នៅ​ ស្រីពៅ ចាប់ផ្តើមផ្តោតលើប្រដាល់សកល

  • 2019-03-11 08:01:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ​ នៅ ស្រីពៅ បាន​ស្រវា​ឱកាស​​ប្រដាល់​សកល​មួយ​ទៀត​​ហើយ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ចុង​ឆ្នាំ​នេះ​ បន្ទាប់​ពី​លទ្ធផល​​​​ល្អ​ប្រសើរ​ពី​អាជីព​ប្រដាល់​សេរី​គុន​ខ្មែរ​ និង​គុន​ចម្រុះ MMA។

កីឡា​ការិនី នៅ ស្រីពៅ

កីឡាការិនី​​ នៅ​ ស្រីពៅ ដែល​បាន​​ជាប់​ឈ្មោះ​ជា​​ Female Fighter of the Year ​របស់​ស្ថាប័ន World Lethwei Championship នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​​​​ទើប​ឈ្នះ​​កីឡា​ការិនី​ថៃ​ Rika ក្នុង​ប្រដាល់​គុន​ចម្រុះ​ទំនង​ជា​ជាប់​ជម្រើស​ជាតិ​​កម្ពុជា​ផ្នែក​ប្រដាល់​សកល​ដើម្បី​​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​ ​ចុង​ឆ្នាំ​២០១៩​នេះ​នៅ​ប្រទេស​ហ្វីលីពីន។

ស្រីពៅ ប្រាប់​​ថា​ ៖«នៅ​ស្រុក​ខ្មែរ​មាន​កីឡា​ការិនី​តិច​តួច​ណាស់​ ដូច្នេះ​ខ្ញុំ​គ្មាន​អ្នក​ដែល​ខ្ញុំ​​ពិតជា​ចង់​ប្រកួត​ជា​មួយ​ទេ​នៅ​ទីនេះ។ ឆ្នាំ​នេះ​ខ្ញុំ​ប្រហែល​មិន​ប្រកួត​គុន​ខ្មែរ​ ​ពី​ព្រោះ​ខ្ញុំ​ជា​ជម្រើស​ជាតិ​ប្រដាល់​សកល។ ដូច្នេះ​ខ្ញុំ​ត្រូវ​ផ្អាក​ការ​ហ្វឹកហាត់​គុន​ខ្មែរ​មួយ​រយៈ​ដើម្បី​ផ្ដោត​​លើ​ប្រដាល់​សកល​​សម្រាប់​​ប្រកួត​ SEA Games 2019 នៅ​ហ្វីលីពីន​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​»។

ស្រីពៅ បន្ត​ថា​​ថា​ ៖«កាល​មុន​ខ្ញុំ​រក​សង្វៀន​វ៉ៃ​មិនបាន​ទេ ហើយ​ខ្ញុំ​គិត​ចង់​ឈប់​ពី​ប្រដាល់​។ នៅ​ក្នុង​ស្រុក​ខ្មែរ​មិន​សូវ​មាន​កីឡា​ការិនី​ទេ​ ហើយ​សឹង​តែ​មិន​មាន​ការ​គាំទ្រ​ការ​ប្រកួត​របស់​កីឡា​ការិនី។ យ៉ាង​ណា​​ ឥឡូវ​លោក​គ្រូ ហ៊ុន ច័ន្ទរាជ្យ រក​បាន​ឱកាស​ថ្មី​សម្រាប់​ខ្ញុំ។ ខ្ញុំ​រំភើប​ខ្លាំង​មែនទែន​។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​។ ខ្ញុំ​លែង​ចង់​ឈប់​ហើយ​ ហើយ​ខ្ញុំ​នឹង​ខំ​ហាត់​ឱ្យ​ខ្លាំង​ជាង​នេះ​ទ្វេ​ដង»។

ដើម្បី​ត្រៀម​ខ្លួន​ឱ្យ​រួច​រាល់​សម្រាប់​ការ​ប្រកួត​ដែល​អាច​កើត​ឡើង​​នា​ពេល​ខាង​មុខ នៅ ស្រីពៅ​ រាល់​ថ្ងៃ​នេះ​កំពុង​​ប្រឹងប្រែង​ហាត់​​យ៉ាង​ស្វាហាប់​ដោយ​មិន​ខ្លាច​នឿយហត់ និង​ទទួល​បាន​ការ​គាំទ្រ​​យ៉ាង​ច្រើន​​។ រាល់​ថ្ងៃ​​​កីឡា​ការិនី​កម្ពុជា​រូប​នេះ​កំពុង​ហាត់​ប្រដាល់​សកល​នៅ​អូឡាំពិក ប៉ុន្តែ​បើ​ត្រូវ​ទៅ​ប្រកួត​ MMA ​កញ្ញា​នឹង​ហាត់​ត្រៀម​នៅ​ក្លឹប Cambodian Top Team​៕

នៅ ស្រីពៅ ពេល​ឈ្នះ​កីឡា​ការិនី​ថៃ (រូបថត៖​ ONE)

អត្ថបទ៖ Matias Andres