ក្ដៅ! ក្រសួង​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​សាសន៍ បទ"នឹក​ភូមិ​ភ្នំ​ធំ" ឲ្យ​ទៅ​ភរិយា កវី គង្គ ប៊ុន​ឈឿន

  • 2019-04-10 03:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ប៉ុន្មាន​នាទី​មុន​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង អំពី​ការ​សម្រេច​ប្រគល់​សិទ្ធិ គ្រប់គ្រង​មរតក​សាសន៍ បទ"នឹក​ភូមិ​ភ្នំ​ធំ" ឲ្យ​ទៅ​ភរិយា កវី គង្គ ប៊ុន​ឈឿន អ្នក​ស្រី គាត គឹមលន ហើយ។

សេចក្ដី​សម្រេច​នេះ បន្ទាប់​ពី​ក្រសួង បាន​ទទួល​សំណើ​ពី​ភរិយា​សព​កវី គង្គ ប៊ុន​ឈឿន សុំ​សិទ្ធិ​គ្រប់​គ្រង​មរតក​សាសន៍​នៃ​បទ​ចម្រៀង​ខាង​លើ ដែល​ច្រៀង​ដោយ​អ្នក​ស្រី រស់ សិរីសុទ្ធា ដោយ​សំអាង​ថា នោះ​គឺ​ជា​ស្នាដៃ​និពន្ធ​ទាំង​បទ​ភ្លេង និង​ទំនុក​ច្រៀង​របស់​ស្វាមី​អ្នក​ស្រី។ សំណើ​នេះ ក៏​ក្រោយ​ពី​មាន​រឿង​ប្រទាំង​ប្រទើស​លើ​បទ​ចម្រៀង​លើ បន្ទាប់​ពី​នាយ ចឺម បាន​យក​បទ​ភ្លេង​នៃ​បទ​ចម្រៀង មក​ដាក់​ក្នុង​បទ​ថ្មី​របស់​ខ្លួន​មាន​ចំណង​ជើង​ថា "អូន​ជា​អ្នក​មាន សម​នឹង​អ្នក​មាន​ដូច​គ្នា"។

មហាជន ក៏​បាន​ធ្វើ​ការ​រិះគន់​បទ​របស់ នាយចឺម ដោយ​សំអាង​ថា ទំនុក​ភ្លេង​នោះ គឺ​ជា​ទំនុក​ភ្លេង​ក្នុង​បទ "នឹក​ភូមិ​ភ្នំ​ធំ"។ ក្រោយ​ទទួល​បាន​សំណើ​ពី​ភាគី​គ្រួសារ សព​កវី គង្គ ប៊ុនឈឿន បាន​បើក​ការ​ស្រាវ​ជ្រាវ និង​បាន​រក​ឃើញ​ថា បទ "ថ្ងៃ​ដែល​អូន​ចុក​ឈាម" ឬ "នឹក​ភូមិ​ភ្នំ​ធំ" គឺ​ជា​ស្នាដៃ​និពន្ធ​ទាំង​ទំនុក​ច្រៀង និង​ទំនុក​ភ្លេង​របស់ លោក គង្គ ប៊ុនឈឿន ពិត​មែន។ ដូច្នេះ​ហើយ ក្រសួង​បាន​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់​គ្រង​មរតក​សាសន៍​បទ​ចម្រៀង​ខាង​លើ ទៅ​គ្រួសារ​សព​អ្នក​និពន្ធ។

យ៉ាង​ណា ក្រសួង​បើក​ចំហ​សម្រាប់​បណ្ដឹង​ជំទាស់​នានា ទៅ​នឹង​ការ​សម្រេច​ខាង​លើ​ក្នុង​រយៈ ១ខែ ប្រសិន​បើ​មាន។ តែ​បើ​ក្នុង​រយៈ​​ត្រូវ​កន្លង​ផុត ដោយ​មិន​មានបណ្ដឹង​ជំទាស់​នានា សេចក្ដី​សម្រេច​របស់​ក្រសួង នឹង​ចូល​ជា​ធរមាន៕​

បទ "ថ្ងៃ​ដែល​អូន​ចុកឈាម" ឬ "នឹក​ភូមិ​ភ្នំ​ធំ" ច្រៀង​ដោយ រស់ សិរីសុទ្ធា

អត្ថបទ៖ ទារិកា