មកស្ដាប់ សម្ដីរំជួលចិត្តពីជនរងគ្រោះដោយសារភ្លើងឆេះព្រៃមិនធ្លាប់មាននៅកូរ៉េខាងត្បូង
- 2019-04-07 02:35:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្ដាប់ សម្ដីរំជួលចិត្តពីជនរងគ្រោះដោយសារភ្លើងឆេះព្រៃមិនធ្លាប់មាននៅកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
ភ្លើងឆេះព្រៃដ៏អាក្រក់ និងមិនធ្លាប់មាន បានកើតឡើងក្នុងស្រុក Goseong ខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូងកាលពីរសៀលថ្ងៃសុក្រទី ៧ខែមេសាកន្លងទៅ។
ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ ត្រូវបានគេឃើញហោះហើរពេញមេឃ ខណៈដែលរថយន្ដពន្លត់អគ្គិភ័យជាច្រើនក៏ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីពន្លត់ឲ្យទាន់ពេលវេលា។ យោងតាមអ្នកបើកតាក់ស៊ីម្នាក់ឈ្មោះ Kim Young-joon ឲ្យដឹងថា "ស្រុក Goseong ធ្លាប់មានភ្លើងឆេះព្រៃខ្លាំងជារៀងរាល់និទាឃរដូវ ប៉ុន្តែខ្ញុំមិនដែលឃើញភ្លើងឆេះព្រៃណាខ្លាំងដូចលើកនេះទេ។ កាលពីមុន ភ្លើងឆេះតែតំបន់ភ្នំប៉ុណ្ណោះ ប៉ុន្តែលើកនេះវាបានរាលដាលមកដល់ផ្ទះរបស់ប្រជាពលរដ្ឋ។ មិត្តភក្ដិជិតស្និទ្ធរបស់ខ្ញុំ បានបាត់បង់ផ្ទះសម្បែងរបស់គេទាំងស្រុង ចំណែកម្នាក់ទៀតបាត់បង់ការងារ និងផ្ទះត្រឹមរយៈពេលមួយយប់ប៉ុណ្ណោះ។"
ចំណែកឯជនរងគ្រោះម្នាក់ទៀតដែលបានភៀសខ្លួនទៅកាន់ជម្រកបណ្ដោះអាសន្ន គឺលោកតា Kim Tae-gi វ័យ ៦៩ឆ្នាំ បានឲ្យដឹងដែរថា "ខ្ញុំបានបាត់បង់អ្វីគ្រប់យ៉ាង ហើយទទួលបានការផ្គត់ផ្ដង់បន្ដិចបន្ដួចប៉ុណ្ណោះ។ ខ្ញុំមិនដឹងថាពេលណាទើបអាចត្រឡប់ទៅផ្ទះវិញបាននោះទេ។" យោងតាមសេចក្ដីប្រកាសរបស់ក្រសួងឲ្យដឹងថា ភ្លើងឆេះព្រៃនេះ បានបង្ខំឲ្យមនុស្សជាង ៤ពាន់នាក់ភៀសខ្លួនដើម្បីសុវត្ថិភាព។ យ៉ាងណាមិញ មកទល់ពេលនេះ អគ្គិភ័យត្រូវបានពន្លត់ហើយខណៈដែលប្រជាជនភាគច្រើនបានត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ។
គួរឲ្យដឹងថា ភ្លើងឆេះព្រៃនេះ បានបំផ្លិចបំផ្លាញផ្ទះសម្បែង ១៣៥ខ្នង និងអគារជាង ១០០ខ្នងទៀត ជាមួយព្រៃឈើប្រមាណ ៥២៥ ហិចតា ចំណែកការជួយសងគ្រោះ ប្រើប្រាស់ឧទ្ធម្ភាគចក្រ ៦០គ្រឿង, យានយន្ដ ៣០០គ្រឿង និងអ្នកពន្លត់អគ្គិភ័យជាង ១៧ ០០០នាក់ផងដែរ៕