ឡូយ​ណាស់! ក្រុម​បាល់​ទាត់​តារា​ល្បី​ខ្មែរ ទៅ​ប្រកួត​​ឈ្នះ​ ក្រុម​បាល់​ទាត់​តារា​ថៃ​ដល់​ក្នុង​ផ្ទះ

  • 2019-04-11 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ជោគជ័យ​បន្ត​បន្ទាប់​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ក្នុង​ស្រុក​លើ​ក្រប​ខណ្ឌ​កីឡា​បាល់​ទាត់​មិន​អាជីព​មិន​អស់​ចិត្ត ថ្មី​ៗ​នេះ ក្រុម​បាល់​ទាត់​តារា​ខ្មែរ​ដឹកនាំ​ដោយ ចាងហ្វាង​ផលិតកម្ម​មហាហង្ស អ៊ិន សុភិន បាន​ទៅ​ប្រកួត​ឈ្នះ​ក្រុម​បាល់​ទាត់​តារា​ថៃ​ដល់​ទឹក​ដី​ថៃ​បន្ថែម​ទៀត។

លោក អ៊ិន សុភិន បាន​បញ្ចេញ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​នា​រសៀល​ម្សិលមិញ បង្ហាញ​ពី​ជ័យជំនះ​យ៉ាង​កម្រ​ទៅ​ក្រុម​បាល់​ទាត់​តារា​ថៃ ក្នុង​លទ្ធផល ២ទល់១។ ជុំវិញ​ការ​ប្រកួត​នេះ ឪពុក​របស់ ភិន សុដាលីស បាន​បង្ហើប​មុន​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ថា ធ្វើ​ឡើង​ដើម្បី​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​ភាគី​ថៃ។ លោក​ថា ក្រុម​បាល់​ទាត់​តារា​ថៃ បាន​ស្នើ​សុំ​មក​ក្រុម​បឹង​កេត​អល​ស្តា ដើម្បី​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​នេះ។

តប​ទៅ​នឹង​ការ​ស្នើ​សុំ​ពី​ភាគ​ថៃ បឹង​កេត​អលស្ដា បាន​ឈាន​មក​សហការ​ជាមួយ​ក្រុម​បាល់​ទាត់​មហាហង្ស​របស់​លោក ក្រោយ​ក្រុម​បាល់​ទាត់​ដែល​ប្រមូល​ផ្ដុំ​តារា​ល្បី​ៗ​កម្ពុជា​មួយ​ចំនួន​នេះ បាន​សាង​ជោគជ័យ​បន្ត​បន្ទាប់​នា​រយៈ​កាល​ចុង​ក្រោយ​នេះ ​ក្នុង​ការ​ប្រកួត​មិត្តភាព​ក្រៅ​ក្រប​ខណ្ឌ​អាជីព។ ជា​លទ្ធផល បឹង​កេត​អល​ស្តា និង​ក្រុម​បាល់​ទាត់​មហាហង្ស​របស់​លោក អ៊ិន សុភិន បាន​រើស​យក​កីឡាករ​ល្អ​ៗ ៦នាក់​ក្នុង​១​ក្រុម ធ្វើ​ដំណើរ​ប្រកួត​ជាមួយ​ក្រុម​បាល់​ទាត់​ថៃ។

កីឡាករ​៦នាក់ ដែល​ជ្រើស​ចេញ​ពី​ក្រុម​បាល់​ទាត់​មហាហង្ស​នោះ សុទ្ធ​ជា​តារា​ល្បី​ៗ​របស់​កម្ពុជា​រួម​មាន តារា​ចម្រៀង ខេម គូម៉ា តារា​សម្ដែង ភឹម តារាវិបុល ប៉ែន តុលា និង​លោក សេង មង្គល ជា​ដើម។

វិល​មក​គោល​បំណង​នៃ​ការ​ប្រកួត​បាល់​ទាត់​លក្ខណៈ​មិត្ត​ភាព​រវាង​ក្រុម​តារា​កម្ពុជា និង​ក្រុម​បាល់​ទាត់​តារា​ថៃ​នេះ តាម​ចាងហ្វាង​ផលិតកម្ម និយម​ចូល​ចិត្ត​កីឡា​បាល់​ទាត់​នេះ គឺ​ដើម្បី​ស្វែង​រក​មូលនិធិ​ទុក​ជួយ​ដល់​ការងារ​សង្គម​ក្នុង​ប្រទេស​ថៃ ៥០% ហើយ ៥០% នៅ​សល់ គឺ​យក​មក​ប្រើ​ប្រាស់​ក្នុង​ការងារ​ដូច​គ្នា​ក្នុង​ប្រទេស​កម្ពុជា​វិញ។

ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​លើ​ទឹក​ដី​ថៃ នា​ថ្ងៃ​ម្សិលមិញ​នេះ ជា​លទ្ធផល គឺ​ក្រុម​បាល់​ទាត់​ទៅ​ពី​កម្ពុជា​បាន​យក​ឈ្នះ ក្រុម​បាល់​ទាត់​ប្រមូល​ផ្ដុំ​ដោយ​តារា​ថៃ ក្នុង​លទ្ធផល ២ ទល់ ១។ លោក អ៊ិន សុភិន បញ្ជាក់​ថា បន្ទាប់​ពី​ការ​ប្រកួត​នៅ​លើ​ទឹក​ដី​ថៃ​​បាន​បញ្ចប់ ក្រុម​បាល់​ទាត់​របស់​តារា​ថៃ នឹង​ធ្វើ​ដំណើរ​មក​ប្រកួត​លើ​ទឹក​ដី​កម្ពុជា​ម្ដង​វិញ ក្នុង​គោល​បំណង​ដើម្បី​សប្បុរសធម៌​ដូច​គ្នា​នៅ​ពេល​ខាង​មុខ។

យ៉ាង​នេះ​ក្ដី កាល​បរិច្ឆេទ​ពិត​ប្រាកដ​នៃ​ការ​ប្រកួត​សងសឹក​រវាង​ក្រុម​បាល់​ទាត់​ទាំង​ពីរ មិន​ទាន់​កំណត់​ច្បាស់​លាស់​នៅ​ឡើយ៕

រូបភាព៖ ហ្វេសប៊ុក​លោក អ៊ិន សុភិន

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម