ខ្មែរយើងក៏មិនអន់ដែរ ៥រដ្ឋនេះជាបណ្តុំតំបន់មាននិស្សិតខ្មែររៀនច្រើនជាងគេនៅអាមេរិក

  • 2019-03-26 05:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ចំនួន​និស្សិត​ខ្មែរ​ដែល​កំពុង​រៀន​នៅ​តាម​សកលវិទ្យាល័យ និង​មហា​វិទ្យា​នានា​ក្នុង​រដ្ឋ​ផ្សេង​ៗ​នៅ​សហរដ្ឋអាមេរិក កំពុង​មាន​ការ​កើន​ឡើង​។ ក្នុង​នោះ មាន​រដ្ឋ​ចំនួន​៥ ដែល​ជាប់​ជា​រដ្ឋ​មាន​និស្សិត​ខ្មែរ​ស្នាក់​នៅ​រៀន​ច្រើន​ជាងគេ ឬ​ភាសា​អង់គ្លេស​ហៅថា Top 5 States។ នេះ​បើ​តាម​មន្ត្រី​ទទួល​បន្ទុក​កម្មវិធី​និស្សិត​ និង​អ្នក​ទស្សនា​ការ​​ផ្លាស់ប្ដូរ នៅ​​នាយកដ្ឋាន​សន្តិសុខជាតិ។

ប្រភពរូបថត៖ ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា

លោកស្រី Rachel Canty មន្ត្រី​ទទួល​បន្ទុក​កម្មវិធី និស្សិត​និង អ្នក​ទស្សនា​ផ្លាស់ប្ដូរ នៃ​នាយកដ្ឋាន​សន្តិសុខជាតិ ផ្នែក​ពង្រឹង​ការអនុវត្ត​ពន្ធ និង​អន្តោប្រវេសន៍ របស់​អាមេរិក​ប្រាប់​ថា គិត​ត្រឹម​ខែ​មិនា​ឆ្នាំ​២០១៩នេះ ចំនួន​និស្សិត​ខ្មែរ​ដែល​កំពុង​រៀន​ច្រើន​នៅ​ក្នុង​រដ្ឋ​ចំនួន​៥ ដូចជា រដ្ឋCalifornial, Massachusetts, Washington, Texas និងរដ្ឋPennsylvajiaសរុប​មាន​ ៥៦០នាក់ ដែល​និស្សិត​ស្រី​មាន​ដល់​ទៅ ៤៩​ភាគរយ ចំណែក​និស្សិត​ប្រុស​មាន​៥១ភាគរយ។

កំណើន​​នេះ អាស្រ័យ​ដោយ​កត្តា​សំខាន់​​គឺ​និស្សិត​ខ្មែរ​គ្រប់រូប បាន​ផ្ដើម​ខិតខំ​​ប្រឹង​ខ្លួនឯង និង​មាន​សមត្ថភាព​អាច​ប្រលង និង​បំពេញ​ពាក្យ​ជាប់​មក​រៀន​នៅ​តាម​សាលា​នានា នៅ​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី Rachel Cantyប្រាប់​អ្នកយកព័ត៌មាន Sabayនៅ​ក្នុង​កិច្ច​ប្រជុំ​ស្គី​ពី​មហាវិទ្យាល័យ​សហគមន៍​នៅ​សហរដ្ឋអាមេរិក និង​ការអភិវឌ្ឍន៍​ធនធាន​ដែល​មាន​អ្នកសារព័ត៌មាន​អន្តរជាតិ​សរុប ២០ប្រទេស នៅ​ជុំវិញ​ពិភពលោក។ កម្មវិធី​នេះ​កំពុង​រៀបចំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន DC នៃ​សហរដ្ឋអាមេរិក ដោយ​មជ្ឈមណ្ឌល Washington Foreign Press Center នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ​។

ក្រៅ​ពី​នេះ បើ​តាម លោក Michael Newbill ភារ​ធារី​ស្ដី​ទី នៃ​ស្ថាន​ទូត​អាមេរិក ធ្លាប់​​បាន​បញ្ជាក់​ Sabayកាល​ពីពេលកន្លង​ទៅ នៅ​ក្នុង ពិពណ៌​ការ​សិក្សា​នៃ​សហរដ្ឋអាមេរិក ថា​ ​ចំនួន​និស្សិត​ខ្មែរ ដែល​បាន​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​ហេតុផល​សំខាន់​ៗ ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា ការ​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​និស្សិត​ឲ្យ​មាន​លទ្ធភាព​ទៅ​រៀន​នៅ​អាមេរិក​ក្នុង​ប្រព័ន្ធ​អប់រំ​ថ្មី​១ ដែល​មាន​ភាព​ល្អ​ប្រសើរ​ជាង​គេ​នៅ​ក្នុង​ពិភពលោក។

លោក Michael Newbill ភារ​ធារី​ស្ដី​ទី នៃ​ស្ថាន​ទូត​អាមេរិក

សូម​បញ្ជាក់​ថា បើ​គិត​ចំនួន​សរុប​ដែល​កំពុង​បន្ត​សិក្សា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន គឺ​មាន​សរុប ៩៣១នាក់ នេះ​បើ​តាម​មន្ត្រី​ទទួល​បន្ទុក​កម្មវិធី និស្សិត​និង អ្នក​ទស្សនា​ផ្លាស់ប្ដូរ នៃ​នាយកដ្ឋាន​សន្តិសុខជាតិ ផ្នែក​ពង្រឹង​ការអនុវត្ត​ពន្ធ និង​អន្តោប្រវេសន៍ របស់​អាមេរិក លោកស្រី Rachel Canty៕

រាយការណ៍​ផ្ទាល់ពីសហរដ្ឋអាមេរិក ដោយ Peov Raksa អ្នកសារព័ត៌មាន Sabay

អត្ថបទ៖ ប៊ិន ប៊ុណ្ណា