មក​ស្គាល់​ គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​ PL តែ​មួយ​គត់​ដែល​ដឹកនាំ​ក្រុម​ឲ្យ​ឈ្នះ UCL

  • 2019-03-11 11:00:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈពេល​ ១១​ឆ្នាំ​ចុង​ក្រោយ​ មាន​ក្លឹប​អង់គ្លេស​ចំនួន​ ២​ ដែល​បាន​ឈ្នះ​ពាន​ UEFA Champions League គឺ​ក្លឹប​ Manchester United ឈ្នះ​ក្នុង​ឆ្នាំ២០០៨ និង​ក្លឹប​ Chelsea ឈ្នះ​ក្នុង​ឆ្នាំ​២០១២។

យ៉ាង​ណា​ក៏​ដោយ​ កាល​នោះ​ក្លឹប​ Chelsea ដឹកនាំ​ដោយ​អ្នក​ចាត់ការ​បណ្ដោះអាសន្ន​ជនជាតិ​អ៊ីតាលី​លោក Roberto Di Matteo ដែល​ត្រូវ​បាន​ក្លឹប​តែងតាំង​ក្នុង​ខែ​មីនា ឆ្នាំ២០១២ ។ តាម​ពិត​ទៅ​ Di Matteo បាន​ធ្វើ​ជា​ជំនួយការ​ អ្នក​ចាត់ការ​ Chelsea ជនជាតិ​ព័រទុយហ្គាល់​លោក Andre Villas-Boas ដែល​ត្រូវ​បាន​ក្លឹប​បញ្ចប់​ការងារ​ ក្រោយ​ដឹកនាំ​បាន​តែ​ជាង​ ៨​ខែ​ប៉ុណ្ណោះ។

ក្រោយ​ពី​ឡើង​បន្ត​អ្នក​ចាត់ការ​ព័រទុយហ្គាល់រូប​នោះ Di Matteo បាន​ដឹកនាំ​ក្លឹប​ឲ្យ​ឈ្នះ​ក្លឹប​ធំ​ៗ​មួយ​ចំនួន​ដូច​ជា​ ឈ្នះ​ក្លឹប​ Barcelona ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ (ក្នុង​គ្រាប់​បាល់​សរុប​ទាំង​ ២​ជើង​ ៣-២) និង​ឈ្នះ​ក្លឹប​ Bayern Munich ក្នុង​វគ្គ​ប៉េណាល់ទី​ (ក្នុង​លទ្ធផល ៤-៣) បន្ទាប់​ស្មើ​ក្នុង​លទ្ធផល ១ ទល់​នឹង​ ១​ ក្នុង​នាទី​ទី ១២០។

ក្នុង​រដូវ​កាល ២០១១/១២ដែរ​ អ្នក​ចាត់ការ​ជនជាតិ​អ៊ីតាលី​រូប​នេះ ក៏​ជួយ​ឲ្យ​ក្លឹប​ឈ្នះ FA Cup បន្ទាប់​ពី​បំបាក់​ក្លឹប​ Tottenham Hotspur ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ និង​ឈ្នះ​ Liverpool ក្នុង​វគ្គ Final។

ចូល​រដូវ​កាល ២០១២/១៣ លោក​ត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់ការ​ពេញ​សិទ្ធិ តែ​ជា​អកុសល លោក​ត្រូវ​បាន​ក្លឹប​បញ្ចប់​ការងារ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​ដដែល ក្រោយ​ពេល​ដែល​បរាជ័យ​ញឹកញាប់​ក្នុង​រដូវ​កាល​នោះ និង​ធ្លាក់​ចេញ​ពី UEFA Champions League ត្រឹម​វគ្គ​ចែក​ពូល។

ក្រោយ​មក​ Di Matteo បាន​ដឹកនាំ​ក្លឹប​ Schalke 04 តែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​លោក​មិន​ទាន់​មាន​ក្លឹប​ណា​មួយ​ឡើយ​ បន្ទាប់​ពី​លោក​ត្រូវ​ក្លឹប​ Aston Villa បញ្ចប់​ការងារ​នៅ​ឆ្នាំ២០១៦៕

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម