៤ចំណុចនេះ កម្ពុជាដាក់មហិច្ឆតាទៅជាសេដ្ឋកិច្ចឌីជីថល ឲ្យទាន់ពេលវេលា

  • 2019-03-15 09:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះ​បីកម្ពុជា​កំពុង​ស្ថិត​នៅក្នុង​ដំណាក់​កាល​កំពុងអភិវឌ្ឍក៏ដោយ ប៉ុន្តែកម្ពុជា គឺជា​ប្រទេស​មួយដែល​មាន​សក្ដានុពល​ខ្ពស់​ប្រកប​ដោយ​ជវភាព​ ក្នុង​ការ​ក្ដាប់យក​នូវ​កាលានុវត្តភាព​ពី​បដិវត្តន៍​ឧស្សាហកម្មទី៤ ដែល​ពឹង​ផ្អែក​បច្ចេកវិទ្យា​ ប៉ុន្តែ​ត្រូវ​ការ​ពេល​ប្រមាណ​ ៥ ទៅ ១០ឆ្នាំ ឬច្រើនជាងនេះ ដើម្បី​តម្រង់​ទិស​ជា​​សេដ្ឋកិច្ច​ឌីជីថល​ពេញ​លេញ​មួយ​​​។ នេះ​ជា​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ពិធី​បើក​ជា​ផ្លូវ​ការ​នៃ​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់ ជាតិ​លើក​ដំបូង​​ និង​ធំបំផុត Digital cambodia នៅ​ឯ​កោះពេជ្រ ​ថ្ងៃ​ទី​១៥ មីនា ២០១៩។

អគ្គបណ្ឌិតសភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន

ដើម្បីផ្លាស់ប្ដូរសេដ្ឋកិច្ចបែបបច្ចេកវិទ្យាឲ្យទាន់ពេលវេលា ​អគ្គបណ្ឌិតសភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច ថ្លែង​​ដោយ​ជឿជាក់​ផ្អែក​លើ​កត្តា​ចំនួន​ ៤ គឺ​ ទី១ ភាព​អំណោយ​ផល​ផ្នែក​ប្រជាសាស្ត្រ​ ដោយសារ​វត្តមាន​នៃ​ចំនួន​យុវជន​ដ៏​ច្រើន​ដែល​មាន​ការ​អប់រំ​ខ្ពស់​ និង​ងាយ​ទទួល​យក​នូវ​បច្ចេកវិទ្យា​ឌីជីថល​យ៉ាង​ឆាប់​រហ័ស ទី២ ការកើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ និង​ឧបករណ៍ឆ្លាត​ (Smart Device) ទី៣. ការរីកចម្រើន​យ៉ាង​រហ័ស​លើ​ផ្នែក​បច្ចេកវិទ្យា​ តាម​រយៈ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ និង​ទី​៤. ឥទ្ធិ​ពល​ដ៏​លឿន​នៃ​ឌីជីថល​ភាវូនីយកម្ម​ដែល​កំពុង​មាន​នៅក្នុង​គ្រប់​វិ័យសំខាន់​នៃ​សេដ្ឋកិច្ចជាតិ។ ជាក់​ស្ដែង​នៅកម្ពុជា​, សេដ្ឋកិច្ច​ឌីជីថល​កំពុង​លេច​រូប​រាង​បណ្ដើរៗ​ ដូចជាការប្រើប្រាស់​ការទូទាត់​សាច់ប្រាក់​តាម​ឌីជីថល ការកម្សាន្ត​តាម​អនឡាញ សកម្មភាព​ពាណិជ្ជកម្ម​អេឡិចត្រូនិច...។ល។

​បន្ថែម​​​ក្នុង​ន័យ​ខាង​លើ​នេះ​ កម្ពុជា​ខិតខំ​​ប្រឹង​ទាញ​ឱកាស​ក្នុង​ការ​​លោត​ផ្លោះ​ដំណាក់​កាល​ធម្មតា​ ជម្រុញ​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ឌីជីថល​ ដោយ​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៤ បាន​ដាក់​ចេញ​ និង​អនុវត្ត​វិធាន​ការ​គោល​នយោបាយ​ជាក់​លាក់​ចំនួន​៤ ដូច​ខាង​ក្រោម​៖

១. ការ​រៀប​ចំ​បង្កើត​ធនាគារ​សហគ្រាស​ខ្នាត​មធ្យម​ និង​តូច(SMEs Bank) និងការ​ដាក់​ចេញនូវ​អនុក្រឹត្យ​ពី​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធដារ​ សម្រាប់​សហគ្រាស​ខ្នាត​មធ្យម​ និង​តូច ក្នុង​វិស័យ​អាទិភាព​ រួម​បញ្ចូល​នូវ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​ផងដែរ​។

២. ការ​បង្កើត​មូល​និធិ​អភិវឌ្ឍន៍​ជំនាញ​ក្នុង​គោល​បំណង​កាត់​បន្ថយ​គម្លាត​ជំនាញ​ តាម​រយៈ​ការ​បង្កើន​ការ​ផ្គត់ផ្គង់​ជំនាញ​ដែល​មាន​តម្រូវការ​ខ្ពស់​ក្នុង​វិស័យ​អាទិភាព​រួមមានវិស័យ​កម្មន្តសាល​ សំណង់​ បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​ អេឡិចត្រូនិច​ ទេសចរណ៍​ និង​ជំនាញ​មាន​តម្រូវ​ការ​ខ្ពស់​។ ក្នុង​ន័យ​នេះ​ ជំនាញ​ឌីជីថល​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​វិស័យ​អាទិភាព​ផងដែរ។

៣. ការបង្កើត​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី "តេជោ" ក្នុង​គោល​បំណង​គាំ​ទ្រ​ដល់​ការដល់​ការ​បង្កើត​ធុរកិច្ច​ថ្មីៗ​ផ្អែក​លើ​បច្ចេកវិទ្យា​ ឬ Tech -Startup)។

​​​​​​៤. ការបង្កើត​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​ ក្នុង​គោល​បំណង​កៀរគរ វិនិយោគ​ និង​គ្រប់​គ្រង​បរធន​ពី​គ្រប់​ប្រភព​ស្រប​ច្បាប់​នានា សំដៅ​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិន​ភាព​ តាម​រយៈ​ការ​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ និង​មិន​មែន​ហិរញ្ញវត្ថុ​ សម្រាប់​ផ្ដល់​ការ​គាំ​ទ្រ​ជូន​ដល់​សហគ្រិន​, សហគ្រាស​ខ្នាត​មធ្យម​ និង​តូច, ធុរកិច្ច​បង្កើត​ថ្មី​ និង​ស្ថាប័ន​ដៃ​គូ​ដែល​ធ្វើ​សកម្មភាព​នវា​នុវត្តន៍​ និង​បង្កើត​តម្លៃ​បន្ថែម​ក្នុង​សេដ្ឋកិច្ច​។

គូស​បន្ថែមថា ​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់ ជាតិ​លើក​ដំបូង​​ Digital cambodiaនៅ​ឯ​កោះពេជ្រ នឹង​រៀប​ចំ​រយៈ​ពេល​៣ថ្ងៃ​ ចាប់​ពី​ ១៥ ដល់ ១៧ មីនា ២០១៩៕​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម