តិច​ភ្លេច​មុខ ភ្លេច​ឈ្មោះ​បាត់​ទៅ! សម ម៉ាណា បញ្ជាក់ ពី​រឿង​បាត់​មុខ​ឈឹង​ប្រមាណ ៥​ឆ្នាំ!

  • 2019-03-06 04:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្រើន​ឆ្នាំ​មក​ហើយ តារា​ម៉ូដែល និង​សម្ដែង សម ម៉ាណា បាន​បាត់​មុខ​ឈឹង​ពី​សិល្បៈ ទើប​តែ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ ស្រាប់​តែ​នាង​លេច​មុខ​វិញ​ក្រឡឺម ក្នុង​ពិភព​សិល្បៈ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។

កញ្ញា សម ម៉ាណា បាន​លេច​មុខ​វិញ​ចុង​ក្រោយ​បំផុត នៅ​ថ្ងៃ​ម្សិលមិញ ចូល​រួម​ការ​ដាក់​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា និង​សំណង់​មួយ​នៅ​សណ្ឋាគារ​សុខា។ វេលា​នោះ គេ​ឃើញ​ថា ម៉ាណា បាន​ចូល​រួម​ជាមួយ​ក្រុម Dara Entertainment របស់​លោក យ៉ែម សំអូន ធ្វើ​ជា​តារា​ម៉ូដែល។

បញ្ហា​នេះ សាមី​ខ្លួន បាន​ឆ្លើយ​ប្រាប់​ថា នាង​ពិត​ជា វិល​មក​សិល្បៈ​វិញ​មែន ក្រោយ​ចាក​ចេញ​អស់​ពេល​ប្រមាណ ៥​ឆ្នាំ។ ហេតុផល ក៏​ព្រោះ​នាង​នៅ​តែ​ស្រឡាញ់​សិល្បៈ បើ​ទោះ​ឃ្លាត​ឆ្ងាយ​យូរ​ហើយ​ក្ដី។ ផ្សំ​នឹង​មាន​ការ​កោះ​ហៅ​ពី​រៀម​ច្បង​ផង នាង​ក៏​សម្រេច​ចិត្ត​វិល​វិញ​តែ​ម្ដង។ "និយាយ​ទៅ ទី​១ ដោយ​សារ​ការ​ស្រឡាញ់​ ហើយ​ទី២ មិត្តភ័ក្ដិ ក៏​ដូច​ជា​ទស្សនិកជន ជំរុញ ផ្សំ​នឹង​បង យ៉ែម សំអូន ហៅ​ផង កុំ​សម្រេច​ចិត្ត​ថា​ចូល​វិញ​ទៅ"។

តារា​ម៉ូដែល និង​សម្ដែង សម ម៉ាណា បាន​បន្សាត់​ខ្លួន​បន្តិច​ម្ដងៗ ពី​ការងារ​សិល្បៈ​គ្រប់​ទម្រង់​រហូត​ដល់​ស្ងាត់​ឈឹង កាល​ពី​អំឡុង​ឆ្នាំ ២០១៤។ ការ​ចាក​ចេញ​នៅ​ពេល​នោះ សាមី​ខ្លួន​មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា មក​ពី​ហេតុអ្វី​នោះ​ទេ។ ប៉ុន្តែ​នៅ​ពេល​នេះ នាង​ប្រាប់​ថា នាង​ចាក​ចេញ​ពេល​នោះ ដោយ​សារ​តែ​ នាង​មាន​មុខ​របរ​រក​ស៊ី ព្រម​ទាំង​មាន​ការងារ​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត​ផង ក៏​សម្រេច​ថា​ដក​ឃ្លា​ពី​សិល្បៈ​ទៅ។

បែប​នេះ​ក្ដី ប៉ុន្មាន​ឆ្នាំ​មក​នេះ មុខ​ជំនួញ​របស់​នាង​មិនទៅ​មុខ ពោល​គឺ​មិន​ជោគជ័យ ទើប​នាង​សម្រេច​វិល​មក​អាជីព​ចាស់​នាង​វិញ។ នេះ​មិន​មែន​ជា​ការ​ដក​ខ្លួន និង​វិល​មក​វិញ​លើក​ទី​១របស់ ម៉ាណា នោះ​ទេ កាល​ពី​អំឡុង​ឆ្នាំ ២០១០ នាង​ក៏​បាន​ឲ្យ​ដឹង​ថា នាង​បាន​វិល​ត្រឡប់​មក​សិល្បៈ​វិញ​ដែរ ក្រោយ​ចាក​ចេញ​ច្រើន​ឆ្នាំ​ដូច​គ្នា​នឹង​ពេល​នេះ។ កាល​ណោះ ល្បី​ថា នាង​បែក​បាក់​ស្នេហ៍​ជាមួយ​ឧកញ៉ា​មួយ​រូប។

ត​មក មិន​បាន​ប៉ុន្មាន​ផង គេ​ឃើញ​ថា តារា​ស្រី បាន​ទិញ​ផ្ទះ និង​បើក​​អាជីវកម្ម​ផ្នែក​សំអាង​ការ​នៅ​ទល់​មុខ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដោយ​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ២០ម៉ឺន​ដុល្លារ​ឯណោះ។ លុយ​ច្រើន​សន្ធឹក​សន្ធាប់​ក្រោយ​វិល​មក​សិល្បៈ​វិញ​រយៈ​ពេល​ខ្លី​នេះ ល្បី​ថា នាង​មាន​អ្នក​ឧបត្ថម្ភ​ពី​ក្រោយ។ ប៉ុន្តែ​ម្ដាយ​នាង​បាន​បដិសេធ ដោយ​អ្នក​ស្រី នៅ សារឿន បញ្ជាក់​ថា លុយ​ទាំង​នោះ បាន​ពី​ការ​លក់​ផ្ទះ​ចាស់​របស់​អ្នក​ស្រី​នៅ​ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ​ប៉ុណ្ណោះ។

ងាក​មក​ការ​វិល​មក​ជា​ថ្មី​នៅ​ពេល​នេះ​វិញ ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ ពោល​គឺ សម ម៉ាណា បាន​បាត់​មុខ​ជាមួយ​នឹង​ស្ថានភាព​ជីវិត​ហ៊ឺហា​ដូច​គ្នា។ ម៉ាណា ប្រាប់​ថា ក្រៅ​ពី​កត្តា​មុខ​ជំនួញ នាង​ក៏​ត្រូវ​សង្សារ​ប្រចណ្ឌ​ហួងហែង និង​ជា​អ្នក​ជំរុញ​នាង​ឲ្យ​ចេញ​ពី​សិល្បៈ​ដែរ។ បែប​នេះ​ក្ដី ដោយ​មិន​អធិប្បាយ​បន្ថែម អំពី​ទំនាក់ទំនង​ជាមួយ​សង្សារ​ដែល​នាង​បាន​អះអាង​ខាង​លើ ម៉ាណា បញ្ជាក់​ជា​ថ្មី​ថា ឥឡូវ​នាង​វិល​មក​សិល្បៈ​វិញ​ហើយ។

ក្រោយ​ពី​វិល​វិញ តារា​ស្រី បញ្ជាក់​ថា នាង​ទទួល​បាន​ការងារ​ច្រើន ពិសេស​ជាមួយ​ក្រុម​ពិធីការ​របស់​លោក យ៉ែម សំអូន តែ​ម្ដង៕

អត្ថបទ៖ ទារិកា