ភ្នំពេញ​ក្រោន​​ដាក់ឈ្មោះកីឡដ្ឋានថ្មី ថែមទំាងពង្រឹង​​លីគ​យុវជន​ SYL ដើម្បី​អភិវឌ្ឍឈាន​ដល់កម្រិតអាជីព

  • 2019-03-26 04:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​រំលឹក​ខួប​១០​ឆ្នាំ​នៃ​ការ​ឈ្មោះ​​ក្លឹប​ លោក​ឧកញ៉ា ឫទ្ធី សំណាង ប្រធាន​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​បាន​បង្ហាញ​នូវ​មហិច្ឆតា​របស់​ខ្លួន​ដែល​​ចង់​ផ្តល់​ឪកាស​ដល់​ក្រុម​បាល់ទាត់​យុវជន​តាម​សាលា​រៀន​ និង​សហគមន៍​បាន​អភិវឌ្ឍ​ខ្លួន​​ឲ្យ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ពិត​ប្រាកដ។

លោកឧកញ៉ា ឫទ្ធី សំណាង

លោក​ឧកញ៉ា​វ័យ​ក្មេង​ ឫទ្ធី សំណាង​ បាន​ឲ្យ​ដឹង​ថា​ ​ក្លឹប​ភ្នំពេញ​ក្រោន​​បាន​​រៀប​ចំ​ការ​ប្រកួត​លីគ​​យុវជន​ដែល​មាន​ឈ្មោះ​ Smart Youth League ដែល​ជា​​ស្ពាន​សម្រាប់​ក្រុម​បាល់ទាត់​​យុវជន​តាម​សាលា​រៀន​ និង​សហគមន៍​គ្រប់​ខេត្ត​ក្រុង​​អាច​លត់​ដុំ​​ខ្លួន​​ឲ្យ​ក្លាយ​ជា​ក្រុម​បាល់ទាត់​ពិត​ប្រាកដ​ និង​ជា​កីឡាករ​បាល់ទាត់​អាជីព​នា​ពេល​អនាគត។ គម្រោង​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​រួម​ចំណែក​អភិវឌ្ឍ​បាល់ទាត់​​នៅ​ប្រទេស​កម្ពុជា។

«យើង​ចង់​ផ្តល់​​ឱកាស​​ឲ្យ​កីឡាករ​វ័យ​ក្មេង​ កីឡាករ​បាល់ទាត់​តាម​សាលា​រៀន​ ក្រុម​ប្រចាំ​សាលា​ និង​ក្រុម​ប្រចាំ​សហគមន៍​នៅ​កម្ពុជា​ក្នុង​ការ​ចូល​រួម​​ប្រកួត​ដើម្បី​អភិវឌ្ឍ​ទេព​កោសល្យ​របស់​ពួក​គេ​​ក្នុង​ការ​ប្រកួត​ពិត​ប្រាកដ» ។ លោក​ ឫទ្ធី សំណាង​បាន​និយាយ​ដូច្នេះ​ និង​បញ្ជាក់​ថា ៖«ការ​គាំទ្រ​​របស់​​ Smart ពិត​ជា​សំខាន់​ណាស់​ក្នុង​កម្មវិធី​​នេះ​ ហើយ​យើង​ពិត​ជា​មាន​មោទនភាព​​​​ណាស់​ដែល​ភាព​ជា​ដៃ​គូ​នេះ​ជួយ​គាំទ្រ​ដល់​ក្លឹប​ភ្នំពេញ​ក្រោន ស្រប​ពេល​ដែល​យើង​ខិត​ខំ​ព្យាយាម​ស្វែង​រក​ភាព​ជោគជ័យ​​ក្នុង​រដូវ​កាល​២០១៩-២០ ក្នុង​ការ​អភិវឌ្ឍ​ក្រុម​នារី​របស់​​យើង អភិវឌ្ឍ​កីឡា​បាល់ទាត់​យុវជន​ និង​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ក្នុង​ការ​ប្រើ​ប្រាស់​កីឡា​បាល់ទាត់​ជា​ឧបករណ៍​សម្រាប់​អភិវឌ្ឍ​សង្គម»

