ទិដ្ឋភាព​ការ​រៀបចំ​សង្ក្រាន្ត​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ត្រៀម​ចូល​ឆ្នាំ​ថ្មី

  • 2019-04-09 07:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​មែន​ទែន​ហើយ ពោល​គឺ​​បាំង​តែប៉ុន្មាន​ថ្ងៃ​ទៀត​ទេ។ គ្រប់​ទី​កន្លែង ជា​ពិសេស​អាជ្ញាធរ​ខេត្ត​ជា​ច្រើន​ក្នុង​ប្រទេស​កំពុង​ញាប់​ដៃ​ញាប់​ជើង​រៀប​ចំ​តុបតែង​លម្អ និង​ចាត់ចែង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​សម្រាប់​ការ​អបអរ​​សង្ក្រាន្ត​ជាតិ​ខ្មែរ​​នេះ។ យើង​នឹង​មក​មើល​ទិដ្ឋភាព​ខ្លះៗ​នៃ​ការ​​រៀប​ចំ​សម្រាប់​ព្រឹត្តិការណ៍​សង្ក្រាន្ត​តាម​បណ្ដា​ខេត្ត​ចំនួន​៥​ដូ​ច​ខាង​ក្រោម៖

បាត់​ដំបង

ក្រៅ​ពី​មាន​សង្ក្រាន្ត​នៅ​តាម​វិទ្យាល័យ ស.ស.យ.ក ប្រចាំ​ខេត្ត​បាត់ដំបង​ក៏​បាន​រៀប​ចំ​កម្មវិធី​សង្ក្រាន្ត​បាត់ដំបង ​ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ​ថ្ងៃ​ទី១៣​ដល់​១៦ មេសា ខាង​មុខ​នេះ នៅ​វិទ្យាល័យ​នេតយ៉ង់ ជិត​រង្វង់​មូល​រូប​សំណាក​លោក​តា​ដំបង​គ្រញូង ។ តោះ​មក​មើល​ទិដ្ឋភាព​រៀប​ចំ​បណ្ដើរៗ​សិន៖

រូបភាព៖ Facebook សង្ក្រាន្ត បាត់ដំបង

សៀមរាប

​ឆ្នាំ​នេះ ទោះ​បី​មិន​មាន​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ក៏​រដ្ឋបាល​ខេត្ត​សៀមរាប​បាន​គិត​គូរ​រៀប​ចំ​​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​អញ្ជើញ​ទៅ​លេង​ខេត្ត​សៀមរាប​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​​យ៉ាង​ទាក់​ទាញ។ ព្រឹត្តិការណ៍​នេះ​មាន​ការ​​បង្ហាញ​ពី​ភាព​រុងរឿង​នៃ​វប្បធម៌ អរិយធម៌ ប្រពៃណី​ និង​សាសនា​ខ្មែរ​តាំង​ពី​សម័យ​បុរាណ​មក​ដល់​សព្វ​ថ្ងៃ​ និង​មាន​រៀបចំ​​ភូមិ​អាហារ​នៃ​ក្តី​ស្រឡាញ់ ​ការ​តាំង​បង្ហាញ​ពី​ការ​ត្បាញ​ក្រមា និង​ផលិតផល​ស្នាដៃ​ស្ត្រី​ខ្មែរ​ ដែល​កើត​ចេញ​ពី​កម្លាំង​ប្រាជ្ញា​របស់​បង​ប្អូន​ស្ត្រី​ខ្មែរ​យើង។

ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​នឹង​ធ្វើ​ឡើង​​នៅ ​ថ្ងៃ​ទី​១៤​ដល់​១៦​មេសា ២០១៩ នៅ​តំបន់​សួនច្បារ​ព្រះ​រាជ​ដំណាក់

រូបភាព៖ Facebook រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

ស្វាយរៀង

អ្នក​ស្វាយរៀង​ក៏​មិន​អត់​កម្មវិធី​ដែរ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​នេះ។ ស.ស.យ.ក ប្រចាំ​ខេត្ត​ស្វាយរៀង​ក៏​បាន​រៀប​ចំ​ពិធី​​សង្ក្រាន្ត​ស្វាយរៀង​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ "យើង​រួម​គ្នា​ដើម្បី​ខេត្ត​ស្វាយរៀង" ដែល​នឹង​ធ្វើ​ឡើង​នៅ ​ថ្ងៃ​ទី​១៤​ដល់​១៦​មេសា​ខាង​មុខ​នេះ នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ​ខេត្ត ​តែ​ម្ដង។

រូបភាព៖ Facebook ស្វាយរៀង សង្ក្រាន្ត

កំពត

ចំណែក​រដ្ឋបាល​ខេត្ត​កំពត​ក៏​មាន​កម្មវិធី​សង្ក្រាន្ត​កំពត​​ឱ្យ​ខុស​ពី​ខេត្ត​ទាំង​៣​ខាង​លើ​ដែរ។ ពេលវេលា​កាន់​តែ​ខិត​ចូល​ដល់ អាជ្ញាធរ​និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​បាន​បង្កើន​សកម្មភាព​ទាំង​ការ​រៀប​ចំ​តាម​ដង​ផ្លូវ និង​កម្មវិធី​ទាំង​មូល​ដើម្បី​ឱ្យ​ព្រឹត្តិការណ៍​មួយ​ឆ្នាំ​ម្ដង​នេះ​ប្រារព្ធ​ឡើង​ក្នុង​លក្ខណៈ​សប្បាយ​រីករាយ និង​សុខ​សុវត្ថិភាព។ សង្ក្រាន្ត​កំពត​នឹង​រៀប​ចំ​ឡើង​នៅ ​ថ្ងៃ​ទី​១៤​ដល់​១៦​ មេសា ២០១៩ នៅ​កីឡដ្ឋាន​ខេត្ត​កំពត

រូបភាព៖ Facebook Vuthea kampot

កំពង់​ស្ពឺ

ព្រឹត្តិការ​កំពង់​ស្ពឺ​សង្ក្រាន្ត​នឹង​រៀប​ចំ​ឡើង​រយៈ​ពេល​៣​ថ្ងៃ ពី​ថ្ងៃ​ទី​១៤​ដល់​១៦​ មេសា​ខាង​មុខ​នេះ​ នៅ​សួន​ច្បារ​សម្ដេច​​ព្រះ​សង្ឃរាជ​ ជួន ណាត​ ទី​រួម​ខេត្ត​កំពង់​ស្ពឺ​ ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។​សង្ក្រាន្ត​ឆ្នាំ​នេះ មាន​អ្វី​ដែល​ពិសេសៗ​ដូច​ជា ផ្លែ​ស្ពឺ​យក្ស ការ​រៀប​ចំ​តំបន់​ត្រជាក់ ការ​លេង​ល្បែង​ប្រជាប្រិយ និង​ការ​ប្រគំ​តន្ត្រី​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​បាន​កម្សាន្ត​សប្បាយ​ពេញ​៣​ថ្ងៃ​តែ​ម្ដង។

រូបភាព៖ Facebook យុវជន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ចុចអាន៖ ចូល​ឆ្នាំ​ថ្មី​ អពមង្គល ៣​យ៉ាង​ហាម​ធ្វើ​ដាច់​ខាត ​បើ​ចង់​​​ឲ្យ​មាស​ប្រាក់​ហូរ​ចូល​ពេញ​មួយ​ឆ្នាំ

អត្ថបទ៖ សរ សុគន្ធី