ល្បិច​បន្លំ​ផ្ញើ​វិក្កយបត្រ​ក្លែងក្លាយ បុរស​ម្នាក់​ធ្វើ​ស៊ី Facebook និង Google បាន​ ១២២ លាន​ដុល្លារ

  • 2019-03-26 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជន​ខិលខូច​សញ្ជាតិ​លីទុយអានី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លួច​បន្លំ ក្រោយ​បោកប្រាស់​លួច​យក​ថវិកា​ប្រមាណ ១២២ លាន​ដុល្លារ ​ពី​ក្រុមហ៊ុន Google និង Facebook។ បុរស​នោះ​មាន​ឈ្មោះ​ពិត Evaldas Rimasauskas ​ដែល​ប្រើប្រាស់​មធ្យោបាយ​បង្កើត​វិក្កយបត្រ​ក្លែងក្លាយ​និង​បញ្ចុះបញ្ចូល​បោក​ Facebook បាន ៩៩ លាន​ដុល្លារ និង Google បាន​ ២៣ លាន​ដុល្លារ។

បុរស​វ័យ ៥០ ឆ្នាំ​បាន​ប្រព្រឹត្តិ​បទ​ល្មើស​នេះ​ឡើង​ នៅ​ចន្លោះ​ឆ្នាំ ២០១៣ ដល់ ២០១៥ ​ដោយ​លោក​បាន​ផ្ញើ​ចេញ​នូវ​វិក្កយបត្រ​ កុងត្រា និង​លិខិត​ក្លែង​បន្លំមួយ​ចំនួន​ទៅ​កាន់​ក្រុមហ៊ុន​យក្ស Google និង Facebook ដោយ​បន្លំ​ធ្វើ​ពុត​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​បន្លាស់​អេឡិចត្រូនិក Quanta Computer របស់តៃវ៉ាន់ ។ ការ​ទូទាត់​ថ្លៃ​ចំណាយ​ទាំង​អំបាលម៉ាន​បាន​ផ្ញើ​ចូល​គណនី​ធនាគារ​របស់​ជន​ខិលខូច​នៅ ៦ ប្រទេស​ផ្សេង​ពី​គ្នា។

អ្វី​ដែល​រសើប​និង​អស្ចារ្យ​បំផុត​នោះ លោក​ក៏​មាន​ផ្ញើ​សារ Email តាំង​ខ្លួន​ជា​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ទៀត​ផង ដោយ​វា​ពិត​ជា​ភ្ញាក់ផ្អើល​ដែល​ល្បិច​ធុន​នេះ​អាច​បោកប្រាស់​ក្រុមហ៊ុន​លំដាប់​កំពូល​របស់​អាមេរិក​បាន។

យ៉ាងណាមិញ​កន្លង​ទៅ​ថ្មីៗ​នេះ​រឿងរ៉ាវ​ក៏​ត្រូវ​បាន​គេ​សើរើ​ហើយ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ធ្ងរ ដោយ​លោក Rimasauskas ក៏​ព្រម​សង​ត្រលប់​នូវ​ទឹក​ប្រាក់ ៥០ លាន​ដុល្លារ​ដែល​លោក​បាន​បោកបញ្ឆោត និង​ប្រឈម​ជាប់​ពន្ធនាគារ​រយៈ​ពេល ៣០ ឆ្នាំ ដោយ​ការ​កាត់ទោស​នឹង​កំណត់​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ២៤ ​កក្កដា ខាង​មុខ​នេះ។

ប្រភព: https://www.tomshardware.com/news/lithuanian-man-steals-122-million-facebook-google,38906.html

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ nytimes   ប្រែ​សម្រួល៖ កៅ រក្សា