ប្រជាជនវេណេហ្ស៊ុយអេឡា នាំគ្នាត្រងទឹកលូទុកប្រើប្រាស់ក្រោយដាច់ភ្លើងទូទាំងប្រទេស (មានវីដេអូ)

  • 2019-03-14 03:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​វេណេហ្ស៊ុយអេឡា កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ក្រោយ​ពេល​ដាច់​ភ្លើង​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុនខណៈ​ដែលនៅតែមិនទាន់មានដំណោះស្រាយសមស្របនៅឡើយ។

យោងតាម​វីដេអូ​មួយ​បង្ហាញ​ថា ប្រជាជន​ជា​ច្រើន​ត្រូវ​បង្ខំ​ចិត្ត​នាំ​គ្នា​ទៅ​ត្រង​ទឹក​លូ​សម្រាប់​ទុក​ប្រើប្រាស់​ខណៈ​ដែល​ភ្លើង​បន្ដ​ដាច់​អស់​រយៈ​ពេល​១​សប្ដាហ៍។ ចំណែក​ឯ​មន្ត្រី​ឲ្យ​ដឹង​ថា ប្រសិន​បើ​គ្មាន​អគ្គិសនី នោះ​ទឹក​មិន​អាច​បូម​សម្រាប់​ផ្គត់ផ្គង់​តាម​ផ្ទះ​នីមួយ​ៗ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​បង្ខំ​ចិត្ត​ទៅ​ត្រង​ទឹក​ពី​ទន្លេ, បំពង់​បង្ហូរ​ទឹក និង​ទឹក​លូ​ជា​ដើម។ ក្រោយ​រយៈ​ពេល ៦​ថ្ងៃ​ដោយ​គ្មាន​ទឹក ប្រជាជន​រអ៊ូរទាំ​ខ្លាំង​ដោយ​អ្នក​ខ្លះ​ថា​មិន​អាច​ងូត​ទឹក​គ្រប់គ្រាន់, មិន​អាច​លាង​ចាន និង​បង្គន់​មាន​ក្លិន​ស្អុយ​ដោយ​សារ​គ្មាន​ទឹក​ចាក់។

ជាមួយ​គ្នា​ដែរ វេណេហ្ស៊ុយអេឡា​កំពុង​ព្រួយ​បារម្ភ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ផ្សេង​ៗ​ដោយ​សារ​ការ​ប្រើប្រាស់​ទឹក​មិន​ស្អាត។ ប្រជាជន​ដែល​នាំ​គ្នា​ទៅ​ត្រង​ទឹក​លូ​ទាំង​នោះ​ឲ្យ​ដឹង​ថា ទឹក​ត្រូវ​បាន​បង្ហូរ​ដោយ​អាជ្ញាធរ​ក្នុង​តំបន់​ពី​អាង​ស្ដុកទឹក ប៉ុន្តែ​ដោយ​សារ​វា​ហូរ​តាម​បំពង់​ដែល​កខ្វក់​ទើប​អាច​បណ្ដាល​ឲ្យ​មាន​មេរោគ។

ក្រៅ​ពី​កង្វះ​ខាត​ទឹក​ស្អាត​ប្រើប្រាស់ ការ​ដាច់​ភ្លើង​នៅ​វេណេហ្ស៊ុយអេឡា​ក៏​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​យ៉ាង​ហោច ១៧​នាក់​ស្លាប់​ផង​ដែរ​ដោយ​ភាគ​ច្រើន​មាន​បញ្ហា​តម្រង​នោម​ធ្ងន់ធ្ងរ ដោយសារតែការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់កន្លែងវេជ្ជសាស្រ្តត្រូវបានកាត់ផ្ដាច់៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន