កុំ​ច្រឡំ​ថា ​បើក​អាជីវកម្ម​បាន​ គឺ​ជា​ជោគជ័យ

  • 2019-03-19 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាប់​ផ្ដើម​ដំណើរការ​អាជីវកម្ម​មួយ​ទៅ​បាន អាច​ចាត់​ទុក​ថា​ ជា​ជោគជ័យ​មួយ​របស់​សហគ្រិន​វ័យក្មេង​មួយ​រូប​។ ប៉ុន្តែ​ក្នុង​ភ្នែក​អ្នក​ជំនួញ​ជើង​ចាស់ ដែល​មាន​មូលធន​ធំៗ វា​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​មួយ​ប៉ុណ្ណោះ ហើយ​ងាយ​ណាស់​នឹង​រលំ​ទៅ​វិញ​ប្រសិន​ម្ចាស់​អាជីវកម្ម​ហ៊ាន​តែ​ភ្លេច​ខ្លួន​។

លោក​ឧកញ៉ា​ គួច ម៉េងលី បាន​ផ្ដាំ​ទៅ​យុវជន ​ដែល​កំពុង​ពុះ​កញ្ជ្រោល​ក្នុង​ការ​ធ្វើ​ជំនួញ ជា​ពិសេស​ជំនួញ​ខ្នាត​តូច និង​មធ្យម សូម​កុំ​ឆាប់​ចេញ​ប្រលូក​ទាំង​នៅ​ខ្ចី​ពេក គួរ​តែ​រៀន​ឲ្យ​បាន​ខ្ពង់ខ្ពស់ ធ្វើ​ការ​យក​បទពិសោធន៍ ស្វែង​យល់​ពី​បរិបទ​នយោបាយ សង្គម និង​សេដ្ឋកិច្ច​ឲ្យ​បាន​ស៊ីជម្រៅ​សិន សឹម​ឈាន​ជើង​ចេញ​រកស៊ី​ក៏​មិន​ទាន់​ហួស​ពេល​ដែរ​។ ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​អប់រំ​រូប​នេះ​ប្រាប់​ថា ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង​តូច​ក្ដី​ធំ​ក្ដី​យ៉ាង​ហោច​ណាស់​ត្រូវ​មាន​ដើម​ទន់​ខ្ទង់​១០​ម៉ឺន​ដុល្លា ទើប​អាច​ធ្វើ​ទៅ​បាន​រលូន​។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

សួរ​ថា​តើ​បាន​លុយ​ច្រើន​យ៉ាង​នេះ​មក​ពី​ណា​?

ការ​កសាង​ទំនាក់ទំនង និង​ទំនុក​ចិត្ត គឺ​ជា​ដើម​ទុន​សម្រាប់​អ្នក ​ដែល​គ្មាន​លុយ​គ្រប់គ្រាន់​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​។ អ្នក​ដាក់​ទុន​គេ​មិន​មើល​ថា អ្នក​អាច​បើក​បាន ឬ​មិន​បាន​នោះ​ទេ គេ​មើល​ទៅ​លើ​និរន្តរភាព និង​ទស្សនវិស័យ​របស់​អាជីវកម្ម​ថា​តើ​អាច​ឈរ​ជើង​បាន​យូរ​ទេ ហើយ​អនាគត​ទៅ​អាច​ពង្រីក​ខ្លួន​បាន​ប៉ុណ្ណា? ជាក់​ស្ដែង​ដូច​ជា​ កាហ្វេ​មីស្ទ័រប៊្រីវ ដែល​អាច​បើក​ហាង​មួយ​ទំហំ​ជាង​ ៣០​ការ៉េ ទទួល​ភ្ញៀវ​បាន​រាប់ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ និយាយ​បាន​ថា​ យីហោ​កាហ្វេ​ខ្មែរ​មួយ​នេះ​កំពុង​ទាញ​យក​ចំណែក​ទីផ្សារ​ពី​យីហោ​បរទេស​ធំៗ​ ដែល​មាន​វត្តមាន​ក្នុង​រាជធានី​ភ្នំពេញ​។ តាម​ពិត​ទៅ​ម្ចាស់​កាហ្វេ​នេះ​គ្មាន​លុយ​ឯណា​ដល់​ទៅ​ជិត ៤០ម៉ឺនដុល្លាទេ តែ​លោក​ចាយ​ភាព​ចាស់​ទុំ​ក្នុង​ការ​រក​ស៊ី ក្នុង​នោះ​មាន​ទំនាក់ទំនង ទំនុក​ចិត្ត ការ​គ្រប់គ្រង ទស្សនវិស័យ​ទៅ​អនាគត ដូច​ដែល​បាន​លើក​ឡើង​ខាង​លើ​។

ក្រឡេក​មក​ប្រសាសន៍​ លោក​ឧកញ៉ា ម៉េងលី វិញ បី​កត្តា​សំខាន់​ធ្វើ​ឲ្យ​ជំនួញ​រីក​ចម្រើន និង​មាន​និរន្តរភាព​បាន​មាន ហិរញ្ញវត្ថុ ធនធាន​មនុស្ស និង​បច្ចេកវិទ្យា។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ឈិន ធារ៉ាត់