ធ្វើ​ជា​តារា​ចម្រៀង​ផង អ្នក​និពន្ធផង ចុង​ក្រោយ រត់​ទៅ​បើក​សាលា​បង្រៀន​ជួសជុល​ទូរសព្ទ​ធ្វើ​មិន​ដឹង

  • 2019-03-21 01:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ​បទ​ចម្រៀង​វ័យ​ក្មេង​មួយ​រូប មាន​ឈ្មោះ​ថា ខូ លីន បាន​បាត់​មុខ​ឈឹង​ពី​សិល្បៈ​ប្រមាណ​២​ឆ្នាំ ឥឡូវ​ទើប​ធ្លាយ​ដំណឹង​ថា លោក​បាន​រត់​ទៅ​បើក​សាលា​បង្រៀន​ជួសជុល​ទូរសព្ទ​ជំនួស​វិញ​ទៅ​ហើយ។

តាម​សាវតា ខូ លីន (Kho Lin) បាន​ប្រឡូក​សិល្បៈ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក ដោយ​ក្នុង​នោះ​ធ្លាប់​ធ្លាប់​បាន​និពន្ធ​បទ​ចម្រៀង​ឲ្យ តារា​ចម្រៀង និង​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ចំនួន ហើយ​បទ​ដែល​ទទួល​បាន ការ​គាំទ្រ​ច្រើន​មាន​ដូច​ជា​បទ "កុំ​ទៅ​ចោល​បង" "កុំ​ពង្រាត់​ស្នេហ៍​ខ្ញុំ​បាន​ទេ" និង​បទ "ឆ្ងាយ" ជាដើម។ ក្រៅ​ពី​នេះ លោក​ក៏​ធ្លាប់​បាន​បណ្ដា​កម្មវិធី ប្រគំ​តន្ត្រី និង​ស្ថានីយ​ទូរទស្សន៍ ក្នុង​ស្រុក​អញ្ជើញ​ជា​កិត្តិយស​ឡើង​ច្រៀង​ជា​ញឹក​ញាប់​ផង​ដែរ។

ប៉ុន្តែ​ក្រោយ​ពី​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ លោក​រសាត់​ឆ្ងាយ​ពី​សិល្បៈ​ឈឹង​តែ​ម្ដង។ ក្នុង​ជំនួប​ចៃដន្យ​កាល​ពី​ថ្មី​ៗ​នេះ ​សាមី​ខ្លួន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា លោក​បាន​ឆ្ងាយ​ពី​សិល្បៈ​ប្រមាណ ២​ឆ្នាំ​មក​ហើយ ហើយ​ចំពោះ​មូលហេតុ ដោយ​សារ​តែ​លោក បាន​សម្រេច​ងាក​ទៅ​បើក​មុខ​ជំនួញ​ថ្មី បើក​សាលា​បណ្ដុះបណ្ដាល ជំនាញ​ជួស​ជុល​ទូរសព្ទ និង​លក់​សម្ភារ៖​ទូរសព្ទ​ទំនើប​ជំនួស​វិញ។

ជំនួញ​ថ្មី​ខុស​ស្រឡះ​ពី​អាជីព​ចាស់​នេះ ខូ លីន បាន​ដាក់​ឈ្មោះ លោក ខូ លីន ខ្មែរ​ហ្វូន (Khmer Phone)ស្ថិត​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី២ ខណ្ឌ​ទួលគោក ដោយ​ជំនួញ​ថ្មី​នេះ លោក​បញ្ជាក់​ថា បាន និង​កំពុង​ទទួល​ផ្លែ​ផ្កា​ល្អ។ យ៉ាង​ណា​ក៏​ដោយ​និយាយ​ពី​ការងារ​សិល្បៈ អាជីព​ដែល​ជួយ​ឲ្យ​លោក​មាន​គេ​ស្គាល់​ខ្លះ​ៗ​នោះ​វិញ លោក​សង្កត់​ធ្ងន់​ថា ក៏​មិន​បាន​បោះ​បង់​អាជីព​សិល្បៈ​ទាំង​ស្រុង​នោះ​ទេ។ ជាក់​ស្ដែង​ការ​ចិញ្ចឹម​ចិត្ត​និពន្ធ ថា​នឹង​ច្រៀង និពន្ធ​នៅ​តែ​មាន។

ដូច្នេះ​ហើយ កាលៈទេសៈ​ល្អ​ណា​មួយ លោក​នឹង​រំលេច​ស្នាដៃ​ថ្មី​ជាក់​ជា​មិន​ខាន។ "ដោយ​សារ​មុខ​របរ​រកស៊ី​ចេះ​មាន​ផ្លែ​ផ្កា​ល្អ ទើប​ចេះ​តែ​រវល់​ដក​ឃ្លា​មិន​រួច ប៉ុន្តែ​ ចិត្ត​ស្រឡាញ់​វិស័យ​សិល្បៈ​ អីចឹង​ហើយ កាលៈទេសៈ​ណា​ល្អ ឬ​ក៏​អំណោយ​ផល ខ្ញុំ​នឹង​ឆ្លៀត​ពេល​ខ្លះ ដើម្បី​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​ឡើង​វិញ ដោយ​ទុក​ច្រៀង​ខ្លួន​ឯង​ផង ឲ្យ​តារា​ចម្រៀង​ផ្សេង ច្រៀង​ផង"។ សិល្បករវ័យ២៩ឆ្នាំរូបនេះ។

ដោយ​សារ បេះដូង​នៅ​មាន​សិល្បៈ អ្នក​និពន្ធ​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ ឲ្យ​ដឹង​ថា លោក​បាន​ចង​ក្រង និង​ប្រមូល​ផ្តុំ​តន្ត្រីករ សិល្បករ អ្នក​និពន្ធ​វ័យ​ក្មេង​មួយ​ចំនួន និង​ធ្លាប់​បាន​បញ្ចេញ​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​សម្រាប់​តារា​ចម្រៀង​ជា​ច្រើន​ផង​ដែរ ។ ក្រៅ​ពី​នេះ លោក​ក៏​មាន Studio ថត​បទ​ចម្រៀង​ផ្ទាល់​ខ្លួន និង​សម្រាប់​សិល្បករ​នានា​ផង​ដែរ។

លោក ខូ លីន បញ្ជាក់​ចុង​ក្រោយ​ថា ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ លោក​នឹង​បញ្ចេញ​ស្នាដៃ​បទ ចម្រៀង​ថ្មី Original Song ផ្ទាល់​ខ្លួន​មួយ​បទ "អូន​ទៅ​ណា​ហើយ" ដែល​ជា​ប្រភេទ​បទ​មនោសញ្ចេតនា​ស៊ី​ជម្រៅ ដែល​លោក​រំពឹង​ថា នឹង​អាច​ជួយ​បន្ត​ដង្ហើម​សិល្បៈ​របស់​លោក​ទៅ​មុខ​ទៀត​បាន៕

រូបភាព៖ ផ្ដល់​ឲ្យ​ដោយ​សាមី​ខ្លន

អត្ថបទ៖ ទារិកា