គាំទ្រខ្លាំងពេញបណ្តាញសង្គម យុវជនផ្ដើមគំនិតរើសសំរាមនៅលូទឹកស្អុយបឹងត្របែកជានរណា?
- 2019-03-20 04:27:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គាំទ្រខ្លាំងពេញបណ្តាញសង្គម យុវជនផ្ដើមគំនិតរើសសំរាមនៅលូទឹកស្អុយបឹងត្របែកជានរណា?
ចន្លោះមិនឃើញ
ប៉ុន្មានសប្តាហ៍មកហើយ ដែលយុវជនស្ម័គ្រចិត្តមួយក្រុមបានអ្នកផ្ដួចផ្ដើមគំនិតបង្កើតយុទ្ធនាការប្រមូលសំរាមពីលូទឹកស្អុយនៅម្ដុំបឹងត្របែក ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ សកម្មភាពនេះទទួលបានការគាំទ្រ និងកោតសរសើរមិនដាច់ពីមាត់ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ។ ប៉ុន្តែលោកអ្នកប្រហែលមិនទាន់ស្គាល់អ្នកផ្ដើមគំនិតធំបង្កើតយុទ្ធនាការនេះនៅឡើយទេ។
មានទីកន្លែងកំណើតនៅ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញយុវជន សាន ដារ៉ាវីត គឺជាអ្នកបង្កើតគម្រោងខាងលើនេះ។ ដារ៉ាវីត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យន័រតុនកាលពីឆ្នាំ ២០១១ និងក្រោយមកបានបន្តការសិក្សានៅប្រទេសថៃ ខណៈការសិក្សានៅទីនោះផ្ដោតលើវគ្គខ្លីៗមាន ការគ្រប់គ្រង ចិត្តវិទ្យា និងការគិតធ្វើឱ្យគុណភាពជីវិតកាន់តែល្អប្រសើរ។
មានវ័យ ២៩ ឆ្នាំ ដារ៉ាវីត ជាកូនច្បងក្នុងចំណោមបងប្អូនបីនាក់ មានឪពុកម្តាយជាអាជីវករលក់ដូរ ក្នុងជីវភាពកម្រិតបង្គួរ។ ក្រោយបញ្ចប់ការសិក្សានៅប្រទេសថៃ ដារ៉ាវីត បានបម្រើការងារនៅក្រុមហ៊ុនមួយចំនួន ប៉ុន្តែបានឈប់វិញ និងឈានទៅបើកហាងលក់កូនត្រីលំអនៅក្នុងគេហដ្ឋាន(ត្រីឡហាន) និងមានកសិដ្ឋានបង្កាត់កូនត្រី ដែលអាចផ្គត់ផ្គង់បាននៅភ្នំពេញ និងតាមបណ្តាខេត្ត។
ផ្ដើមពីការធ្វើដំណើរឆ្លងកាត់ម្ដុំលូបឹងត្របែកស្ទើររាល់ថ្ងៃ ហើយតែងតែមានក្លិនស្អុយ និងមានសំរាមអណ្ដែតណែនណាន់តាន់តាប់រាប់សិបឆ្នាំមកហើយ ដារ៉ាវីត ក៏មានគំនិតគៀងគរយុវជនរើសសំរាមចេញពីប្រឡាយទឹកស្អុយនេះចេញ ខណៈយុទ្ធនាការដំបូងចាប់ផ្ដើមកាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៩។ បន្ទាប់ពីបានធ្វើយុទ្ធនាការជាង ១០ ថ្ងៃមកនេះ ដារ៉ាវីត បានទទួលការលើកទឹកចិត្ត និងការគាំទ្រសកម្មភាពនេះជាច្រើន ពិសេសឆន្ទៈចូលរួមពីសំណាក់យុវជនស្ម័គ្រចិត្តកាន់តែច្រើនឡើង បើទោះជាសំរាមមានដង្កូវ និងក្លិនស្អុយយ៉ាងណា មិននឹកស្មានដល់ថា យុវជនខ្មែរមានភាពក្លាហានយ៉ាងដូច្នេះឡើយ។
“កន្លងមកយុវជនជាច្រើនក៏មានអារម្មណ៍មិនល្អទាក់ទងនឹងបរិស្ថាននេះដែរ។ ប៉ុន្តែពួកគាត់អត់ដឹងថា ចាប់ផ្តើមពេលណា? ថ្ងៃណា?។ ពេលនេះ ទើបខ្ញុំដឹងយ៉ាងច្បាស់ថាយុវជនយើងមានភាពក្លាហាន។ សួរថា គាត់ខ្ពើមទេ ? សួរថាគាត់ស្អុយទេ? គាត់ស្អុយ និងខ្ពើម តែគាត់មានឆន្ទៈខ្ពស់ និងក្លាហ៊ាន”។
យ៉ាងណាមិញ ដារ៉ាវីត និងយុវជនស្ម័គ្រចិត្តជាច្រើននាក់ទៀតកាន់តែមានអារម្មណ៍រីករាយ ដោយសារប្រជាពលរដ្ឋបានចាប់ផ្ដើមផ្លាស់ប្ដូរឥរិយាបថ ដូចជាការបោសសំអាត ការវេចខ្ចប់ និងទុកដាក់សំរាមក្នុងធុងសំរាមមិនបោះចោលក្នុងប្រឡាយទឹកស្អុយ។ ការគាំទ្រពីអាជ្ញាធរដែនដី និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់។ “អញ្ចឹងចាប់ផ្តើមពីធ្វើយុទ្ធនាការមក អ្នកបោះហាក់ដូចជារអាដៃក្នុងការបោះសំរាម ចំណែកយុវជនស្ម័គ្រចិត្ត ក៏កាន់តែច្រើនឡើង។ នេះគឺជាការផ្លាស់ប្តូរឥរិយាបថ”។ ក្រោយប្រមូលសំរាមចេញពីប្រឡាយទឹកស្អុយបឹងត្របែករួចរាល់ ក្រុមយុវជនកំពុងសិក្សារកឬសគល់បន្ថែមថា តើចំណុចណាមានការបោះចោលសំរាមច្រើនជាងគេតាមរយៈ ការដាក់សំណាញ់។ ក្រុមយុវជនក៏បន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបោះចោលសំរាមក្នុងធុងឱ្យបានត្រឹមត្រូវផងដែរ ។ ករណីប្រជាពលរដ្ឋ ទុកដាក់សំរាមដាក់ក្នុងធុងបុគ្គលិកប្រមូលសំរាម ស៊ិនទ្រី ជាអ្នកប្រមូល តែបើគាត់ចោលក្នុងប្រឡាយទឹកច្បាស់ជាគ្មានអ្នកណារើសឡើយ។
ក្រុមយុវជនមានឆន្ទៈបន្តយុទ្ធនាការប្រមូលសំរាមរហូតដល់អស់ និងប្រែក្លាយតំបន់នេះជាទីរមណីយដ្ឋាន អាចឱ្យពលរដ្ឋលក់ដូរបាន និងអាចផ្ដល់ប្រាក់ចំណូលបាន ។
“អញ្ចឹងទី១ ប្រែក្លាយកន្លែងហ្នឹងឱ្យស្អាតសិន ទី២ អាចទៅជាទីរមណីយដ្ឋាន កន្លែងហាត់ប្រាណ ឬផ្តល់នូវប្រាក់ចំណូលបានដោយសារតំបន់នេះនៅកណ្ដាលក្រុង។ គ្រប់គ្នាមើលឃើញថា កន្លែងនេះជាកន្លែងផ្ទុកសំរាម ប៉ុន្តែបើយើងអាចកែប្រែតំបន់នេះឱ្យស្អាត ជាទីរមណីយដ្ឋាន និងផ្ដល់ប្រាក់ចំណូល គឺល្អបំផុត។ ដំបូងឡើយវាជា មហិច្ឆតារបស់ខ្ញុំតែម្នាក់ ប៉ុន្តែបច្ចុប្បន្នខ្ញុំគិតថា វាជាមហិច្ឆតា និងឆន្ទៈរបស់យុវជនរាប់ម៉ឺននាក់ក៏ថាបាន ក្នុងការប្រែក្លាយតំបន់នេះ និងក្លាយជាទីរមណីយដ្ឋានដ៏ស្រស់ស្អាត”។
ដារ៉ាវីត ឱ្យដឹងទៀតថា តាមរយៈរូបភាពបង្ហោះនៅលើបណ្ដាញសង្គម មានយុវជនខ្លះគាត់មានគំនិតឌីសាយប្លង់លូទឹកស្អុយបឹងត្របែកយ៉ាងស្អាត និង អាចអុំទូកបាន។ដូច្នេះបច្ចុប្បន្នយុវជនខ្មែរចាប់ផ្ដើមមានមហិច្ឆតា ក្ដីស្រមៃ និងឆន្ទៈខ្ពស់ឡើង។ តាមរយៈសកម្មភាពរបស់យុវជនបន្តិចម្តងៗនៅថ្ងៃនេះ ដារ៉ាវីត មានសុទិដ្ឋិនិយម ក្នុងពេលមួយឆ្នាំ ឬពីរឆ្នាំទៀតទីក្រុងភ្នំពេញនឹងស្រស់ស្អាត គ្មានសំរាម និងដីហុយ។ ដារ៉ាវីត បានផ្ដាំផ្ញើថា នាមជាជនជាតិខ្មែរ សូមកុំព្យាយាមបោះចោលសំរាមទាំងរូបិយ និងអរូបិយ និងកុំបន្ទោស ឬដាក់បន្ទុកទៅលើអ្នកណាតែម្នាក់ ពោលត្រូវចាប់ផ្ដើមខ្លួនយើង។ សំរាមរូបិយ គឺសំដៅលើ សំរាមមើលឃើញនឹងភ្នែក ។ ចំណែកសំរាម អរូបិយ គឺពាក្យមិនល្អ ជេរបញ្ចោរគ្នា៕
រូបភាព៖ ផ្ដល់ឲ្យ