តម្រុយ​មិន​បង្ហើប​សោះ ស្រាប់​តែ​ប្រមាញ់​បាន ព្រាប សុវត្ថិ ឡើង​យន្តហោះ​ព្រឹកមិញ​បាត់!

  • 2019-03-21 08:14:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ធ្លាយ​ព័ត៌មាន គ្រោង​ចេញ​សម្ដែង​នៅ​អាមេរិក​ជាមួយ​កូន​ៗ​មក ភាគី ព្រាប សុវត្ថិ រួម​ទាំង​អ្នក​ឧបត្ថម្ភ​ផង មិន​បាន​ឲ្យ​តម្រុយ​សោះ​ថា ពួក​គេ​ឡើង​យន្តហោះ ហោះ​ចេញ​ពី​ប្រទេស​ថ្ងៃ​ណា​ឡើយ។ ប៉ុន្តែ​ព្រឹកមិញ​នេះ លោក​ត្រូវ​បាន​ក្រុម​ការងារ Sabay ប្រមាញ់​បាន​ដោយ​ចៃដន្យ ដោយ​លោក​នាំ​កូន​ៗ និង​ក្រុម​ភ្លេង​របស់​លោក​ចេញ​ទៅ​ហើយ។

ក្នុង​ដំណើរ​ជូន​មិត្តភ័ក្ដិ​ទៅ​អាមេរិក​ដែរ ព្រឹក​មិញ​នេះ ក្រុម​ការងារ Sabay បាន​ឃើញ​លោក ព្រាប សុវត្ថិ ដែល​ស្លៀក​ខោ​ខូវប៊យ និង​អាវ​ក​ឌុប​ពណ៌​ខ្មៅ ពាក់​មួក រួម​ទាំង​វ៉ែនតា​ខ្មៅ បម្លាស់ទី​យ៉ាង​លឿន ចេញ​ពី​ក្នុង​ហ្វូង​មនុស្ស ក្រោយ​ពី​ចុះ​ពី​រថយន្ត សំដៅ​ទៅ​ខាង​ក្នុង​ដើម្បី​បំពេញ​ឯកសារ​ហោះហើរ​ផ្សេង​ៗ។ កូន​ៗ​របស់​លោក ក៏​ទៅ​ជាមួយ​ដែរ ប៉ុន្តែ​ពួក​គេ​មិន​ដើរ​ជុំ​គ្នា​ឡើយ ពោល​គឺ​ដើរ​រៀង​ៗ​ខ្លួន និង​ស្វាហាប់។

ពួក​គេ​ហាក់​មិន​ចង់​ឲ្យ​មាន ការ​ភ្ញាក់​ផ្អើល​ច្រើន​ឡើយ ដូច្នេះ​ហើយ​គ្រាន់​តែ​ចុះ​ពី​ឡាន​ភ្លាម ពួក​គេ​ម្នីម្នា​ចូល​ទៅ​ក្នុង​ភ្លាម​តែ​ម្ដង។ យ៉ាង​ណា នៅ​ខាង​ក្រៅ​ឯណេះ គេ​ឃើញ​មាន​អ្នក​គាំទ្រ​កូន​ច្បង​របស់​លោក គឺ សុវត្ថិ មុន្នីវណ្ណ ប្រមាណ​ជា ១០នាក់ សុទ្ធ​ជា​នារី​វ័យ​ក្មេង​នៅ​ឆ្លេឆ្លា​នៅ​ខាង​ក្រៅ ក្នុង​ដៃ​មាន​កាន់​កាដូ​២​ប្រអប់​ផង។ "បង​វណ្ណ បង​វណ្ណ" ពួក​គេ​ស្រែក​ហៅ​កូន​ច្បង ព្រាប សុវត្ថិ ពី​ខាង​ក្រៅ​។

តាម​ដំណឹង ក្រុម​របស់​កំពូល​តារា​ចម្រៀង នឹង​ចេញ​ដំណើរ​ខ្ទង់​ម៉ោង​បាយ​ថ្ងៃ​ត្រង់ ឆ្ពោះ​ទៅ​សហរដ្ឋ​អាមេរិក ជា​ទី​ដែល​ពួក​គេ​ត្រូវ​សម្ដែង​រួម​គ្នា​លើក​ដំបូង​ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ ដែល​មុន​នេះ មាន​ដំណឹង​មក​ថា អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក កំពុង​រំជើបរំជួល​ចង់​​ឃើញ​ការ​សម្ដែង​របស់​ពួកគេ ពិសេស​កូន​ៗ​ទាំង​៣​របស់​លោក ក្នុង​នោះ​សំបុត្រ​ការ​ប្រគំ​តន្ត្រី​របស់​ពួក​គេ បាន​លក់​អស់​គ្មាន​សល់ និង​លឿន​ជាង​ការ​ប្រគំ​តន្ត្រី​ផ្សេង​ៗ​កាល​ពី​អតីត។

ក្រោយ​ពី​បំពេញ​ឯកសារ​សព្វ​គ្រប់ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​ក្មួយ​ប្រុស​លោក​ម្នាក់​ផង លោក ព្រាប សុវត្ថិ បាន​ទទួល​ជួប​រយៈ​ពេល​ខ្លី។ ម្ចាស់​បទ "សង្សារ១​ខែ​២​ខែ" បញ្ជាក់​ថា លោក​បាន​ទទួល​ដំណឹង​ទាំង​អស់​ ជុំ​វិញ​ការ​ប្រគំ​តន្ត្រី​របស់​លោក​នៅ​អាមេរិក និង​បាន​ដឹង​ថា អ្នក​គាំទ្រ​ជា​ច្រើន​រង់​ចាំ និង​ទន្ទឹង​ពួក​លោក ពិសេស​គឺ​កូន​ៗ​ទាំង​បី។

លោក​ថ្លែង​ថា "បាទ ខ្ញុំ​បាន​ដឹង...ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន នៅ​ពេល​ដឹង​ថា ពួក​គាត់​គាំទ្រ​ពួក​ខ្ញុំ ពិសេស​កូន​ៗ និយាយ​ទៅ ខ្ញុំ​រីករាយ​នឹង​ការ​​ទៅ​សម្ដែង​លើក​នេះ​ណាស់ សប្បាយ​មែន​ទែន!”។ នេះ​ជា​ដំណើរ​លើក​៤ សម្រាប់​លោក ព្រាប សុវត្ថិ ទៅ​អាមេរិក។ ប៉ុន្តែ​ជា​លើក​ដំបូង​ជុំ​ជាមួយ​កូន​ៗ​ទៅ​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឲ្យ​មាន​ការ​រំជើប​រំជួល​ខ្លាំង។ បេសកកម្ម​មួយ​នេះ មាន​រយៈ​ពេល​២​ខែ ទើប​លោក​វិល​ជួប​មាតុភូមិ​កំណើត​វិញ៕

ក្មួយ​ប្រុស​ទាំង​ពីរ​របស់​លោក ព្រាប សុវត្ថិ

អត្ថបទ៖ ទារិកា