ទូរសព្ទ​ចិន​អាច​ផ្ដួល iPhone មិន​មែន​ដោយ​សារ​តម្លៃ​មួយ​មុខ​ទេ

  • 2019-03-25 03:42:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​លក់​រាយ និង​អ្នក​វិភាគ​ទីផ្សារ​បាន​និយាយ​ថា​ iPhone មាន​ការ​ថយ​ចុះ​ចំនួន​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​ មិន​មែន​ដោយសារ​តែ​តម្លៃ​មួយ​មុខ​នោះ​ទេ។ អតិថិជន​ខ្លះ​ប្ដូរ​ទៅ​ប្រើ​ស្មាតហ្វូន​ចិន​ ដោយ​សារ​ពួក​គេ​យល់​ថា​ មុខងារ​ខ្លះ​​ល្អ​ជាង​ iPhone។

កាល​ពី​ឆ្នាំ​ទៅ ទីផ្សារ​ស្មាតហ្វូន​តម្លៃ ៥០០ ទៅ ៨០០ ដុល្លារ របស់ Apple ក្នុង​ប្រទេស​ចិន បាន​ធ្លាក់​ចុះ​ពី ៨១,២% នៅ​ត្រឹម ៥៤,៦%។ ហេតុផល​ចម្បង​គឺ​ដោយ​សារ​តែ​តម្លៃ។ iPhone X គឺ​ជា iPhone ដំបូង​ដែល​មាន​តម្លៃ​លក់​ដល់ ១ ពាន់​ដុល្លារ ធ្វើ​ឲ្យ​ Apple ខ្ទាត​ចេញ​ពី​ទីផ្សារ​ស្មាតហ្វូន​តម្លៃ ៥០០ ទៅ ៨០០ ដុល្លារ​នៅ​ប្រទេស​ចិន​។

​អ្នក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន​ Counterpoint បាន​និយាយ​ថា ៖ "អ្នក​ទិញ​ស្មាតហ្វូន​ភាគ​ច្រើន​នៅ​ប្រទេស​ចិន មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ចំណាយ​លុយ​ ១ ពាន់​ដុល្លារ​សម្រាប់​ស្មាតហ្វូន​មួយ​គ្រឿង​នោះ​ទេ”។

ឆ្លើយតប​នឹង​បញ្ហា​នេះ Apple បាន​បញ្ចុះ​តម្លៃ​ច្រើន​សន្លឹក​លើ​ម៉ូដែល iPhone XR, iPhone XS/XS Max ដែល​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន។ ប៉ុន្តែ​តម្លៃ​មិន​មែន​ជា​ហេតុផល​តែ​មួយ​គត់​នោះ​ទេ វា​បូក​រួម​ទាំង​មុខងារ​​​ពិសេស​​ដែល​ក្រុមហ៊ុន​​ស្មាតហ្វូន​ចិន​មាន​លើស Apple ផង​ដែរ។

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Huishoubao ដែល​ទិញ​/លក់​ទូរសព្ទ​មួយ​ទឹក បាន​និយាយ​ថា​​ លោក​បាន​ឃើញ​អតិថិជន​ប្ដូរ​​ពី Apple ទៅ​ប្រើ​ Huawei ដោយ​សារ​ជនជាតិ​ចិន​ពេញ​ចិត្ត​​សមត្ថភាព​ថត​ Selfie និង​គុណភាព​កាមេរ៉ា​លើ​ស្មាតហ្វូន​ Huawei។ លោក​បាន​បន្ត​ថា​កាមេរ៉ា​ Huawei បាន​វិវត្តន៍​ខ្លួន​ល្អ​ប្រសើរ​ជាង Apple ដែល​​ត្រូវ​ចិត្ត​អតិថិជន​ចិន​ច្រើន។

មិន​ត្រឹម​តែ Huawei នោះ​ទេ ក្រុមហ៊ុន​ Oppo និង Vivo ក៏​ប្រកួត​ប្រជែង​នឹង Apple លើ​មុខងារ​ពិសេសៗ​ផង​ដែរ៕​

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង