Tesla មានកន្លែងសាក​ភ្លើង​ថ្មី សាកតែ ៥ នាទី ​រត់​បាន​ចម្ងាយ ១២០ គ.ម

  • 2019-03-09 04:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla បាន​ប្រកាស​នូវ​ប្រព័ន្ធ​សាក​បញ្ចូល​ភ្លើង Supercharger V3 ជា​ផ្លូវការ ផ្តល់​ឲ្យ​អ្នក​បើកបរ​ចំណាយ​ពេល​ខ្លី​ត្រឹម ៥ នាទី​អាច​សាក​ឲ្យ​រថយន្ត​ធ្វើ​ដំណើរ​បាន​ចម្ងាយ ១២០ គីឡូម៉ែត្រ។ ក្រុមហ៊ុន​របស់​លោក Elon Musk ក៏​បាន​សង្កត់​ធ្ងន់​ថា​ប្រសិនរថយន្ត​នោះ​ស្ថិត​នៅ​លក្ខខណ្ឌ​ល្អ ចាយ​ពេល​សាក​ភ្លើង ១ ម៉ោង​អាច​រត់​បាន​ដល់​ជាង ១ ៦០០ គីឡូម៉ែត្រ។

បច្ចុប្បន្ន​ស្ថិត​ក្នុង​ដំណាក់កាល​បើក​ឲ្យ​ប្រើប្រាស់​សាកល្បង ពោល​គឺ​មាន​តែ​ក្រុម​អ្នក​បើកបរ​មួយ​ភាគ​តូច​នៅ​ស្ថានីយ​ក្នុង​ទីក្រុង Fremont រដ្ឋ California មួយ​គត់​ដែល​អាច​ប្រើប្រាស់​បាន ដោយ​ក្រុមហ៊ុន​មាន​គោលដៅ​ដាក់​ពង្រាយ​ប្រព័ន្ធ V3 Supercharger កាន់តែធំទូលាយចាប់ពីខែមេសា និងពង្រាយក្នុងតំបន់​អឺរ៉ុបនិងអាស៊ី​ប៉ាស៊ីហ្វិក​នា​ត្រីមាស​ទី ៤។

អំឡុង​ការ​ប្រកាស​ព្រម​គ្នា​នា​ថ្ងៃ​ពុធ​នេះ ក្រុមហ៊ុន Tesla ក៏​បង្ហាញ​នូវ​មុខងារ​ថ្មី​មួយ​ទៀត​ឲ្យ​ឈ្មោះ​ថា "On-Route Battery Warmup" ដែល​អាច​ត្រួតពិនិត្យ​ពី​គុណភាព​អាគុយ​របស់​រថយន្ត ដែល​នឹង​ប្រាកដ​ថា​រាល់​រថយន្ត​បើក​មក​ដល់​ស្ថានីយ​មាន​សីតុណ្ហភាព​សមស្រប​ក្នុង​ការ​សាក ឬ​អាច​កាត់បន្ថយ​ថេរវេលា​សាក​ប្រមាណ ២៥ ភាគរយ។

ជាង​នេះ​ទៅ​ទៀត​ប្រព័ន្ធ Supercharger ជំនាន់​ទី ៣ ក៏​មាន​បំពាក់​នូវ​ប្រព័ន្ធ​ Liquid Coolant System ដែល​ធានា​បាន​ថា​ស្ថានីយ​នឹង​ពុំ​ឡើង​កម្ដៅ​ខ្ពស់​រហូត​បង្ក​ដល់​មាន​ករណី​ឆាបឆេះ។

រំឭក​ថា Tesla បាន​ចេញ​ផ្សាយ​ស្ថានីយ​សាក​ភ្លើង​រថយន្ត​ Supercharger ដំបូង​បង្អស់​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១២ មក​ទល់​បច្ចុប្បន្ន​មាន​ប្រមាណ ១២ ៨៨៨ ទូ​នៅ​ឯ​ស្ថានីយ ១ ៤៤១ កន្លែង​ផ្សេង​ពី​គ្នា៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC | theverge   ប្រែ​សម្រួល៖ កៅ រក្សា