សប្បាយ​ទៀត​ហើយ​អ្នក​នៅ​កូរ៉េ តារា​ល្បីៗ​ ត្រៀម​​ចូល​រួម​បំបែក​ឯកត្តកម្ម​​អ្នក​រាំ​ច្រើន​ជាង​គេ​លើ​ទឹក​ដី កូរ៉េ ​រក​មូលនិធិ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា

  • 2019-04-10 06:31:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី២០ ខែ មេសា ឆ្នាំ ២០១៩ ខាង​មុខ​​នេះ តារា​ចម្រៀង​ល្បី​នៅ​ប្រទេស​កម្ពុជា​ចំនួន​១០​រូប នឹង​ចេញ​ទៅ​ចូល​រួម​ការ​ប្រគំ​តន្ត្រី​សង្ក្រាន្ត​សប្បុរសធម៌​ដើម្បី​គន្ធបុប្ផា និង​បំបែក​កំណត់​ត្រា​ប្រចាំ​ឆ្នាំ មាន​អ្នក​ចូល​រួម​រាំ​ចង្វាក់ រាំវង់ មាន​វង់​ធំ​ជាង​គេ លើ​ពិភព​លោក ។

តារា​ចម្រៀង​ល្បី​​ៗ​ដែល​និង​ត្រូវ​ចូល​រួម​ការ​ប្រគំ​​តន្ត្រី​ខាង​លើ មាន​ដូច​ជា កញ្ញា ឡូរ៉ា ម៉ម លោក ខេម លោក វុទ្ធា កញ្ញា បាន ម៉ុន្នីល័ក្ខ លោក ចាន់ សម័យ កញ្ញ៉ា យូរី លោក Bmo លោកTampo ពិធីករ​កំពូល​កូ លោក ប៉ែន ចំរ៉ុង និង អ្នកនិពន្ធ យឹម តាស្រង់។

ទី​កន្លែង​នៃ​ការ​ការ​ប្រគំ​​តន្ត្រី​ និង​ត្រូវ​នៅ​ទីក្រុង​ប៊ូសាន សួន​ឧទ្យាន សាម​ណាក់ ក្បែរ​ស្ថានីយ​រថភ្លើង​សា​សាង ឬ​តាម​អាសយដ្ឋាន 부산 사상구 삼락동 29-51 ចាប់​ពី​ម៉ោង 4ល្ងាច​ដល់​ម៉ោង10 យប់។ សូម​បញ្ជាក់​​ផង​ដែរ​ថា ​ការ​ប្រគំ​តន្ត្រី​សង្ក្រាន្ត​សប្បុរសធម៌​ដើម្បី​គន្ធបុប្ផា នឹង​បំបែក​កំណត់​ត្រា​ប្រចាំ​ឆ្នាំ មាន​អ្នក​ចូល​រួម​រាំ​ចង្វាក់ រាំវង់ មាន​វង់​ធំ​ជាង​គេ លើ​ពិភព​លោក។ ព្រឹត្តិការណ៍​នោះ មិន​លក់​សំបុត្រ​ឡើយ គឺ​បង​ប្អូន​ពលករ​ខ្មែរ​អាច​ចូល​​រួម​ទស្សនា​ដោយ​សេរី។

យ៉ាង​ណា ធុង​សម្រាប់​ថវិកា​សប្បុរសធម៌ នឹង​ត្រូវ​ដាក់​ចូល​ក្នុង​ព្រឹត្តិការណ៍​ខាងលើ ដើម្បី​អង្គាស​បច្ច័យ​តាម​កម្លាំង​សន្ធា​រៀង​ៗ​ខ្លួន។ “យើង​អត់​លក់​សំបុត្រ​ទេ តែ​នឹង​មាន​ដាក់​ធុង​សម្រាប់​អង្គាស​បច្ច័យ សម្រាប់​ឲ្យ​បង​ប្អូន​ពលករ​ដែល​ចូល​រួម​សប្បាយ​ជាមួយ​កម្មវិធី គាត់​អាច​ចូល​រួម​តាម​សន្ធា​រៀង​ៗ​ខ្លួន”។ ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ឧបត្ថម្ភ​តារា​ទៅ​ចូល​រួម​ការ​ប្រគំ​តន្ត្រី​ខាង​លើ​បញ្ជាក់។

អតីត​ពលករ​នៅ​កូរ៉េ​រូប​នេះ បាន​បន្ថែម​ថា ថវិកា​ដែល​បាន​ពី​ការ​ចែក​រំលែក​របស់​បង​ប្អូន​ពលករ​នៅ​កូរ៉េ​ទាំង​ប៉ុន្មាន នឹង​ផ្ដល់​ជូន​ទៅ​មូលនិធិ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទាំង​អស់។ ដោយ​សារ​តែ​បែប​នេះ លោក​មាន​ការ​រំពឹង​ទុក ​ព្រឹត្តិការណ៍​ខាង​លើ និង​មាន​បងប្អូន​ខ្មែរ​ទៅ​ចូល​រួម​ទស្សនា​ច្រើន​ម៉ឺន​នាក់ ហើយ​អាច​ស្វែង​រក​មូលនិធិ​បាន​ច្រើន ដើម្បី​​​យក​មក​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដែល​កំពុង​ខ្វះ​ខាត ព្រម​ទាំង​បំបែក​កំណត់​ត្រា​​មាន​អ្នក​ចូល​រួម​រាំ​ចង្វាក់​រាំ​វង់​ច្រើន​ជាង​គេ​លើ​លោក​ផង។

ក្រៅ​ពី​នោះ​សកម្មភាព​​​​​​នៃ​ការ​រាំ​លេង របស់​បង​ប្អូន និង បន្សល់​នូវ​វីដេអូ MV ដ៏​អស្ចារ្យ ទុក​ជា​អនុស្សាវរីយ របស់​ខ្មែរ​លើ ទឹក​ដី កូរ៉េ ដែល​មិន​​ធ្លាប់​មាន​ថែម​ទៀត​ផង៕

អត្ថបទ៖ ទារិកា