សូរ្យ អេនណា ចូល​រោង​ការ​ជាមួយ​កំលោះ ហូឡង់ ថ្ងៃ​នេះ​ហើយ

  • 2019-04-06 02:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​ម៉ូដែល "តារា​រះ​​ថ្មី​កម្ពុជា" កញ្ញា សូរ្យ អេនណា បាន​សម្រេច​ចិត្ត​រោង​ការ​បញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន​ហើយ​នៅ​ថ្ងៃ​នេះ ដោយ​នាង​បាន​រៀប​ការ​ជា​មួយ​​បុរស​សង្ហា​ម្នាក់​ជន​ជាតិ​ហូឡង់។

បុរស​ដែល មាន​សំណាង​មក​ឃុំ​គ្រង​ជីវិត​កញ្ញា សូរ្យ អេនណា មាន​ឈ្មោះ​ថា Maurice Boumen វ័យ​៣១​ឆ្នាំ ធ្វើ​ការ​ជា​អ្នក​គ្រប់​គ្រង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ នៅ​ទី​ក្រុង​ហុងកុង។ សូរ្យ អេនណា បាន​ប្រាប់​ថា ពួក​គេ ទើប​តែ​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​គ្នា​កាល​ជាង​១ឆ្នាំ ក្នុង​កម្មវិធី​ជប់លៀង​លា​គ្នា​របស់​មិត្តភ័ក្ដិ​នាង​ម្នាក់ ដែល​ជា​បវរកញ្ញា​ហ្វីលីពីន ហើយ​​ចាប់​តាំង​ពី​ពេល​នោះ​មក​​ក៏​មាន​ទំនាក់ទំនង​គ្នា​តែ​ម្ដង។

ក្រោយ​ពី​បាន​​សិក្សា​ចិត្ត​គ្នា​​ជាង​១ឆ្នាំ ឃើញ​ថា បុរស​នោះ​ចេះ ស្រលាញ់​គ្នា​ចុះ យោគយល់​​អធ្យាស្រ័យ​គ្នា និង​ការ​ផ្ដល់​តម្លៃ​ឲ្យ​គ្នា ហើយ​ឪពុក​ម្ដាយ​ទាំង​សង​ខាង ពេញ​ចិត្ត​ផង​នោះ នាង​ក៏​សម្រេច​ចិត្ត​រៀបការ​ជា​មួយ​គ្នា​តែ​ម្ដង​ទៅ។ តារា​ស្រី​រូប​នេះ​បាន​ថ្លែង​ថា ខ្លួន​​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​រក​ឃើញ​មនុស្ស​ប្រុស​ម្នាក់​ដែល ចេះ​ស្រលាញ់ និង​ផ្ដល់​តម្លៃ​ដល់​នាង និង​ក្រុម​គ្រួសារ​បែប​នេះ។

អាពាហ៍ពិពាហ៍​របស់​​ប្រធាន​ក្រុម​ម៉ូដែល​ល្បី​ឈ្មោះ​ខាង​លើ ធ្វើ​ឡើង​នៅ មណ្ឌល​អាពាហ៍ពិពាហ៍​កោះ​ពេជ្រ អាគារ G ដោយ​នៅ​ក្នុង​​នោះ នាង​បាន​អញ្ជើញ​​ភ្ញៀវ ជាង​៦០ តុ ក្នុង​នោះ មាន​អ្នក​សិល្បៈ​មួយ​ចំនួន​ធំ។ ក្រោយ​ពី​រៀប​ការ​រួច សូរ្យ អេណា នឹង​ចេញ​ទៅ​របស់​នៅ​ជា​មួយ​ស្វាមី​នាង នៅ​ទី​ក្រុង​ហុងកុង ហើយ​ក្រុម​ហ៊ុន​នាង​នៅ​ស្រុក​ខ្មែរ​នៅ តែ​ដំណើរ​ការ​ដដែល ដោយ​នាង​ត្រូវ​ហោះ​ទៅ​ហោះ​មក ដើម្បី​មើល​ការងារ​រកស៊ី​លើ​ក្រុម​ហ៊ុន​នាង៕

អត្ថបទ៖ ស៊ុន ហួត