ភ្នំ​ដោះ​ក្រមុំ​ក្នុង​ខេត្ត​មណ្ឌល​​គិរី​​ គ្រោង​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ និង​ពិភពលោក​

  • 2019-03-28 02:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋាន​ភ្នំ​ដោះ​ក្រមុំ​ ស្ថិត​នៅ​ក្រុង​សែនមនោរម្យ ​​ ​ខេត្ត​មណ្ឌល​គិរី​ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​វប្បធម៌ គ្រោង​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​​ជាតិ និង​បេតិកភណ្ឌ​ពិភពលោក​​នៅ​ថ្ងៃ​ខាង​មុខ។​

​ថ្លែង​នៅ​ក្នុង​ទិវា​វប្បធម៌​ជាតិ​លើក​ទី​២១ នា​រសៀល​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ​២០១៩ លោក សី ទូច ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​មណ្ឌល​គិរី​បាន​ឱ្យ​ដឹង​ថា ផែន​ការ​អាទិភាព​ក្នុង​ឆ្នាំ ២០១៩​នេះ ​គឺ​ការ​ដាក់​បញ្ចូល​ភ្នំ​ដោះ​ក្រមុំ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ។ យ៉ាង​ណា​មិញ​មុន​នឹង​ដាក់​បញ្ចូល​តំបន់​នោះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ​អាជ្ញាធរ​ចាំ​បាច់​ត្រូវ ​ដោះស្រាយ​ឱ្យ​​រួចរាល់​បញ្ហា​ដីធ្លី​​ ​និង​មានការ​ឯកភាព​ពី​ប្រមុខ​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្រុម​ការងារ​ ​និង​យក​ចំនួន​ដី​ ដែល​នៅសល់​នោះ​ទៅចុះ​ក្នុង​បញ្ជី​​ជាមុន​សិន​ ​។​ ​

ក្រោយ​បញ្ចប់​ការ​ដោះស្រាយ​ទំនាស់​ហើយ​ ​ក្រុមការងារ ​នៃ​មន្ទីរ​វប្បធម៌​ ​នឹង​សិក្សា​ស្រាវជ្រាវ​ឡើងវិញ​ ​ពី​តម្លៃ​ផ្នែក​ជំនឿ​ ​និង​ផ្នែក​បេតិកភណ្ឌ​អ​រូបិយ​ ​រួច​ប្រមូល​ព័ត៌មាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ជាតិ​សិន​ ​ទើប​រៀបចំ​ឯកសារ​ចុះបញ្ជី​ក្នុង​បេតិកភណ្ឌ​ពិភពលោក​។​

​បើ​តាម​លោក​ប្រធានមន្ទីរ​ ​តំបន់​នេះ​ ​មាន​ចំណុច​ពិសេស​ច្រើន​ ​ដូចជា​ទីតាំងនៅ​ក្នុង​ក្រុង ​ប្រមូលផ្ដុំ​ដោយ​ជំនឿ​ជនជាតិ​ដើម​ភាគ​តិច​មាន​ការ​ឲ្យ​តម្លៃ​ពី​ជនបរទេស​ ​និង​ព្រះមហាក្សត្រ​ខ្មែរ​ ​ពិសេស​ជាទី​តាំង​កុលសម្ព័ន្ធ​ប្រវត្តិ​សាស្ត្រ​​ ​របស់​ជនជាតិ​ដើម​ភាគតិច​ ​។​ ​លោក​ក៏​បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស ​ជា​ពិសេស​ជនជាតិ​ដើម​ភាគតិច​ឲ្យ​ចូលរួម​លើក​ស្ទួយ​វប្បធម៌​របស់​ខ្លួន បើ​មិន​មាន​ការ​ចូលរួម​ទេ​ប្រពៃណី​ទាំង​នោះ​នឹង​បាត់បង់​ជា​បណ្ដើរៗ ។ 

ក្រៅពី​កិច្ច​ការងារ​ខាង​លើ​មន្ទីរ​វប្បធម៌​ក៏​មាន​ផែនការ​សកម្មភាព​ការងារ​លើក​ស្ទួយ​វប្បធម៌​ជាតិ​ជាច្រើន​ទៀត​ដែរ ដូចជា​​​គ្រោង​សិក្សា​តំបន់​ភ្នំក្រោល​ស្ថិត​នៅ​ស្រុក​កោះញែក​ក្នុង​ខេត្ត​មណ្ឌល​គិរី ព្រម​ទាំង​ឧបករណ៍​ប្រើប្រាស់ ​និង​ឧបករណ៍​ភ្លេង​របស់​ជនជាតិ​ដើម​ភាគតិច​ចំនួន ៥​ប្រភេទ​ជា​សម្បត្តិ​បេតិកភណ្ឌ​ផងដែរ។

​មន្ត្រី​ជំនាញ​វប្បធម៌​ខេត្ត​នឹង​ចង​ក្រង​ប្រវត្តិ​ភ្នំ​កែវ​សីមា និង​ប្រវត្តិ​ខេត្ត​មណ្ឌលគិរី​ឲ្យ​មាន​លក្ខណៈ​ពិស្ដា ដើម្បី​ទុក​ជា​ឯកសារ​សម្រាប់​ប្រជាពលរដ្ឋ និង​អ្នក​ជំនាន់​ក្រោយ​បាន​យល់​ដឹង​ផងដែរ ។

ឯកឧត្ដម សំរាំង កំសាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ទិវា​វប្បធម៌ជាតិ ៣មីនា គឺ​ពិត​ជា​មាន​សារៈសំខាន់ ដែល​ធ្វើ​ឡើង​ដើម្បី​អភិរក្ស អភិវឌ្ឍន៍ និង​លើក​ស្ទួយ​វប្បធម៌​ជាតិ ជា​ពិសេស​បញ្ជ្រាប​អំពី​បេតិកភណ្ឌ​វប្បធម៌​ទៅ​មជ្ឈដ្ឋាន​នានា ឲ្យ​បាន​ស្គាល់​អំពី​ប្រពៃណី​ដ៏​ផូរផង់​របស់​កម្ពុជា​ ក្នុង​នោះ​ក៏​ចង់​ឲ្យ​ស្រទាប់​យុវជន ជា​អ្នក​បន្ត​វេន​ចេះ​ស្រឡាញ់​ប្រពៃណី​វប្បធម៌ និង​ចូល​ថែ​រក្សា​ទាំង​អស់គ្នា៕

អត្ថបទ៖ សុផល

អត្ថបទពេញនិយម