រថភ្លើងបុកគ្នានៅហុងកុង កំពុងបង្កភាពជ្រួលច្របល់ខ្លាំងដល់អ្នកធ្វើដំណើរ

  • 2019-03-18 07:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថភ្លើង​ពីរ​គ្រឿង បាន​បុក​គ្នា​ក្នុង​ទីក្រុង​ហុងកុង​នា​ថ្ងៃ​ចន្ទ​ទី ១៨​ខែ​មិនា​នេះ​ដែល​បណ្ដាល​ឲ្យ​បង្អាក់​សេវាកម្ម​ជា​ច្រើន​ក្នុង​ទីក្រុង​ដ៏​មមាញឹក​មួយ​នេះ។

យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា អ្នក​បើក​បរ​រថភ្លើង​ទាំង​ពីរ​គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ហើយ​អាជ្ញាធរ​ស្នើ​សុំ​ឲ្យ​ពលរដ្ឋ​ស្វែង​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេង ឬ​ផ្លូវ​រថភ្លើង​ផ្សេង​ពី​នេះ។ ប៉ុន្តែ​ជា​សំណាង​ល្អ នៅ​ពេល​កើត​ហេតុ​រថភ្លើង​នេះ មិន​មាន​ផ្ទុក​អ្នក​ដំណើរ​នោះ​ទេ​ដោយ​សារ​តែ​វា​ជា​ការ​រត់​សាកល្បង​នៃ​ប្រព័ន្ធ​ឲ្យ​សញ្ញា​ថ្មី។ ក្រោយ​កើត​ហេតុ សេវាកម្ម​រថភ្លើង​ពី​ស្ថានីយ Admiralty និង​ស្ថានីយ​កណ្ដាល​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន ខណៈ​ស្ថានីយ​កំពុង​បើក​ការ​ស៊ើប​អង្កេត​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​នេះ​ឡើង។

ជាមួយ​គ្នា​ដែរ រដ្ឋាភិបាល​ក្រុង​ហុងកុង បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ពី​គ្រោះ​ថ្នាក់​នេះ ហើយ​ស្នើ​សុំ​ឲ្យ​អ្នក​ដំណើរ​ទាំង​អស់​មេត្តា​យោគយល់​មុន​ពេល​ដែល​រថភ្លើង​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ដែល​អាច​ចំណាយ​ពេល​យូរ៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ រ័ត្ន