ពិធី​បង្ហាញ​ឈ្មោះ​ក្លឹប និង​ឯកសណ្ឋាន​ថ្មី

ជា​មួយ​គ្នា​លោក​ Thomas Hundt នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន Smart Axiata បាន​ពន្យល់​ថា ៖«ភាព​ជា​ដៃ​គូ​នេះ​មាន​គោល​បំណង​​ក្នុង​ការ​បង្កើត​កីឡាករ និង​កីឡា​ការិនី​បាល់ទាត់​វ័យ​ក្មេង​ជំនាន់​ថ្មី​មួយ​ តាម​រយៈ​ការ​ផ្តល់​ឱកាស​ផ្សេង​​ៗ​ឲ្យ​ពួក​គេ​ក្នុង​ការ​សម្រេច​គោល​ដៅ​របស់​ពួក​គេ​ក្នុង​កីឡា​ផ្សេង​ៗ​ និង​បង្កើត​មិត្តភាព​ថ្មី​តាម​រយៈ​កីឡា​ដ៏​មាន​ប្រជា​ប្រិយភាព​មួយ​នេះ»។

លោក​បាន​បន្ត​ថា លោក​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​គាំទ្រ​ដល់​ក្លឹប​ភ្នំពេញ​ក្នុង​កិច្ច​ការ​ប្រតិបត្តិ​ការ​របស់​ពួក​គេ​ និង​ក្នុង​ការ​បង្វឹក​កីឡាករ​វ័យ​ក្មេង​ដែល​មាន​ទេព​កោសល្យ​ដើម្បី​លេង​កីឡា​បាល់ទាត់​ជាតិ​សម្រាប់​កម្ពុជា។ Smart ​គាំទ្រ​យ៉ាង​សកម្ម​ទៅ​លើ​កីឡាករ​កម្រិត​ថ្នាល​ទូទាំង​ប្រទេស​កម្ពុជា​ ហើយ​ក៏​រីក​រាយ​​​បាន​នាំ​យក​ការ​គាំទ្រ​នេះ​ទៅ​កាន់​មួយ​កម្រិត​ទៀត​ជា​មួយ​នឹង​ភាព​ជា​ដៃ​គូ។ ​ នៅ​ក្នុង​ពិធី​រំលឹក​ខួប​១០​ឆ្នាំ​នៃ​ការ​ដាក់​ឈ្មោះ​ ភ្នំពេញ​ក្រោន​ ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ទី​២៥​ ខែ​មីនា​នេះ​ ក្លឹប​​​បាន​ប្រកាស​ផ្លាស់​ប្តូរ​ឈ្មោះ​កីឡដ្ឋាន​ថ្មី​ជា​ Smart RSN Stadium ព្រម​ទាំង​បង្ហាញ​ឯកសណ្ឋាន​ថ្មី​សម្រាប់​​រដូវ​កាល​២០១៩-២០។ តាម​រយៈ​ការ​បង្ហាញ​ឃើញ​ថា​ ឯក​សណ្ឋាន​​ក្នុង​ដី​គឺ​​ ឈុត​អាវ​ពណ៌​​ក្រហម​លាយ​ស​ និង​ខោ​ស​ ខណៈ​ក្រៅ​ដី​គឺ​ឈុត​អាវ​ពណ៌​​ខៀវ​ និង​ខោ​ស ហើយ​ឈុត​របស់​អ្នក​ចាំ​ទី​​គឺ អាវ​ពណ៌​​លឿង ខោ​ខ្មៅ ដែល​មើល​ទៅ​ទាក់​ទាញ​ខ្លាំង។

សេចក្តី​ប្រកាស​ព័ត៌មាន​បង្ហាញ​ថា​ ឈ្មោះ​ក្លឹប​ថ្មី​​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ Smart Axiata ដែល​ត្រូវ​បាន​ចុះ​កិច្ច​សន្សា​រយៈ​ពេល​​២​ឆ្នាំ។

លោក Thomas Hundt និងលោក​ឧកញ៉ា ឫទ្ធី សំណាង

ភ្នំពេញ​ក្រោន​ជា​ក្លឹប​ដែល​ឈ្នះ​ពាន​​លីគ​កម្ពុជា​​ច្រើន​ជាង​គេ​រហូត​ដល់​៦​​ដង​ និង​ជា​ថ្នាល​​បណ្ដុះបណ្ដាល​​​យុវជន​​​បាល់ទាត់​​​ល្អ​បំផុត​នៅ​ប្រទេស​កម្ពុជា៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម