ដឹង​អត់! តើ​ភ្នំពេញ​ត្រូវការ​ទឹក​ស្អាត​ប៉ុន្មាន​ម៉ឺន​ម៉ែត្រ​គីប​ ដើម្បី​ប្រើប្រាស់​ប្រចាំថ្ងៃ?

  • 2019-03-19 07:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការផលិត​ទឹក​ស្អាត​ដើម្បី​ផ្គត់ផ្គង់​នៅ​រាជធានី​ភ្នំពេញ ​ពី​​គ្រប់​ស្ថានីយ​​មាន​ប្រមាណ ៥៦​ម៉ឺន​ម៉ែត្រគីប និង​អាច​ផ្តល់​សំពាធ​ទឹក​ខ្លាំង​បាន​ចំនួន ២៨​ម៉ឺន​កុង​ទ័រ។ នេះ​បើ​តាម​ប្រសាសន៍​លោក ​ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​​។

យ៉ាង​ណា​មិញ​ លោក​ថា នៅ​ក្នុង​រដូវក្តៅ​នេះ កុងទ័រ​ទឹក​បាន​ប្រើប្រាស់​កើនឡើង​រហូត ៣៦​ម៉ឺន​កុងទ័រ ជាហេតុ​ធ្វើ​ឱ្យ​សំពាធ​ទឹក​ត្រូវ​ថយចុះ​ខ្លាំង។​ រដ្ឋាករ​ទឹក​សម្រេច​ចិត្ត កាត់បន្ថយ​សំពាធ​នៅ​ក្នុង​រាជធានីភ្នំពេញ ​ដើម្បី​ចែក​រំលែក​ឱ្យ​ ប្រជាពលរដ្ឋ​នៅ​ជាយ​រាជធានី​ភ្នំពេញ​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់។

  លោក​បាន​បន្ថែម​ថា នៅ​ក្នុង​អំឡុង​ពេល ដែលកម្ពុជា ជួប​អាកាសធាតុ​ក្តៅហួត​ហែង​នេះ នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​តម្រវ​ការ​ទឹក​បន្ថែមប្រមាណជាង ១០ម៉ឺន​ម៉ែត្រ​គីប ក្នុង​មួយថ្ងៃ ដែល​បញ្ហា​នេះ បាន​បណ្តាល​ឱ្យ​ការ​ផ្តល់​សេវា​ទឹក​ស្អាត​ប្រើប្រាស់​មិន​បាន​ល្អ​ប្រសើរ​នោះទេ។​ ស្ថានភាព​នៅ​ក្នុង​រដូវក្តៅ​រាជធានី​ភ្នំពេញ ​ត្រូវ​ការ​ផលិត​ទឹក​ស្អាត​ឱ្យ​បាន​ ៧៥ម៉ឺនម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ ទើប​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់។ ​ក្នុង​ស្ថាន​ភាព​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​លោក​ ស៊ឹម ស៊ីថា បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ សន្សំ​សំចៃ​ទឹក កុំ​ខ្ជះខ្ជាយ​បើក​បង្ហូរ​ស្រោច​ដំណាំ ​ស្រោច​ផ្កា​ចោល ដើម្បី​ឱ្យ​ទឹក​នោះ​អាច​ហូរ​ទៅ​ដល់​ជាយក្រុង។

  លោក​បាន​ឱ្យ​ដឹង​បន្ត​ទៀតថា រាជធានី​ភ្នំពេញ ចាប់ពី​ខែ​តុលា ឆ្នាំ២០១៩ ខាងមុខនេះ​តទៅ ការ​ផ្តល់​សេវា​ទឹកស្អាត នឹង​មាន​សំពាធ​ល្អ​ប្រើ​ឡើង​វិញ​ ដោយសារ​ស្ថានីយ​ផលិត​ទឹក​ស្អាត​នៅ​ជាយ​រាជធានី​ភ្នំពេញ​ថ្មី​មួយ​កន្លែង​នឹង​ត្រូវ​ចាប់ផ្តើម​បើក​ដំណើរ​ការ​ប្រើប្រាស់​ចែកចាយ​ទឹក​បន្ថែម ហើយ​រដ្ឋាករ​ទឹក ​ចាប់ពី​ខែ​តុលា​នេះ ដែរ​ក៏​នឹង​បន្ត​សាងសង់​ស្ថានីយ​ទឹកស្អាត​ថ្មី​មួយ​កន្លែង​ទៀត​នៅ​ក្នុង​សង្កាត់​បាក់​ខែង ​ដើម្បី​ត្រៀម​ប្រើប្រាស់​នៅ​ពេល​ខ្វះខាត​ទឹក​នៅ​ឆ្នាំ​ខាង​មុខ​ទៀត។

  ពាក់ព័ន្ធ នឹង​ការ​ខ្វះ​ទឹក​នៅ​ភ្នំពេញ​​នេះ កាល​ពីម្សិលមិញ ក្នុង​កម្មវិធី​ប្រគល់​ជូន​សញ្ញាបត្រ​ដល់​សិស្សិ​និស្សិត ​វិទ្យាស្ថាន​ជំនាន់​ថ្មី នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ​ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់ ចូលរួម ប្រើប្រាស​ទឹក​ដោយ​សន្សំ​សំចៃ​ផងដែរ៕    

អត្ថបទ៖ សុផល

អត្ថបទពេញនិយម