ក្រុមហ៊ុន​ WeGO ​រៀបចំ​ដំណើរ​កម្សាន្ត​ដល់​អ្នកបើកបរ​ឆ្នើម​នៅ​ V Kirirom Resort

  • 2019-03-11 08:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​សម្រាប់​ការ​បម្រើ​​សេវា ​និង​ក្រមសីលធម៌​ល្អ​​ក្នុង​ការ​​បើកបរ​បម្រើ​ភ្ញៀវ ​ ​ក្រុមហ៊ុន​​ WeGO ​បាន​រៀបចំ​ដំណើរ​កម្សាន្ត​​សម្រាប់​ដៃគូ​បើកបរ​ជាង​ ៦០ ​នាក់​ ​ទៅ​កាន់​រមណីយដ្ឋាន​ V Kirirom ​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី ១០ ​មិនា​កន្លង​ទៅ​នេះ។  

​ក្រុមហ៊ុន​បម្រើ​សេវា​​ដឹក​អ្នក​ដំណើរ​តាម​ទូរសព្ទ​របស់​ខ្មែរ​ដដែល​​ឲ្យ​ដឹង​ថា ​ការ​រៀបចំ​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​ជាមួយ​ដៃគូ​បើកបរ​ឆ្នើម​របស់​ខ្លួន​គឺ​ក្នុង​គោល​បំណង​​អបអរ​ និង​លើក​ទឹកចិត្ត​ដល់​ពួកគាត់​សម្រាប់​ការ​បម្រើ​សេវា​ដល់​ភ្ញៀវ​ ដែល​ប្រើ​សេវា​របស់ WeGO ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ​​និង​​ចង់​ជំរុញ​ឲ្យ​ដៃគូ​បើកបរ​​ផ្សេង​ទៀត​បាន​ចូលរួម​កាន់​តែ​ផុលផុស។ ​

យើង​ចង់​ឲ្យ​ពួកគាត់​បាន​ស្គាល់​គ្នា ​​បង្កើត​ចំណង​មិត្តភាព ​ក៏​ដូចជា​បង្កើន​​ទំនាក់ទំនង​រវាង​គ្នា​ និង​គ្នា​ក្នុង​នាម​ជា​គ្រួសារ​ WeGO ​តែ​មួយ"។ ​នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​ ឡេង វិសិដ្ឋ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ WeGO។ ​​  

"មួយ​វិញ​ទៀត​ យើង [WeGO] ​ចង់​ឲ្យ​ពួកគាត់​បាន​រៀនសូត្រ​ពី​ទំនាក់ទំនង​ជាមួយ​បរិស្ថាន​​ដោយ​ការ​កែច្នៃ​សំរាម​ទៅ​ជា​​វត្ថុ​មាន​ប្រយោជន៍​តាមរយៈ​ការ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាលា​ដូង​ ដែល​ច្នៃ​ពី​សំរាម​ទៅ​ជា​ថ្នាក់រៀន​ដ៏​ស្រស់​ស្អាត​សម្រាប់​កុមារ​ក្នុង​សហគមន៍​ភ្នំ​គិរីរម្យ"។  

​ក្នុង​ដំណើរ​កម្សាន្ត​នោះ​ដែរ ក្រុមហ៊ុន​​ផ្ដល់​សេវា​ដឹក​អ្នក​ដំណើរ​តាម​ទូរសព្ទ​ដំបូង​គេ​ ដែល​ពង្រីក​ទៅ​ក្រៅ​ប្រទេស​​បាន​រៀបចំ​​ការ​លេង​នានា​​ដើម្បី​ពង្រឹង​ស្មារតី​ជា​ក្រុម និង​ដើម្បី​ឲ្យ​ដៃគូ​បើកបរ​បាន​សាក​​អ្វី​ដែល​ថ្មី ​កសាង​សមត្ថភាព ​និង​បណ្ដុះ​គំនិត​ថ្មីៗ​ដើម្បី​អភិវឌ្ឍ​ក្រុម​គ្រួសារ​ពួកគាត់​ឲ្យ​មាន​ជីវភាព​ល្អ​ប្រសើរ។

​​​​​លោក​ ហៃ ខេន ​ដែល​ជា​ដៃគូ​បើកបរ​ចូលរួម​ក្នុង​កម្មវិធី​ខាង​លើ​​បង្ហាញ​អារម្មណ៍​រីករាយ​ចំពោះ​ការ​រៀបចំ​នេះ។ ​"ខ្ញុំ​​ទទួល​បាន​ច្រើន​ពី​ដំណើរ​កម្សាន្ត​មួយ​នេះ ​ព្រោះ​ខ្ញុំ​បាន​ធ្វើ​រឿង​ថ្មីៗ​មួយ​ចំនួន​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក​សោះ។ ​​​ខ្ញុំ​នឹង​យក​អ្វី​ដែល​បាន​រៀនសូត្រ​នេះ​ទៅ​អនុវត្ត​ដើម្បី​បម្រើ​សេវា​ដល់​ភ្ញៀវ​កាន់​តែ​ល្អ​ ​ដើម្បី​​បង្កើន​ចំណូល​ខ្លួន​ឯង​ដូចគ្នា”។  

ដោយ​ឡែក​ លោក​​ ឆាយ ​សុក ​និយាយ​ថា ​លោក​បាន​ស្គាល់​មិត្តភក្តិ​ថ្មីៗ​ច្រើន ស្គាល់​ពី​សាមគ្គី​ក្រុម ​និង​ទទួល​បាន​​បទពិសោធន៍​ថ្មីៗ​ក្នុង​ជីវិត។ ​ដៃគូ​បើក​កង់បី​ក្រុមហ៊ុន​ WeGO ​បន្ថែម​ថា ​​​​​នេះ​ជា​លើក​ដំបូង​សម្រាប់​លោក​ដែល​ស្គាល់​ការ​បោះតង់ ​​ស្គាល់​ Resort ​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បែបបទ​រស់នៅ​របស់​លោក ​ចំណុច​នេះ​បើក​ភ្នែក​​ឲ្យ​​លោក​មើល​ឃើញ​កាន់​តែ​ទូលំទូលាយ។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ WeGO ​នឹង​រៀបចំ​ឲ្យ​​មាន​ការ​កម្សាន្ត​ ​និង​ការ​លើក​ទឹកចិត្ត​បន្តបន្ទាប់​ទៀត​ដល់​ដៃគូ​បើកបរ​របស់​ខ្លួន​ដើម្បី​ជំរុញ​ការ​បម្រើ​សេវា ​និង​ក្រមសីលធម៌​ដល់​​ភ្ញៀវ​​កាន់​តែ​ល្អ៕​​​​​​​​  

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទពេញនិយម