ក្ដៅៗ! អ្នក​ចង់ទិញ​ដីឡូត៍នៅខេត្ត​ព្រះសីហនុប្រយ័ត្នទិញចំតំបន់នេះ ក្រសួង​ថា​ជាដី​ឧទ្យានជាតិទេ​

  • 2019-03-23 10:13:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​បរិស្ថាន​អំពាវនាវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ដែល​ចូល​កាន់​កាប់​ដី និង​លក់​ដូរ​ដី​នៅ​តំបន់​ឧទ្យានជាតិ​ព្រះ​សីហនុ រាម បញ្ឈប់​សកម្មភាពជា​បន្ទាន់ ដោយ​ថា​នោះជា​ទង្វើ​ខុស​ច្បាប់។

នៅលើទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន ក្រ​សួងបរិស្ថាន​នារសៀល​នេះបាន​សរសេរថា​អ្នក​ដែលនៅ​​បន្តសកម្មភាព​ទិញ​លក់​ដូរ​ដីធ្លី​ក្នុង​ឧទ្យាន​ជាតិ​នេះ​ដោយ​ខុសច្បាប់​ នឹង​ត្រូវ​ប្រឈម​មុខ​ច្បាប់។

(រូបភាព​បង្ហាញពីទីតាំង​លក់​ដីឡូត៍​មួយ​កន្លែង ដែល​ក្រសួង​ផុសក្នុង​ផេក​របស់​ខ្លួនភ្ជាប់ជាមួយ​សេចក្តីជូន​ដំណឹងនេះ/រូបភាព៖ ក្រសួង​បរិស្ថាន)

ក្រ​សួង​បន្តថា​សព្វថ្ងៃមានការ​ ប្រកាស​លក់​ដីពុះឡូតិ៍ថ្មីៗ​យ៉ាង​អនាធិបតេយ្យ​ដែល​មាន​ទីតាំង​ក្នុង​តំបន់ឧទ្យាន​ជាតិ​រាម ដែល​ជាតំបន់​ស្ថិត​នៅក្រោម​ការ​គ្រប់​គ្រង​ ការពារ​ និង​អភិរក្ស​របស់​ក្រសួង​បរិស្ថាន។

ឧទ្យានជាតិ​រាម​មានផ្ទៃដីទំហំ ​១៥ ០០០ហិកតា ត្រូវ​បានបង្កើត​ជាឧទ្យាន​ជាតិ​ព្រះសីហនុ​ (រាម)ដោយ​ព្រះរាជក្រឹត្យ​នៅឆ្នាំ​១៩៩៣​។

ប្រភពដដែល​សរសេរបន្ត​ថា៖ «មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​ លោក នេត្រ ភក្ត្រា ក៏បាន​ថ្លែង​អំពាវ​នាវដល់​សាធារណជន​ដែល​កំពុងព្យា​យាម​ទិញ​ដីធ្លី​នៅតំបន់​ឧទ្យាន​ជាតិ​រាមថា​ សូម​បងប្អូន​មេត្តា​មាន​ការប្រុងប្រយ័ត្ន​ព្រោះ​ការទិញ​លក់​ដូរ​ដីស្ថិត​ក្នុងតំបន់​ការពារធម្មជាតិ​ជាទ​ង្វើខុស​ច្បាប់​ ហើយ​ជនប្រព្រឹត្ត​ល្មើសច្បាប់​នឹងអាច​ត្រូវ​ប្រឈម​មុខច្បាប់»។

«ដើម្បី​ទប់ស្កាត់​នូវ​រូបភាព​ការទន្ទ្រាន​កាន់កាប់ដី​ធ្លី​ ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ក្រសួង​បរិស្ថាន​ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ពាក់​ព័ន្ឋ​ ចាត់​វិធានការ​យ៉ាងម៉ឹង​ម៉ាត់​ ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​រាល់​សកម្មភាព​ល្មើស​​ដោយ​ផ្អែក​លើនីតិវិធី​ច្បាប់​ជាធរ​មាន» ប្រភពដដែល​បន្ត​៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម