​ឡៅ ចិត្រា ​​​រៀបរាប់​ពី​ការ​ចង​ចាំ​បំផុត​​​នៅ​សង្វៀន​ ONE ​​ប្រកួតដំបូងរបស់ខ្លួន​

  • 2019-04-04 04:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​លេង​គុន​ខ្មែរ​ ឡៅ ​ចិត្រា ​​បាន​បង្ហើប​​​អំពី​​ចំណុច​​ចង​ចាំ​​បំផុត​មិន​អាច​បំភ្លេច​បាន​ក្នុង​ការ​ប្រកួត​នៅ​សង្វៀន​ One Championship ​ពេល​​ចាញ់​ពិន្ទុ​​​​ជើង​ខ្លាំង​​ថៃ​ Superlek Kiatmoo9​ នៅ​​ប្រទេស​ថៃ​​កាល​ពាក់​កណ្ដាល​ខែ​ ​កុម្ភៈ​ កន្លង​ទៅ ​ហើយ​ សន្យា​ថា​​នឹង​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ចំពោះ​ការ​ប្រកួត​​​លើក​​ក្រោយ​ ​បើ​សិន​​​​ត្រូវ​ផ្គូផ្គង​ឲ្យ​​ឡើង​វ៉ៃ​​នៅ​សង្វៀន​ដដែល​នេះ។

ឡៅ ចិត្រា ពេល​ដើរ​ចូល​សង្វៀន

ស្ថិត​ក្នុង​វ័យ​១៩​ឆ្នាំ ឡៅ ចិត្រា ប្រាប់​ ៖​«ខ្ញុំ​តូច​ចិត្ត​ខ្លាំង​ណាស់​ដែល​វ៉ៃ​គេ​មិន​ត្រូវ​ គេ​រហ័ស​ពេក​មិន​នឹក​ស្មាន​ដល់​ ​ទោះ​ខ្ញុំ​បាន​ទស្សនា​វីដេអូ​​គេ​​​ជា​ច្រើន​ក៏​ដោយ។ ​គេ​មាន​បម្លាស់ទី​លឿន​ខ្លាំង​ណាស់។ ​ក្នុង​នោះ​​គេ​វ៉ៃ​សន្ធាប់​​​មក​លើ​យើង​តាំង​ពី​ដើម​ទឹក​​​មក​ ​មិន​ឲ្យ​​ខ្ញុំ​ដក​ឃ្លា​រួច​។ ​​ខ្ញុំ​​វិញ​ វ៉ៃ​ចេញ​ដៃ​ និង ​ជើង​​យឺត​ជាង​គេ​​ហើយ​ ​​មាន​ជំហរ​យឹត​​ជាង​ Superlek ​ទៀត​ផង»។   ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ក្លឹប​ ​ប្រដាល់​​​ឆត្រ​យោង​៩១១ ​បាន​​បញ្ជាក់​ទៀត​​ថា​ ​ការ​ប្រកួត​នៅ​សង្វៀន​កម្រិត​ពិភព​លោក​ខាង​លើ​ ប្លែក​​ខ្លាំង​​ទោះ​​​គេ​ធ្លាប់​ប្រកួត​​ក្នុង​ស្រុក​​ និង​ ​អន្តរជាតិ​ជា​ច្រើន​​​ដង​​ក្ដី។ ​​ការ​ប្រកួត​​ក្នុង​ក្របខ័ណ្ឌ​​អន្តរជាតិ​ One ​មាន​លក្ខណៈ​តឹងតែង​​ណាស់។​ ទោះ​ជា​​​ការ​ប្រកួត​លើ​ក​ដំបូង​នៅ ​​សង្វៀន One ប៉ុន្តែ ​ចិត្រា​ ​មិន​មាន​​បញ្ហា​ប្រឈម​ដូច​ជា​ការ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ ឬ ​បញ្ហា​ញុំា​ម្ហូប​អាហារ​នៅ​​​​ថៃ​នោះ​ឡើយ​ ព្រោះ​គេ​អះអាង​ថា ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​រស់​នៅ​ ​និង​ ​ហូប​ចុក​ដូច​នៅ​កម្ពុជា​​ដែរ។

ឡៅ ចិត្រា និង Superlek

បន្ទាប់​ពី​បរាជ័យ​​សឹង​មិន​​នឹក​ស្មាន​ដល់​ ​​ប្អូន​ប្រុស​បង្កើត​​របស់​ ឡៅ​ ​ស៊ីណាត់​ និង​ ឡៅ​ ចន្ទ្រា​ ​នឹង​ខំ​​ប្រឹង​ហ្វឹកហាត់​​ឲ្យ​ខ្លាំងក្លា​ថែម​ទៀត​ដើម្បី​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​​ចេញ​ទៅ​ប្រកួត​ជា​ថ្មី​​ក្នុង​កម្រិត​អន្តរជាតិ​ និង​ ​ព្យាយាម​ប៉ះ​ប៉ូវ​រាល់​ចំណុច​ខ្សោយ​ ដែល​បាន​​ទទួល​​ជា​មេរៀន​ពី​កីឡាករ​កំពូល​ថៃ Superlek។ ​​​ម្ចាស់​ខ្សែ​ក្រវាត់​​ទម្ងន់​ទម្ងន់​៦០​គីឡូក្រាម​នៅ​សង្វៀន​បាយ័ន​​ ប្ដេជ្ញា​​អភិវឌ្ឍ​​ខ្លួន​ហ្វឹកហាត់​ឲ្យ​​​​មាន​បម្លាស់ទី​​លឿន​ ​វ៉ៃ​ចេញ​លឿន​ និង​បង្កើន​ជំហរ​ឲ្យ​រឹងមាំ​ដើម្បី​ទប់ទល់​នឹង​គូ​បដិបក្ខ​អន្តរជាតិ​ខ្លាំង​ៗ​នៅ​ថ្ងៃ​អនាគត។ ​ យ៉ាង​ណា​ក្ដី​ ​​បន្ទាប់​ពី​រង​បរាជ័យ​នៅ​​​ប្រទេស​ថៃ​កាល​ខែ​ ​កុម្ភៈ ​​ប៉ុន្តែ​ ឡៅ ចិត្រា ​បាន​ស្ដារ​មុខ​​មាត់​​ឡើង​វិញ​​ដោយ​ឈ្នះ ​​ជើង​ខ្លាំង​ថៃ ​ម៉ៃ សុទ្ធ​ ​ដោយ​ពិន្ទុ​​​កាល​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​​ ​នៅ​សង្វៀន ស៊ីអិនស៊ី។​

​ក្រៅ​ពី​ការ​ហ្វឹកហាត់​នៅ​ក្លឹប​របស់​​ខ្លួន​ និង​ ខិតខំ​​ឥត​ឈប់​ឈរ​ដោយ​ខ្លួន​ឯង​ ​​​​អ្នក​លេង​គុន​ខ្មែរ​ដដែល​នេះ​​នឹង​ចូល​​ហ្វឹកហាត់​​ប្រដាល់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ជា​មួយ​ លោក​ គ្រូ​ ឡុង សាលវ័ន្ត និង អេ ភូថង ​ក្រោយ​ពេល​ចូល​ឆ្នាំ​​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​​ដើម្បី​ត្រៀម​ប្រកួត​​​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ តំណាង​​ឲ្យ​កម្ពុជា​ ​ដែល​រៀប​ចំ​​​នៅ​​ហ្វីលីពីន​ ​នា​ចុង​ឆ្នាំ​​ ២០១៩ ​នេះ។

បច្ចុប្បន្ន​​ ឡៅ ​ចិត្រា ​មាន​កំណត់​ត្រា​ប្រកួត​​៨៤​ លើក​ ដែល​ក្នុង​នោះ​ ឈ្នះ​​៧៦ ​ចាញ់​២ ​លើក​ និង​ស្មើ​​៦លើក៕​  

អត្ថបទ៖ ស៊ីធី