សិល្បករ ជួប​សិល្បករ​ជប់​លៀង​ផ្អើល បិទ​បញ្ចប់​ការ​ថត​រឿង​ទី ១៩ របស់​ទូរទស្សន៍​លេខ ៥

  • 2019-03-18 03:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ សិល្បការិនី ភាគ​ច្រើន​ជា​តួ​សម្ដែង​ក្នុង​រឿង "មិត្ត​ឫស្សា" បាន​ជួប​គ្នា​ធ្វើ​ពិធី​ជប់​លឿង​ធំ​មួយ ដើម្បី​ប្រកាស​ការ​បិទ​បញ្ចប់​ការ​ថត​វីដេអូ​ភាគ​ទូរទស្សន៍​ខាង​លើ ក្រោយ​ចំណាយ​ពេល​ថត​ជាមួយ​អស់​ពេល​យ៉ាង​យូរ។

សិល្បករ សិល្បការិនី​មាន​វត្តមាន​ក្នុង​ឱកាស​នោះ លោក មុំ សុធារ៉ា រចនា រ៉ាវាឌី ជា​តួឯក​ប្រុស តួឯក​ស្រី។ ដោយ​ឡែក យ៉ែម ស្រីពេជ្រ ដែល​ជា​តួឯក​ស្រី​ដែរ​នោះ មិន​មាន​វត្តមាន​នោះ​ទេ។ សិល្បករ​ផ្សេង​ទៀត​មាន សុធា ពិសិដ្ឋ លោក លាង ឧត្តម ឆ័យលី ដាឡែន ម៉ានីកា និង ម៉ានីតា ជា​ដើម។

សុធារ៉ា និង​កញ្ញា រចនា រួម​ជាមួយ​មិត្ត​ភ័ក្ដិ​រឿង​សាច់​រឿង​ឯ​ទៀត បាន​ពោល​ថា ពួក​គេ​រីករាយ​ដែល​បាន​រួម​គ្នា​រំលេច​ស្នាដៃ​ពិសេស​មួយ ត្រៀម​ដាក់​បម្រើ​ខ្សែ​ចក្ខុ​របស់​បង​ប្អូន​ទស្សនិកជន​ឆាប់​ៗ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥។ កញ្ញា ម៉ានីកា ជា​តួអង្គ​សំខាន់​មួយ​រូប បាន​ថ្លែង​បញ្ជាក់​ថា រឿង "មិត្ត​ឫស្យា" សាច់​រឿង​ឆ្លុះ​បញ្ចាំង​ពី​ធាតុ​ភាព​ពិត​ក្នុង​សង្គម បង្ហាញ​ពី​ការ​អប់រំ រួម​ទាំង​ស​​បញ្ជាក់​ពី​សារធាតុ​មនុស្ស ល្អ​ពី​ខាង​មុខ លួច​ចាក់​ពី​ក្រោយ និង​ហ៊ាន​ក្បត់​សូម្បី​តែ​មិត្ត​ជិត​ស្និទ្ធ​ខ្លួន​ឯង​ក៏​ហ៊ាន​ក្បត់​ដែរ។

ក្រៅ​ពី​នេះ ស្នេហា ច្រណែន​និន្ទា ប្រជែង​គ្នា ក៏​មាន​ក្នុង​សាច់​រឿង​ដែរ។ ទាំង​អស់​នេះ កញ្ញា​ថា នឹង​ជា​ចំណុច​លេច​ធ្លោ​របស់​សាច់​រឿង។ នេះ​ជា សមិទ្ធផល​ថ្មី​មួយ​ទៀត​របស់ ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥ ដែល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​សម្រុក​ថត​ភាពយន្ត​ក្នុង​ស្រុក​យ៉ាង​ច្រើន។ លោក ហួង តារាមុន្នី នាយក​ផលិត​កម្មវិធី​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥ បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ ២០១៦ មក​ផង ស្ថានីយ​របស់​លោក​ផលិត​ភាពយន្ត​ក្នុង​ស្រុក​បាន ១៨​រឿង​ហើយ ហើយ "មិត្ត​ឬស្សា" គឺ​ជា​រឿង​ទី ១៩ ដែល​ទើប​បិទ​បញ្ចប់​ការ​ថត​នា​ពេល​នេះ។

លោក​ថា បេសកកម្ម​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ ដោយ​ក្នុង​នោះ លោក តារា​មុន្នី បន្ថែម​ថា លោក​នៅ​មាន​ផែន​ការ​ផលិត​ភាពយន្ត​ក្នុង​ស្រុក​ច្រើន​ទៀត​រហូត​ដល់​ឆ្នាំ ២០២០។ "គិត​មក​ត្រឹម​ពេល​នេះ យើង​ផលិត​បាន​ជាង​១០​រឿង​ហើយ គឺ​រឿង​នេះ ជា​រឿង​ទី ១៩ ហើយ​យើង​នៅ​មាន​ផែន​ការ​ផលិត​បន្ត​ទៀត ដែល​ពី​ហ្នឹង​ទៅ​រហូត​ដល់​ឆ្នាំ ២០២០ យើង​នៅ​សល់​រឿង ៨​រឿង​ទៀត​ដែល​ត្រូវ​ផលិត"។

និន្នាការ​នេះ នាយក​គ្រប់​គ្រង​កម្មវិធី​ខាង​លើ​បញ្ជាក់​ថា ដើម្បី​ផ្ដល់​ការងារ​ដល់​សិល្បករ សិល្ប​ការិនី​ក្នុង​ស្រុក សម្រួល​ជីវភាព​របស់​ពួកគេ និង​ចូល​រួម​លើក​កម្ពស់​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក​ដែរ។ យ៉ាង​ណា ជុំ​វិញ​ការ​សម្រុក​ផលិត​ភាពយន្ត​ក្នុង​ស្រុក​នេះ ស្ថានីយ​ក៏​ទទួល​ពាក្យ​រិះគន់​ខ្លះ​ដែរ លើ​ការ​ទិញ​សិទ្ធិ​ភាពយន្ត​ថៃ មក​ថត​ឡើង​វិញ​ក៏​ដោយ។ បញ្ហា​នេះ លោក ហួង តារាមុន្នី នាយក​ផលិត​កម្មវិធី​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥ បាន​ទទួល​ស្គាល់​ តែ​ថា នេះ​ជា​និន្នាការ​សាកល និង​ជា​រឿង​ធម្មតា ក្នុង​ឧស្សាហកម្ម​ភាពយន្ត។

លោក មុំ សុធារ៉ា និង​កញ្ញា រចនា រ៉ាវាឌី តួឯកប្រុស​ស្រី

ក្នុង​ន័យ​នេះ លោក​ថា កម្ពុជា​មិន​មែន​ជា​ប្រទេស​តែ​មួយ​ទេ ដែល​ទិញ​សិទ្ធិ​រឿង​បរទេស​មក​ផលិត​ឡើង​វិញ ក្នុង​នោះ​សូម្បី​ថៃ​ខ្លួន​ឯង ហូលីវូដ ជប៉ុន កូរ៉េ ជា​ដើម ក៏​មាន​ទិញ​សិទ្ធិ​ភាពយន្ត​ប្រទេស​ផ្សេង​មក​ផលិត​ដែរ។ យ៉ាង​ណា​ក៏​ដោយ លោក តារា​មុន្នី សង្កត់​ធ្ងន់​ថា ត្បិត​តែ​ទិញ​សិទ្ធិ​គេ​មែន ប៉ុន្តែ​សាច់​រឿង​មិន​យក​តាម​គេ​ទាំង​ស្រុង​ទេ។ ក្រៅ​ពី​នេះ ទៀត​សោត លោក​ក៏​គិត​លើ​ការ​បង្កើត​ថ្មី​ដែរ។

“ជាក់​ស្ដែង ក្នុង​ចំណោម​រឿង​ដែល​យើង​ផលិត​ហើយ គឺ​មាន​ទាំង​ទិញ​សិទ្ធិ និង​រឿង​ថ្មី​របស់​យើង ហើយ ៨​រឿង​ដែល​យើង​គម្រោង​ថត​ដល់​ឆ្នាំ ២០២០​នោះ គឺ​ដូច​គ្នា គឺ ៤រឿង ទិញ​សិទ្ធិ ៤​រឿង​ទៀត​ជា​រឿង​ថ្មី​របស់​យើង ដែល​២ ទូរទស្សន៍​លេខ ៥ ផលិត​ផ្ទាល់ ២​ទៀត" ក្រុម​ផលិត​ពី​ក្រៅ​ផលិត​ឲ្យ​យើង!”៕

អត្ថបទ៖ ទារិកា