ហ្វីលីពីនជួបវិបត្តិខ្វះទឹកប្រើប្រាស់ មិនធ្លាប់មានក្នុងរយៈពេលជិត១ទសវត្ស

  • 2019-03-19 09:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋធានី​ម៉ានីឡា​នៃ​ប្រទេស​ហ្វីលីពីន​ដែល​មាន​ប្រជាជន​ប្រមាណ​ជា ២​លាន​នាក់ បាន​ជួប​ប្រទះ​បញ្ហា​កង្វះ​ខាត​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ជិត ១​ទសវត្ស។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ការ​ផ្គត់ផ្គង់​ទឹក​ចាប់​ផ្ដើម​មាន​បញ្ហា​រអាក់រអួល​នៅ​តាម​ភូមិ​តូច​ៗ​ជា​ច្រើន​ចាប់​តាំង​ពី​ដើម​ខែ​មិនា​មក ហើយ​ក៏​បាន​ប៉ះពាល់​ដល់​ទី​ក្រុង​ទាំង​មូល​កាល​ពី​សប្ដាហ៍​មុន។ សង្កាត់​ខ្លះ ត្រូវ​បាន​ផ្ដាច់​ទឹក​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ដោយ​សារ​ទឹក​ក្នុង​ទីក្រុង​ម៉ានីឡា​មាន​កង្វះ​ខាត​រហូត​ដល់​ជាង ១៤០​លាន​លីត្រ​ក្នុង​មួយ​ថ្ងៃ។

យ៉ាង​ណា​មិញ អាជ្ញាធរ​ឲ្យ​ដឹង​ថា​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​កម្ពស់​ទឹក​ធ្លាក់​ចុះ​ក្រោម ៦៩​ម៉ែត្រ​នៅ​ទំនប់​ទឹក La Mesa ដែល​ជា​ប្រភព​ទឹក​សម្រាប់​ផ្គត់ផ្គង់​យ៉ាង​សំខាន់​ដល់​ទីក្រុង ហេតុ​ដូច្នេះ​ទើប​មិនមាន​ទឹក​ហូរ​ទៅ​កាន់​រោងចក្រ​ចម្រោះ​ Manila Water។ ជា​ការ​ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធានាធិបតី​ហ្វីលីពីន​លោក ឌូតឺតេ បាន​បញ្ជា​កាល​ពី​ថ្ងៃ​សុក្រ​ឲ្យ​បញ្ចេញ​ទឹក​ពី​ទំនប់ Angat រយៈ​ពេល ១៥០​ថ្ងៃ​ស្មើ​នឹង ៦០០ ០០០​លាន​លីត្រ​ដើម្បី​ផ្គត់ផ្គង់​ដល់​តម្រូវ​ការ។

គួរ​ឲ្យ​ដឹង​ថា វិបត្តិ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​នេះ ធ្លាប់​កើត​ឡើង​ម្ដង​ដែរ​ក្នុង​ប្រទេស​ហ្វីលីពីន​កាល​ពី​ឆ្នាំ ២០១០ ដែល​ប្រទេស​នេះ​រង​គ្រោះ​ដោយ​សារ​រលក​កម្ដៅ El Nino ហើយ​ផ្ទះ​នីមួយ​ៗ​មិន​មាន​ទឹក​ប្រើប្រាស់​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ៕

ប្រភព៖ Bloomberg   ប្រែសម្រួល ៖ រ័ត្ន