភៈ ឆ្នាំ ២០១៥ ។

​គម្រោង​ព្រលាន​យន្ត​ហោះ​ ​ដែល​គ្រោង​វិនិយោគ​ទឹកប្រាក់ ១ ៥០០លាន​ដុល្លារ​អាមេរិក​ ​រាជរដ្ឋាភិបាល​បាន​កាន់​កាប់​១០% ឯ​ក្រុមហ៊ុន​លោក​ឧកញ៉ា ពុង ឃាវសែ​ កាន់កាប់ភាគហ៊ុន៩០% ។ ការ​ចំណាយ​ថវិកា​ទាំង ១ ៥០០​លាន​ដុល្លារ​នេះ​ បាន​មក​ពី​កម្ចី​ធនាគារ​បរទេស ១ ១០០ លាន​ដុល្លារ ២៨០ លាន​ដុល្លារ​ជា​របស់​ក្រុមហ៊ុន OCIC និង ២៨០លាន​ដុល្លារ​ទៀត​ សម្រាប់​ចុះ​បញ្ជី​ពាណិជ្ជកម្ម៕  

អត្ថបទ៖ សុផល