គាំទ្រ​ខ្លាំង! សម្តេច ស ខេង​ ស្នើឱ្យមាន​​បន្ទប់ពិសេសអប់រំថ្នាំញៀន​​​តាមសាលា​​ទូទាំង​ប្រទេស​

  • 2019-04-09 07:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​ក្រឡា ហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ក្រសួង​​មហាផ្ទៃ​បាន​ស្នើ​​ឱ្យ​មាន​បន្ទប់​ពិសេស​មួយ​នៅ​តាម​សាលា​​ទាំង​អស់​ទូទាំង​ប្រទេស ចាប់​ពី​ថ្នាក់​អនុវិទ្យាល័យ​រហូត​ដល់​មហាវិទ្យាល័យ​ ដើម្បី​អប់រំ​​ បង្ការ​ និង​ទប់​ស្កាត់​ថ្នាំ​ញៀន​។ ​ការ​លើក​ឡើង​របស់​សម្ដេច​យ៉ាង​ដូច្នេះ​ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ត្រី​មាសទី១ ឆ្នាំ២០១៩ នាព្រឹកថ្ងៃអង្គារទី០៩ ខែ​មេសា ឆ្នាំ២០១៩ នៅ​ទី​ស្តី​ការ​ក្រសួង​មហាផ្ទៃ។ យ៉ាងណាមិញ​សំណើ​នេះ​នឹង​ត្រូវ​ដាក់​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​សុំ​ការអនុញ្ញាត​ជាមុន​សិន មុន​នឹង​អនុវត្ត​។ 

  សម្តេច​ក្រឡាហោម បាន​បន្ថែម​ថា ​បន្ទប់​ពិសេស​នេះ​ក្រៅ​ពី​មាន​ការ​អប់រំ​ទាក់ទង​នឹង​អប់រំ បង្ការ ការ​ជួញដូរ​ថ្នាំ​ញៀន​ ក៏​មាន​បញ្ជ្រាប​ពី​ការ​ជួញ​ដូរ​មនុស្ស​ និង​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ដែរ។

​អញ្ចឹង​យើង​ស្នើ​ឱ្យ​មាន​ចាប់​ពី​អនុវិទ្យាល័យ​ រហូត​ដល់​មហាវិទ្យាល័យ​ ដើម្បី​អប់រំ​សុខភាព​ផង និង​ធនធាន​មនុស្ស​ ដើម្បី​សង្គម​យើង​ផង។ដូច្នេះ​​ស្ថាន​ការ​ដល់​កម្រិត​ហើយ​ ហើយ​ក្រុម​យុវជន​វ័យ​ ១៤ឆ្នាំ​ ដល់១៥ ឆ្នាំ​ ជា​វ័យ​កំពុង​រ៉េ បើ​មិន​អញ្ចឹង​នឹង​មាន​គ្រោះថ្នាក់”។

សម្ដេច​បាន​មានប្រសាសន៍​ទៀត​ថា ​ក្រុម​​ការងារ​ក្រសួង​មហាផ្ទៃ​នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​​ក្រសួង​អប់រំ​​លំអិត​ទាក់ទង​នឹង​បញ្ហា​នេះ មុន​នឹង​ដាក់​សំណើ​អនុញ្ញាត​​ទៅ​សម្ដេច​តេជោ សម្រេច​ចុង​ក្រោយ​។ បញ្ហា​គ្រឿងញៀន​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត ដែល​សមត្ថ​កិច្ច​ខិតខំ​យកចិត្តទុកដាក់​ទប់ស្កាត់​។ ប៉ុន្តែ​វា​មិន​អាច​បាន​មួយ​ភាគរយ​ឡើយ​។ នោះ​ក៏​ព្រោះតែ​ឈ្មួញ​ទុច្ចរិត មាន​ល្បិចកល​ខ្ពស់​។ បើ​តាម​សម្ដេច ស ខេង តំបន់​ដែល​ចែក​គ្រឿងញៀន​ខ្លាំង​នោះ គឺ​ចេញពី​តំបន់ត្រីកោណមាស ជាពិសេស​ពី​ច្រក​ប្រទេស​ឡាវ មក​កម្ពុជា។​  

ក្នុង​ឱកាស​សម្ពោធ​អាង​ហែល​ទឹក​​​នៅ​ដើម​សប្ដាហ៍​នេះ ​ក្នុង​ខេត្ត​បាត់​ដំបង​សម្ដេច​​ក្រឡាហោម​​បាន​មាន​ប្រសាសន៍​ថា  រយៈពេល​ជាង​ ២​ឆ្នាំនេះ សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​បាន​ជាង​៧០០​គីឡូក្រាម តាមរយៈ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់​រដ្ឋាភិបាល កាលពី​ឆ្នាំ​២០១៧​៕    

អត្ថបទ៖ សុផល