កុំ​ខ្វល់​រឿង​បែក​កូន បែក​ប្តី​ទៀត! មហា​វិទ្យាល័យ​នេះ អាច​ឲ្យ​សិស្ស​ស្រី​វេចបង្វេច​នាំ​កូន​មក​រៀន​ជាមួយ​ដល់​អាមេរិក​យ៉ាង​ស្រួល

  • 2019-04-01 02:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាវិទ្យាល័យ​សហគមន៍​មួយ​ នៅ​សហរដ្ឋអាមេរិក ​បាន​អនុញ្ញាត​ឲ្យ​និស្សិត​ស្រី​ជាតិ និង​អន្តរជាតិ​អាច​នាំ​កូន ​ឬ​ស្វាមី​មក​ស្នាក់​នៅ​ជាមួយ​បាន អំឡុង​ពេល​សិក្សា ដោយ​ហេតុ​ផល​សំខាន់​មួយ។

ក្នុង​ចំណោម​គ្រឹះស្ថាន​អប់រំ​ជាច្រើន​ទៀត ​នៅ​ទីនេះ Valencia គឺ​ជា​​មហាវិទ្យាល័យ​សហគមន៍​មាន​ទីតាំង​នៅ​​ក្នុង​ទីក្រុង Orlando នៃ​រដ្ឋ Florida ដែល​បាន​ផ្ដោត​​​ការ​លើក​ទឹកចិត្ត​ និង​សម្រួល​ដល់​ស្ត្រី​ដើម្បី​បន្ត​ការ​រៀន​សូត្រ​រហូត​ដល់​​ឧត្ដម​សិក្សា។

លោកស្រី Talia Popovski នាយក​ផ្នែក​ជ្រើសរើស​និស្សិត​អន្តរជាតិ និង​ការ​ចូលរួម​ជា​សកល ​​នៃ​មហាវិទ្យាល័យ​សហគមន៍ ​Valencia បាន​ប្រាប់ Sabay ថា​ នេះ​ជា​ការ​ផ្ដល់​ឱកាស​ល្អ​មួយ ចៀសវាង​ឲ្យ​សិស្ស​ស្រី​ឆាប់​បោះបង់​ចោល​ការ​សិក្សា ព្រោះ​មូលហេតុ​បន្ទុក​នៅ​មើល​កូន​តូច​ៗ។

លោកស្រី Talia Popovski នាយក​ផ្នែក​ជ្រើសរើស​និស្សិត​អន្តរជាតិ និង​ការ​ចូលរួម​ជា​សកល ​​នៃ​មហាវិទ្យាល័យ​សហគមន៍ ​Valencia

មួយ​វិញទៀត មហាវិទ្យាល័យ​សហគមន៍ ​Valenciaចង់​ចូលរួម​​ដើរ​តួនាទី​ជួយ​ស្ត្រី ​ដែល​មាន​ឆន្ទៈ​បន្ត​ការ​សិក្សា​​នៅ​អាមេរិក បើ​ទោះ​ខ្លួន​មាន​ស្វាមី និង​កូន​ៗ​ក្ដី។ លោក​ស្រី​បន្ថែម​ថា វា​ជា​ការ​ដោះ​បន្ទុក​មួយ​យ៉ាង​សំខាន់ ដើម្បី​ឲ្យ​និស្សិត​ស្រី​ជា​ម្ដាយ​ដែល​ចង់​រៀន​សូត្រ មាន​អារម្មណ៍​មូល ផ្ដោត​លើ​ការ​សិក្សា​បាន​ល្អ និង​កាត់​បន្ថយ​​ការ​ចំណាយ​ពេល​វេលា​ទាក់ទង​គ្នា និង​ថវិកា​ធ្វើ​ដំណើរ​ទៅ​មក​ជា​ច្រើន ព្រោះ​មាន​កូន ឬ​ស្វាមី​នៅ​ជិត​ស្រាប់។

បើ​ទោះ​មិនទាន់​មាន​តួលេខ​ជាក់លាក់​ក៏​ពិតមែន ប៉ុន្តែ​លោកស្រី Talia Popovski បាន​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​និស្សិត​ស្រី​ចម្រុះ​ជាតិ​សាសន៍ ដែល​ក្នុង​នោះ​ភាគច្រើន និស្សិត​ស្រី​ជា​ជនជាតិ​អេស្ប៉ាញ កំពុង​ស្នាក់​នៅ និង​សិក្សា​នៅ​ទីនេះ ជាមួយ​កូន​តូច​ៗ ​របស់​ពួក​គេ។ ចំណែក​អ្នក​ខ្លះ​ទៀត ​ក៏​កំពុង​មាន​ផ្ទៃពោះ ​ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​សាលា​​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។

សូម​ជម្រាប​ថា មហាវិទ្យាល័យ​សហគមន៍ ​Valencia បាន​សហការ​ជាមួយ​ទារកដ្ឋាន​មួយ​ឯកជន​ និង​កន្លែង​ស្នាក់​ចំនួន​នៅ​ជុំវិញ​​សាលា ដើម្បី​​ទុក​ទីតាំង​ស្នាក់​នៅ​ក្នុង​តម្លៃ​ដ៏​សមរម្យ (សម្រាប់​ជីវភាព​អ្នក​រស់​នៅ​សហរដ្ឋ​អាមេរិក) ដែល​​មាន​តម្លៃ​ចន្លោះ​ពី ៩០០ ទៅ១០០០ដុល្លារ​ក្នុង​១​ខែ សម្រាប់​ការ​មើល​ថែ​ក្មេង​តូច​ម្នាក់។ និស្សិត​ស្រី​អន្តរជាតិ ដែល​មាន​បំណង​ចង់​មក​រៀន​នៅ​ទីនេះ​ជាមួយ​កូន​តូច ឬ​ស្វាមី បាន​តាម​មុខ​ជំនាញ​ដែល​ខ្លួន​ពេញ​ចិត្ត​ជា​ច្រើន ​តាម​រយៈ​អាហារូបករណ៍​ពេញលេញ ឬ​ពាក់​កណ្ដាល​បង់ថ្លៃ រួម​នឹង​ថ្នាក់​បង់​ថ្លៃ​ទូទៅ​ជាច្រើន​ទៀត។ ព័ត៌មាន​លម្អិត​សូម​ទាក់ទង​គេហទំព័រ៖ valenciacollege.edu or valenciacollege.edu/news

រាយការណ៍​ផ្ទាល់ពី​សហរដ្ឋអាមេរិកដោយ៖ ពៅ រក្សា អ្នកសារព័ត៌មាន Sabay

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម