ម្នាក់ទៀតហើយ! Choi Jonghoon មេក្រុម FTISLAND សម្រេចចាកចេញពីវិស័យសិល្បៈ ក្រោយពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ

  • 2019-03-14 08:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេក្រុម FTISLAND តារា​ចម្រៀង Choi Jonghoon សម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុម និង​ឈប់​ពី​ការងារ​សិល្បៈ។

បើ​តាម​ផលិតកម្ម FNC បាន​បញ្ជាក់​ថា៖ "Choi Jonghoon ដែល​កំពុង​ទទួល​រង​មតិ​រិះគន់​ខ្លាំង ជុំវិញ​ការ​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ដ៏​ក្ដៅ​គគុក​ថ្មី​ៗ​នេះ បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុម​ចម្រៀង FIISLAND នៅ​ថ្ងៃ​នេះ។ Choi Jonghoon នឹង​ស្ម័គ្រ​ចិត្ត​ចូល​ខ្លួន​ចូលរួម​ជាមួយ​ការ​ស៊ើប​អង្កេត​របស់​ក្រុម​ប៉ូលិស​ក្នុង​អំឡុង​ពេល​មួយ​សប្ដាហ៍​នេះ។ លោក​នឹង​ចាក​ចេញពី​ក្រុម និង​ឈប់​ពី​សិល្បៈ​ជា​រៀង​រហូត"។

ជាមួយ​គ្នា​នេះ​ដែរ ខាង​ផលិតកម្ម FNC ក៏​បាន​ធ្វើ​ការ​សុំទោស​ចំពោះ​ការ​គ្រប់គ្រង​តារា​ក្នុង​ផលិតកម្ម​ខ្លួន​មិន​បាន​ល្អ៖

“ពួក​យើង​សូម​ឱន​ក្បាល និង​ធ្វើ​ការ​សុំទោស​ចំពោះ​កង្វះ​ខាត​នៃ​ការ​គ្រប់គ្រង រួម​ទាំង​ការ​អប់រំ​បុគ្គលិក​លក្ខណៈ​របស់​តារា​ក្នុង​ផលិតកម្ម​យើង​មិន​បាន​ល្អ ហើយ​និង​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មាន​ការ​ព្រួយបារម្ភ។ ពួក​យើង​នឹង​រឹត​បន្តឹង ហើយ​ទទួល​រ៉ាប់រង​ចំពោះ​បញ្ហា​នេះ និង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​សហការ ដើម្បីឲ្យ​រឿង​រ៉ាវ​ការ​ពិត​បាន​បើក​បង្ហាញ អំឡុង​ពេល​ប៉ូលិស​ធ្វើ​ការ​ស៊ើប​អង្កេត"។

គួរ​បញ្ជាក់​ថា តារា​ចម្រៀង Choi Jonghoon ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជាប់​ពាក់ព័ន្ធ​​ថា​រួម​គំនិត​គ្នា​ជាមួយ​តារា​ចម្រៀង Seungri និង Jung Joon Young ជុំវិញ​រឿង​​អាស្រូវ​ផ្លូវ​ភេទ។ លោក​ក៏​ត្រូវ​បាន​គេ​ចាប់​បាន​ថា ធ្វើ​ការ​បើកបរ​ក្នុង​ពេល​ស្រវឹង និង​សង្ស័យ​ថា​ស្នើ​សុំ​ឲ្យ​ប៉ូលិស​លាក់​បាំង​រឿង​នោះ​ផង​ដែរ៕ ​​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម